ប្រទេសស្រីលង្ការទើបទទួលបានកម្ចីចំនួន១៥00លានដុល្លារពីមហាយក្សចិន

ដោយៈសុខុម

កូឡំបួ: ធនាគារកណ្តាលរបស់ប្រទេសស្រីលង្ការ បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី២៣ មីនា ថា ខ្លួន និងមហាយក្សចិន បានចុះកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណចំនួន ១,៥ ពាន់លានដុល្លារ ខណៈប្រទេសដែនកោះមួយនេះ កំពុងជួបវិបត្តិប្តូរប្រាក់បរទេស និងវិបត្តិសងបំណុលធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតឥណ្ឌូនេស៊ី The Jakarta Post។

រដ្ឋាភិបាលទីក្រុងកូឡំបូ បានចរចាជាច្រើនខែមកហើយ ដើម្បីទទួលបានកម្ចីពីប្រទេសចិន ដែលជាប្រភពនាំចូលធំបំផុតតែមួយគត់របស់ខ្លួន នៅពេលទុនបម្រុងរូបិយប័ណ្ណបរទេស (Foreign Reserves) ក្នុងប្រទេសនេះបានដាំក្បាលចុះខ្លាំង អំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ឥទ្ធិពលរបស់មហាយក្សចិន ក្នុងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ បានរីកកាន់​តែធំឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈប្រាក់កម្ចី និងគម្រោងនានាក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” (One Belt One Road) ដែលជាគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ ដ៏ធំមហិមារបស់មហាយក្សចិន បណ្ដាលឱ្យប្រទេសមហាអំណាចក្នុងតំបន់ និងប្រទេសមហាអំណាច លោកខាងលិចព្រួយបារម្ភកាន់តែខ្លាំងឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលស្រីលង្ការបានឲ្យដឹងថា កិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណ១០ ពាន់លានយ័ន(១,៥ ពាន់លានដុល្លារអាមេរិក)  សម្រាប់រយៈពេល៣ឆ្នាំ ជាមួយធនាគារប្រជាជនចិន (People’s Bank of China) នេះធ្វើឡើង “ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគផ្ទាល់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ”។

 

ក្រុមមន្រ្តីនិយាយថា ប្រទេសស្រីលង្ការ ក៏កំពុងចរចាខ្ចីប្រាក់៧០០លានដុល្លារអាមេរិក បន្ថែមទៀតពីធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្ការ បានឃ្លីងឃ្លោងរួចទៅហើយ ដោយសារព្រឹត្តិ​ការណ៍បំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៩ ហើយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងបម្រាមមិនឱ្យចេញពីផ្ទះ ក្នុងវិធានការទប់ស្កាត់ការឆ្លងវីរុសដ៏កាចសាហាវនេះ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះដុនដាបកាន់តែខ្លាំង។ ជាលទ្ធផល សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះដក៣,៩%ក្នុងឆ្នាំ២០២០។

ទុនបម្រុងរូបិយប័ណ្ណបរទេស បានធ្លាក់ចុះពី៨,០ពាន់លានដុល្លារ ពីមួយឆ្នាំមុនមកនៅត្រឹម៤.៥ពាន់លានដុល្លារ ក្នុងខែកុម្ភៈ ដើមឆ្នាំនេះ ទោះបីប្រទេសស្រីលង្កា បានហាមឃាត់ការនាំចូលទំនិញ និងរថយន្តប្រណីតៗ ព្រមទាំងទំនិញម្ហូបអាហារមួយចំនួនយ៉ាងណាក្ដី។

ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលក្រុងកូឡំបូ បានខ្ចីប្រាក់រាប់ពាន់លានដុល្លារអាមេរិក ពីប្រទេសចិនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។

លោកម៉ាហ៊ីនដា រ៉ាចាប៉ាកសា បានវិលចូលកាន់អំណាចវិញ ក្នុងតំណែងជានាយ​ករដ្ឋមន្រ្តីក្នុងឆ្នាំ២០១៩ បន្ទាប់ពីបងប្រុសរបស់លោកឈ្មោះ Gotabaya Rajapaksa បានជាប់ឆ្នោតជាប្រធានាធិបតី។

ប្រទេសស្រីលង្កា បានបង្ខំចិត្តប្រគល់កំពង់ផែយុទ្ធសាស្ត្រ Hambantota របស់ខ្លួនឱ្យទៅក្រុមហ៊ុនចិន កាន់កាប់ក្នុងឆ្នាំ២០១៧ ក្រោមកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំបន្ទា​ប់ពីរដ្ឋាភិបាលក្រុងកូឡុំបូ សារភាពថាខ្លួនគ្មានលទ្ធភាពសងបំណុល ១,៤ ពាន់លានដុល្លារអាមេរិក ដែលខ្លួនបានខ្ចីពីរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីសាងសង់កំពង់ផែនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here