ចំណេះដឹងអចលនទ្រព្យៈមុនសម្រេចចិត្តទិញលំនៅឋានត្រូវគិតលើអ្វីខ្លះ?

ដោយៈលក្ខិណា

ភ្នំពេញៈ បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ឋាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ កាន់តែមានច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្នកស្វែងរកទិញលំនៅឋានក៏មានច្រើនដែរ ជាពិសេសគូរស្វាមីភរិយាទើបរៀបការថ្មីថ្មោង តែពលរដ្ឋមួយចំនួនក៏ពិបាកក្នុងការសម្រេចចិត្តទិញលំនៅឋានភ្លាមៗ ។

ហេតុនេះ តើមុនពេលសម្រេចចិត្តទិញលំនៅឋានត្រូវគិតលើកត្តាអ្វីខ្លះ ? ជាការកត់សម្គាល់គេមើលឃើញថា ពលរដ្ឋមួយចំនួនទិញផ្ទះ ហើយសមប្រកប និងរស់នៅសុខសានមិនមានបញ្ហាអ្វីរំខាន តែមានពលរដ្ឋជាច្រើនដែលទិញផ្ទះហើយ បែរជាខកចិត្តជាមួយកត្តាជាច្រើន ដែលនាំឱ្យពួកគេសម្រេចលក់ផ្ទះនោះចេញ ហើយទៅរកផ្ទះថ្មីតំបន់ផ្សេងវិញ។

មុននឹងសម្រេចចិត្តយើងត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការរបស់ខ្លួនជាមុនសិន ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ទិញដើម្បីអ្វី

មុនសម្រេចចិត្តទិញផ្ទះត្រូវគិតសិនថា យើងទិញផ្ទះនោះហើយដើម្បីធ្វើអ្វី ដើម្បីតែស្នាក់នៅ ឬដើម្បីអាជីវកម្មឬក៏ដើម្បីវិនិយោគ ។ បើសិនជាយើងទិញដើម្បីតែស្នាក់នៅទេ យើងមិនគួរជ្រើសរើសពីសក្ដានុពលនោះទេ តែបើសិនជាយើងទិញដើម្បីធ្វើអាជីវកម្ម យើងត្រូវពិនិត្យមើលពីសក្ដានុពលតំបន់នោះ ថាតើគួរបង្កើតអាជីវកម្មអ្វី មានសក្ដានុពលសម្រាប់អាជីវកម្មនោះដែរឬអត់។

២.សិក្សាទៅលើគុណភាពសំណង់

កត្តានៃគុណភាពសំណង់ ពិតជាសំខាន់សម្រាប់អ្នកទិញផ្ទះ ដោយមិនចង់ទិញហើយត្រូវប្រេះ ជញ្ជាំង ជ្រាបទឹក ឬធ្លុះធ្លាយត្រង់ចំណុចណាមួយនោះទេ។

៣. ហេដ្ឋារចនាសម្ព័ន្ធ

ហេដ្ឋារចនាសម្ព័ន្ធ ដូចជាទឹក ភ្លើង និងផ្លូវចូលទៅតំបន់ផ្ទះយើងរស់នៅក៏ត្រូវពិនិ  ត្យមើលដែរ។ អ្នកខ្លះលក់ផ្ទះចេញវិញ ដោយសារតែអត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាក់ស្ដែងនៅរដូវក្ដៅនេះជាដើម ពលរដ្ឋរស់នៅក្នុងបុរីជាច្រើន នៅប៉ែកខាងលិចរាជធានីភ្នំពេញបានជួបប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ ហើយព្រឹកឡើងត្រូវងើបដឹកទឹកមកប្រើប្រាស់ ឬទិញទឹកពីអ្នកដឹកទឹកដើរលក់នៅពេលព្រឹកៗ ដែលមើលទៅវាមិនសមនឹងពាក្យថារស់នៅក្នុងបុរីតែដឹកទឹកអណ្ដូងមកប្រើ ឬរស់នៅក្នុងផ្ទះល្វែង តែទិញទឹកប្រើនៅតំបន់ជនបទដាច់ស្រយ៉ាលជាដើម។

៤. តម្លៃលំនៅឋាន

ការសិក្សាពីតម្លៃលំនៅឋានមុន នឹងសម្រេចចិត្តទិញក៏ជាកត្តាសំខាន់ដែរ ព្រោះ បច្ចុប្បន្ននេះមានពលរដ្ឋជាច្រើន បានទិញលំនៅឋានដោយបង់រំលស់ ដូច្នេះយើងត្រូវសិក្សាសិនថាតើការបង់រំលស់ប្រចាំខែ និងប្រាក់ចំណូលប្រចាំខែរបស់យើង វាអាចទប់​ទល់គ្នាបានទេ។

អ្នកជំនាញអចលនទ្រព្យបានផ្ដល់ជាយោបល់ថា មិនគួរទិញលំនៅឋានបង់រំលស់ប្រចាំខែលើសពី៣០ភាគរយ នៃប្រាក់ចំណូលនោះទេ។ ឧទាហរណ៍ថា  យើងរកចំណូលបានត្រឹម១០០០ដុល្លារ យើងមិនគួរទិញផ្ទះបង់រំលស់ ឱ្យពី៣០០ដុល្លារអាមេរិកក្នុងមួយខែនោះទេ។ ដោយសារតែមិនមានការគិតគូ ពីហិរញ្ញវត្ថុច្បាស់លាស់បែបនេះ មានអ្នកទិញផ្ទះបង់រំលស់ជាច្រើន បានជួបបញ្ហាហិរញ្ញវត្ថុ ហើយក៏លក់ផ្ទះនោះទៅម្ចាស់បុរីវិញ ក្នុងតម្លៃពាក់កណ្ដាលប្រាក់ដែលបានបង់។

កត្តាចុងក្រោយមួយទៀត មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ គឺត្រូវដឹងជាមុនថាតើអ្នកណាជាម្ចាស់បុរី ជៀសវាងម្ចាស់បុរីយកប្លង់ដី សង់លំនៅឋានទៅដាក់នៅធនាគារយកលុយមកសង់ហើយ ប្រមូលប្រាក់ប្រចាំខែពីអតិថិជន ទៅបង់ឱ្យធនាគារប្រចាំខែដូច្នេះ ព្រោះកត្តានេះ ក៏បានកើតឡើងក្នុងប្រទេសកម្ពុជាកន្លងរួចទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here