មហាយក្សចិន និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងវិនិយោគក្នុងទំហំ៤០០ពាន់លានដុល្លារដើម្បីបន្សាបឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់?

ដោយៈសុខុម

តេហេរ៉ង់:  ប្រទេសអ៊ីរ៉ង់ និងមហាយក្សចិនបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច អំឡុងពេលរដ្ឋាភិបាលក្រុងតេហេរ៉ង់ កំពុងរងទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែតរបស់អ៊ីស្រាអែល The Times of Israel ចុះផ្សាយក្នុងថ្ងៃដដែលដោយដកស្រង់ប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។

កិច្ចព្រមព្រៀងនេះដែលមានឈ្មោះថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” (Comprehensive Strategic Partnership) នេះគ្របដណ្តប់លើសកម្មភាពសេដ្ឋកិច្ចជាច្រើនរាប់ចាប់ពីប្រេង រ៉ែ រហូតដល់ការលើកកម្ពស់សកម្មភាពឧស្សាហកម្ម ក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានទម្លាយឱ្យដឹងនោះទេ នៅពេលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) ចូលរួមក្នុងពិធីចុះហត្ថលេខាជាផ្លូវការនេះ។

កាសែតសហរដ្ឋអាមេរិក The New York Times  បានចុះផ្សាយថា មហាយក្សចិន នឹងវិនិយោគក្នុងទំហំទឹកប្រាក់ រហូតដល់ប្រមាណ៤០០ពាន់លានដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់ ជាថ្នូរដោះដូរប្រេងដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងខ្នាតយក្សនេះ។ ប្រទេសទាំងពីរក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា តាមរយៈសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ការសិក្សាស្រាវជ្រាវ និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ផងដែរ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសអ៊ីរ៉ង់ ហើយក៏ស្ថិតក្នុងចំណោមឈ្មួញទិញប្រេងធំៗបំផុតរបស់អ៊ីរ៉ង់ផងដែរ នៅមុនពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មជាឯកតោភាគី (តែភាគីម្ខាង) ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានបោះបង់កិច្ចចោលព្រមព្រៀងនុយក្លេអ៊ែរ ពហុភាគីជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះអាចបន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ នៅមុនការចរចាណាមួយក្នុងពេលអនាគត ហើយក៏បន្សាបឥទ្ធិពលរបស់សហរដ្ឋងាមេរិក នៅតំបន់មជ្ឈិមបូព៌ាផងដែរ​។ ទៅជាយ៉ាងណា ការបន្តដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ អាចរារាំង ពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ទោះបីជាមានកិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះក្ដី។

ប្រទេសអ៊ីរ៉ង់ ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាដោយផ្ទាល់រវាងប្រទេសអ៊ីស្រាអែល និងពួកប៉ាឡេស្ទីនផងដែរ ហើយនេះសរបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាចនឹងធ្លាក់ចុះ។

លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា កិច្ចព្រមព្រៀងនេះត្រូវបានប្រធានាធិបតីចិន លោកស៊ី ជីនភីង ស្នើឡើងជាលើកដំបូងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ក្រុងតេហេរ៉ង់ នៅខែមករា ឆ្នាំ២០១៦។

អ្នកនាំពាក្យដដែលបានបន្ថែមថា “យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះអាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការរឹតបន្តឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ”។

លោក ស៊ី ជីនភីង និងសមភាគីអ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី (Hassan Rouhani) បានព្រមព្រៀងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ “ការវិនិយោគទៅវិញទៅមក ក្នុងវិស័យដឹកជញ្ជូន កំពង់ផែ ថាមពល ឧស្សាហកម្ម និងសេវាកម្ម”។

លោក អាយ៉ាតូឡាស អាលី ខាម៉េណី (Ayatollah Ali Khamenei) មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងនៅពេលនោះថា “រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ កំពុងព្យាយាមពង្រីកទំនាក់ទំនង ជាមួយបណ្តាប្រទេសឯករាជ្យ ដែលគួរឱ្យទុកចិត្តបានដូចជាប្រទេសចិនជាដើម”។ លោកគូសបញ្ជាក់ថា “សំណើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ “មានភាពត្រឹមត្រូវ និងសមហេតុផល”។

លោកស៊ី ជីនភីង បានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” (One Belt, One Road) នេះជាផែនការមួយ ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅក្រៅប្រទេស។

កិច្ចព្រមព្រៀងជាមួយមហាយក្សចិន គឺជាលើកទី១ហើយដែលប្រទេសអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងរយៈពេលដ៏វែងបែបនេះ ជាប្រទេសមហាអំណាចពិភពលោក។ នៅឆ្នាំ២០០១ ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ១០ឆ្នាំ ជាពិសេសក្នុងវិស័យនុយក្លេអ៊ែរ ដែលត្រូវបានបន្តម្ដងរយៈពេល៥ឆ្នាំរហូតដល់សរុប២០ឆ្នាំ។

យោងតាមសារព័ត៌មានចុះផ្សាយឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងប្រទេសចិន បានធ្វើពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់២០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតួលេខនេះបង្ហាញពីការធ្លាក់ចុះច្រើន បើធៀបទៅនឹងចំនួនជិត៥២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ ដោយសារតម្លៃប្រេងដាំក្បាលចុះ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយបណ្ដាប្រទេសមហាអំណាចពិភពលោក។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មានបំណងចរចាដាក់លក្ខខណ្ឌតឹងរ៉ឹងជាងមុនសម្រាប់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ រួមទាំងការកំណត់ការផលិតកាំជ្រួចមីស៊ីល និងសកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់ផងដែរ។ ប្រទេសអ៊ីរ៉ង់ បានច្រានចោលការចរចាបែបនេះ ហើយទាមទារឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មចេញវិញសិន មុននឹងខ្លួនអាចត្រលប់ទៅគោរពតាមកិច្ចព្រមព្រៀងចាស់វិញ។

មន្ត្រីសហរដ្ឋអាមេរិក មួយរូបបានលើកឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែបន្ទន់ជំហររបស់ខ្លួន នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលក្រុងតេអេរ៉ង់ ហើយថា “អ្នកណាទៅមុន មិនសំខាន់នោះទេ”។

ក្រុមមន្រ្តីអ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ ផងដែរបានសម្តែងការជំទាស់ នឹងរដ្ឋការរបស់លោកចូ បៃឌិន ដែលមានបំណងចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងនេះឡើងវិញ ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងហ្សេរូសាឡឹម និងរដ្ឋាភិបាលវ៉ាស៊ីនតោន ខ្វែងគំនិតគ្នាលើបញ្ហានេះ។

ក្រុមមន្ត្រីអ៊ីស្រាអែល នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានព្រមានចាត់វិធានការដោយប្រើកម្លាំងយោធា ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

ទោះជាយ៉ាងណា ក្រុមមន្រ្តីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្រុមចម្រុះមួយ សម្រាប់ការចែករំលែកព័ត៌មានស៊ើបការណ៍សង្ងាត់ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អំឡុងពេលនៃការពិភាក្សាជាយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here