ពលរដ្ឋដថៃកំពុងផុងក្នុងវិបត្តិបំណុល ខណៈវិបត្តិកូវីដ១៩បន្ថែមបន្ទុកកាន់តែធ្ងន់

ដោយៈ សុខុម

បាងកក: ស្ត្រីជាកសិករជនជាតិថៃម្នាក់ឈ្មោះ Jamras Kongchai និងប្រជាពលរដ្ឋថៃជាច្រើនទៀត កំពុងជួបការលំបាកយ៉ាងខ្លាំង នៅក្នុងសងបំណុលរបស់ខ្លួន ចំនួន១៦,០៨២ដុល្លារអាមេរិក ព្រោះប្រាក់ចំណូលបានមកពីការលក់ដំណាំ របស់អ្នកស្រីមិនគ្រប់នឹងបំណុលឡើយ។

ដោយសារតែសងបំណុលមិនគ្រប់ អ្នកស្រីបានចូលធ្វើការនៅក្រុមហ៊ុនសំណង់តូចមួយ ដើម្បីបានចំណូលបន្ថែមក្នុងមួយថ្ងៃ១០ដុល្លារ ប៉ុន្តែជាអកុសលការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុន ដែលអ្នកស្រីធ្វើការត្រូវបិទទ្វារទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែមុន ស្ត្រីមេមាយកូន២ វ័យ៥១ឆ្នាំរូបនេះ បានធ្វើដំណើរមកពីខេត្តភាគខាងជើងកំផែងផែត (Kamphaeng Phet) មកកាន់ក្រុងបាងកក ដើម្បីចូលរួមការតវ៉ាជាមួយក្រុមប្រជាកសិករធ្វើដំណាំស្រូវ ដែលជំពាក់បំណុលរុំកោះ ដោយស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយន្ទុកបំណុលរបស់ពួកគាត់។

អ្នកស្រីបាននិយាយយ៉ាងកម្សត់ថា “ខ្ញុំជំពាក់បំណុលវ័ណ្ដកហើយ មិនដឹងធ្វើបែបណាទេ”។

អ្នកស្រីនិយាយថា អ្នកស្រីសងបានតែការប្រាក់មួយចំនួនប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៣មក។ ហើយឆ្នាំនេះគាត់ត្រូវបង់ការប្រាក់១.២៨០ដុល្លារ ប៉ុន្តែអ្នកស្រីគ្មានលុយនោះទេ។ អ្នកស្រីថា “ខ្ញុំសង្ឃឹមថានឹងទទួលបានជំនួយខ្លះ”។

ការតវ៉ាបែបនេះបានដាក់សម្ពាធបន្ថែមទៀត ទៅលើរដ្ឋាភិបាលថៃ ដែលកំពុងខ្នះ​ខ្នែងទប់ទល់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងដែលកំពុងប្រឹងប្រែងស្តារសេដ្ឋកិច្ច ពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ១៩។

គ្រួសារពលរដ្ឋថៃ ស្ថិតក្នុងចំណោមអ្នកជាប់បំណុលច្រើនបំផុតនៅអាស៊ី ដែលមានបំណុល៤៤៧ពាន់លានដុល្លារអាមេរិក ស្មើនឹង៨៩,៣%នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមខែធ្នូ ឆ្នាំ២០២០។ តួលេខនេះ បានកើនឡើងខ្លាំងបើធៀបនឹង៧៨,១%ក្នុងឆ្នាំ២០១៧។ ពួកគាត់កំពុងតែជួបការលំបាកកាន់តែខ្លាំងនៅក្នុងការសង។

កម្រិតបំណុលគ្រួសារពលរដ្ឋថៃ គឺខ្ពស់បំផុត ចាប់តាំងពីធនាគារកណ្តាលប្រទេសនេះ បានចាប់ផ្តើមកត់ត្រាក្នុងឆ្នាំ២០០៣មក។

បំណុលខ្ពស់ក៏បង្កជាហានិភ័យ ដល់ស្ថិរភាពហិរញ្ញវត្ថុផងដែរ ហើយរារាំងការចំណាយរបស់អ្នកប្រើប្រាស់ នៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ ដោយរារាំងការងើបឡើងពីវិបត្តិកូវីដ-១៩។

នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមួយនេះ បានដាំក្បាលចុះខ្លាំងបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ នៅពេលការនាំចេញបានធ្លាក់ចុះ ហើយវិស័យទេសចរណ៍ដែលជាវិស័យដ៏សំខាន់របស់ថៃ បានបាត់ភ្ញៀវទេសចរបរទេសអស់ ដោយសារការបិទព្រំដែន និងជើងហោះហើរដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ធនាគារកណ្តាលរបស់ថៃ បាននិយាយកាលពីខែមុនថា ការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ១៩ រលកថ្មីបានបន្ថែមសម្ពាធលើអាជីវកម្ម និងគ្រួសារមួយចំនួនកាន់តែធ្ងន់ ដោ​យធនាគារនេះ កាត់បន្ថយទស្សនវិស័យកំណើន GDP សម្រាប់ឆ្នាំ២០២១ ពី៣,២% មកនៅត្រឹម៣% ហើយគូសបញ្ជាក់ថា ទម្រាំតែសេដ្ឋកិច្ចថៃ អាចវិលទៅរកកម្រិតមុនពេលឆ្លងរាតត្បាតវីរុសកូវីដ១៩វិញ យ៉ាងហោចណាស់ក៏នៅពាក់កណ្តាលឆ្នាំ២០២២ដែរ។

លោក Yunyong Thaicharoen អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារពាណិជ្ជសៀម Siam Commercial Bank បានលើកឡើងថា “សូម្បីនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក៏បំណុលរបស់យើងគិតជាGDP បានឡើងខ្ពស់បំផុតរួចទៅហើយ ក្នុងចំណោមទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង (emerging market)”។

លោកបានលើកឡើងទៀតថា “វាលើសពីកម្រិតមួយ ដែលជះផលប៉ះពាល់ខ្លាំងទៅលើGDP និងការចំណាយគ្រួសារ” ហើយថាអនុបាតបំណុលអាចឡើងដល់៩០% ទៅ៩១% នៃ GDP ក្នុងត្រីមាសទី១ដើមឆ្នាំនេះ”។

រដ្ឋាភិបាលថៃបានសន្យាផ្តល់ជំនួយសង្គ្រោះ៣២ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ នៃការផ្ទុះវិបត្តិកូវីដ-១៩ ប៉ុន្តែពលរដ្ឋខ្លះត្អូញត្អែរថា ជំនួយធ្លាក់ដល់ដៃពល​រដ្ឋថៃយឺតយ៉ាវណាស់។ តួយ៉ាងកាលពីឆ្នាំមុន ស្ត្រីម្នាក់បានយកថ្នាំកណ្តុរគំរាមផឹកសម្លាប់ខ្លួននៅខាងក្រៅក្រសួងហិរញ្ញវត្ថុ នៅក្នុងការតវ៉ាប្រឆាំងនឹងការឆ្លើយតបយឺតយ៉ាវនេះ។

ជាសំណាងល្អ ស្ត្រីរូបនោះមិនបានបាត់បង់ជីវិតនោះទេ ហើយរដ្ឋអំណាចបានសន្យាថា នឹងបើកលុយជំនួយនោះឱ្យគាត់នៅប៉ុន្មានថ្ងៃក្រោយ៕ ប្រភពៈ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here