ដោយៈ សាវុធ
ភ្នំពេញៈ កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ/លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណាល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ (Fear) ហើយនិងភាពលោភលន់ (Greed)។
ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លើស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ។ ការដណ្តើមគ្នាលក់ចេញនេះ វាអាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។
ផ្ទុយមកវិញ ព័ត៌មានល្អៗអំពីក្រុមហ៊ុនមួយ ឬទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ។
ការដណ្តើមគ្នាទិញ/លក់ បូករួមនឹងចលនាកេងរកប្រាក់ចំណេញ នៅលើទីផ្សារ (speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា (intrinsic value)។
វិនិយោគិន តែងគិតពិចារណាទៅលើគុណភាពរបស់ក្រុមហ៊ុន(តិចឬច្រើន) ប៉ុន្តែក៏តែងមានចិត្តមិនស្ងប់ នៅពេលមានព្រឹត្តិការណ៍សំខាន់(ល្អឬមិនល្អ)កើតឡើងដែរ៕