រយៈពេល២៧ឆ្នាំ កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍សរុបជាង១៥ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី៣១ មីនា ២០២១បានឱ្យដឹងថា បើគិតចាប់ពីឆ្នាំ ១៩៩៣ ដល់ដំណាច់ឆ្នាំ ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍ នានាសរុបចំនួន១៥,០៤ពាន់លានដុល្លារអាមេរិក ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគ្របដណ្ដប់ប្រមាណ៨៤ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ១៦ភាគរយ។

យោងតាមយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់កម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កម្ពុជាក៏បានទូទាត់សេវាបំណូលជូនដៃគូអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២០កន្លងទៅថ្វីត្បិតតែកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច តែក៏បានទូទាត់បំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួនជាង ៣៦០លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌបំណុលសាធារណក្នុងប្រទេសចំនួន១,៦១លានដុល្លារអាមេរិក ទាំងដើមទាំងការ និងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសចំនួន៣៥៨,៦៨លានដុល្លារអាមេរិក ។

បើគិតតាំងពី១៩៩៣ រហូតដល់២០២០ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុប ចំនួន២,១១ពាន់លានដុល្លារអាមេរិករួចហើយដែរ ដែលក្នុងនោះបំណុលក្នុងស្រុកមាន២៣,៤៦លានដុល្លារ បំណូលក្រៅប្រទេស ២,០៩ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឆ្នាំ២០២០កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូ អភិវឌ្ឍន៍ចំនួន២,០២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ឬ១,៤ពាន់លានអេសដេអ៊ែរ ស្មើនឹងប្រមាណ៧៤ភាគរយ នៃពិដានដែលច្បាប់អនុញ្ញាតិ ( ១,៩ពាន់លានអេសដេអ៊ែរ ដោយ១,៤ពាន់លានអេសដេអ៊ែរ អនុញ្ញាតដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ និង៥០០លានអេសដេអ៊ែរបន្ថែម ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រង់គ្រងឆ្នាំ ២០២១ ) ។

ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ៥៥ភាគរយ ត្រូវ១,១១ពាន់លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគី មានចំនួនប្រមាណ៤៥ភាគរយ ត្រូវនឹង៩១៤,២១លានដុល្លារអាមេរិក ។

ក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាបញ្ជាក់ថា គៅលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ហិរញ្ញប្បទាន លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ដោយក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គ្របបណ្ដប់៦៤% និងវិស័យអាទិភាពផ្សេងទៀត៣៦% ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here