ប្រធានABCអះអាងថា ការរៀបចំឥណទានឡើងនៅឆ្នាំនេះអាចនឹងច្រើនជាងឆ្នាំមុន

          ដោយៈលក្ខិណា

ភ្នំពេញៈ ប្រធានសមាគមធនាគារកម្ពុជា(CBC) លោកបណ្ឌិតអ៊ិន ចាន់នីបានថ្លែងថា ការស្នើសុំរៀបចំឥណទានឡើងវិញ អាចនឹងមានចំនួនច្រើនជាងកាលពីឆ្នាំ២០២០ ដោយសា​រតែផលប៉ះពាល់ពីវិបត្តិកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានទ្រង់ទ្រាយធំ ជាងមុនឆ្នាំ២០២០។

ហេតុនេះការរៀបចំទំហំឥណទានឡើងវិញ គ្រាន់តែធនាគារអេស៊ីលីដាមួយមានទំហំជាង១៥០លានដុល្លាអាមេរិកទៅហើយ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។ វិបត្តិហិរញ្ញវត្ថុបានចាប់ផ្ដើមកើតឡើងចាប់តាំងពីដើមឆ្នាំ ២០២០មកម្ល៉េះ ពោលគឺចាប់តាំងពីមានការរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យពលរដ្ឋកម្ពុជាជាច្រើននាក់បានបាត់បង់ប្រាក់ចំណូល។

លោកបណ្ឌិតអ៊ិន ចាន់នីបានបន្តថា ទន្ទឹមនឹងនេះដែរ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវសារាចរណ៍ណែនាំដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា រៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលមានផលប៉ះពាល់កូវីដ១៩ ហើយជាលទ្ធផលធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងដល់អតិថិជនរាប់សិបម៉ឺននាក់ គិតជាប្រាក់រាប់ពាន់ដុល្លារអាមេរិកផងដែរ ។

ប្រធានសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា សម្រាប់អតិថិជនរបស់ធនាគារទាំងអស់ ដែលទទួលរងផលប៉ះពាល់ពីកូវីដ១៩ គឺអាចដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញព្រោះ សារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តាំងពីអំឡុងខែមីនា ២០២០មកនៅតែមានសុពលភាព ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា  “ការរៀបចំឥណទានឡើងវិញ នឹងជួយសម្រួលដល់អតិថិជន អាជីវ​ករដែលបាត់បង់ចំណូល មិនមានលទ្ធភាពក្នុងការសងត្រលប់ទៅកាន់ធនាគារវិញបាន”។

លោកបណ្ឌិតបន្ថែមថា អតិថិជនដែលឆ្លងកូវីដ១៩ក្ដី ឬអតិថិជនដែលមិនឆ្លងកូវីដ១៩ក្ដី តែមានផលប៉ះពាល់ពីកូវីដ១៩ ក៏អាចទទួលបានការរៀបចំឥណទានបានដូចគ្នា ព្រោះ សារាចរណ៍ណែនាំនេះផ្ដល់ជូនដល់អ្នកដែលប៉ះពាល់ពីវិបត្តិកូវីដ១៩។

ប្រធានសមាគមធនាគារនៅកម្ពុជារូបនេះបញ្ជាក់ថា ការអនុគ្រោះអតិថិជន នៅក្នុងវិបត្តិនេះ មិនទាន់យុទ្ធសាស្ត្រ ឬផែនការអ្វីថ្មីទេ យើងនៅតែបន្តអនុវត្តន៍តាមធនាគារជាតិដាក់ជូនដដែល ហើយក៏មិនមានធនាគារណាអនុវត្តន៍ផ្ទុយដែរមកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here