បញ្ហាប្ររឈមសំខាន់ៗចំនួន៦ដែលធ្វើឲ្យអ្នកជាប់ក្នុងអន្ទាក់បំណុល

ដោយៈលក្ខិណា
ភ្នំពេញៈ មានមនុស្សជាច្រើនបានជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ និងការសន្សំសំចៃដោយធ្វើការយូរហើយ តែមិនឃើញមានសល់អ្វី និយាយរួមសល់តែបំណុលនិងវិក្ក័យបត្រ គរនៅក្នុងផ្ទះ តែអ្នកខ្លះក៏ទទួលបានជោគជ័យ និងសល់ប្រាក់រាប់ម៉ឺនរាប់សែន ខណៈចេញធ្វើការដំណាលគ្នា។
តើបញ្ហាប្រឈមអ្វីខ្លះ ដែលនាំឱ្យកើតបំណុលកាន់តែច្រើន និងធ្វើឲ្យអ្នកស្ថិតក្នុងអន្ទាក់បំណុល។
១. បង្កើតបំណុលសម្រាប់ខ្លួនកាន់តែច្រើន
ពេលដែលយើងមានទម្លាប់ចាយវាយ លើសពីអ្វីដែលយើងរកបាននោះ មិនយូរទេយើងនឹងត្រូវជាប់បំណុលជាច្រើនជុំវិញខ្លួនរបស់យើង ព្រោះថាបើលុយដែលយើងរកបានចាយមិនគ្រប់ ហើយចាយមិនចេះសន្សំសំចៃផងនោះ តើមានអ្វីទៀតក្រៅពីខ្ចីលុយគេ? ការខ្ចីប្រាក់ពីអ្នកដទៃអាចត្រឹមជួយយើង បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ប្រសិនបើយើងមិនចេះរៀបចំការចាយវាយ ឲ្យបានត្រឹមត្រូវឡើងវិញនោះទេ យើងនឹងជាប់បំណុលអ្នកដទៃកាន់តែច្រើនឡើងៗជាមិនខាន។

២. ភាពស្មុគស្មាញ និងបាត់បង់សេរីភាពផ្ទាល់ខ្លួន
យើងប្រាកដជាមិនមានអារម្មណ៍ល្អប៉ុន្មាននោះទេ នៅពេលដែលយើងរកចំណូលមិនបានគ្រប់គ្រាន់ សម្រាប់ចំណាយដ៏លើសលប់ ហើយមានជំពាក់បំណុលគេច្រើនទៀតផងនោះ។ ថ្វីត្បិតតែយើងគ្រប់គ្នាមិនចង់ជួបស្ថានភាពនេះក៏ដោយ តែធ្វើម៉េចបើយើងជ្រុលដល់ដំណាក់កាលនេះទៅហើយ មានតែបើកចិត្តទទួលវា ហើយខិតខំធ្វើការរកចំណូលបន្ថែមដើម្បីបានដោះបំណុលគេ ដែលនេះហើយជាលទ្ធផល នៃការចាយវាយខ្ជះខ្ជាយមិនចេះគិត ចុងក្រោយគឺយើងបំផ្លាញសេរីភាពខ្លួនឯង មិនមានពេលសម្រាក គឺគិតតែផ្ដល់ពេលវេលា ទៅលើការធ្វើការរកចំណូលមកដោះបំណុលប៉ុណ្ណោះ។

៣.មិនមានប្រាក់បម្រុងក្នុងករណីត្រូវការបន្ទាន់
ប្រសិនបើយើងជាមនុស្សម្នាក់ ដែលមានការគ្រប់គ្រងបានល្អ លើផែនការចំណាយនោះ យើងនឹងមានប្រាក់សម្រាប់ចាយវាយ គ្រប់គ្រាន់ប្រចាំថ្ងៃមិនតែប៉ុណ្ណោះ ពេលករណីចាំបាច់ណាមួយកើតឡើង យើងក៏អាចមានប្រាក់បម្រុងខ្លះសន្សំទុក សម្រាប់ប្រើប្រាស់ផងដែរ។
ផ្ទុយទៅវិញ បើការចំណាយរបស់យើងលើសពីចំណូល ដែលយើងមាននោះ យើងមិនមានឡើយប្រាក់ សម្រាប់បម្រុងទុកពេលមានអាសន្នបែបនេះ ករណីប្រសិនបើមានករណីបន្ទាន់កើតឡើង យើងច្បាស់ជាមានបញ្ហាធំជាមិនខាន។

៤. មិនមានលទ្ធភាពក្នុងការសម្រេចនូវគោលបំណងរបស់ខ្លួន
យើងម្នាក់ៗតែងតែមានបំណងប្រាថ្នារៀងៗខ្លួន អ្នកខ្លះចង់បាននេះ អ្នកខ្លះចង់បាននោះ។ សម្រាប់អ្នកមានជីវភាពធូរធារ វាមិនមែនជារឿងពិបាកនោះទេ គេអាចទិញរបស់ទាំងអស់នោះបានភ្លាមៗ នៅពេលណាដែលគេចង់បាន តែសម្រាប់អ្នកធ្វើការងារបានប្រាក់ខែតិចតួចវិញ មុននឹងអាចសម្រេចនូវគោលបំណងរបស់ខ្លួនបាន ត្រូវតែសន្សំបន្តិចម្ដងៗពីប្រាក់ខែដែលខ្លួនមាន។
ចុះបើចំណាយប្រចាំថ្ងៃរបស់យើងមិនទាំងគ្រប់ផងនោះ តើមានលុយមកពីណាយកទៅធ្វើរឿងទាំងអស់ហ្នឹង ចឹងមានអ្វីក្រៅពីដេកស្រមៃចង់បានវា ទាំងដឹងច្បាស់ថាគ្មានថ្ងៃអាចកើតឡើងនោះទេ?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៥. បាត់បង់មិត្តភាព និងមនុស្សដែលខ្លួនស្រឡាញ់
យើងបានឃើញច្រើនករណីរួចហើយ នាពេលកន្លងមកពីមិត្តភក្តិ ដែលធ្លាប់ជិតស្និទ្ធប្រែមកជាសត្រូវនឹងគ្នា ដោយសារតែការខ្ចីបំណុល និងមិនមានលទ្ធភាពសងនេះហើយ។ នៅពេលដែលយើងចាយច្រើន លើសពីអ្វីដែលយើងមាន វាក៏អាចនាំឲ្យយើងបែកបាក់មិត្តភាពរវាងមនុស្ស ដែលធ្លាប់ស្រឡាញ់រាប់អានគ្នាបានផងដែរ។ ដ្បិតអីមិនមាននរណាចង់រាប់អានយើងទៀតឡើយ នៅពេលដែលយើងមានរឿងមិនល្អកើតឡើង បែបនេះ ដូច្នេះបើមិនចង់ឲ្យករណីនេះកើតឡើងចំពោះខ្លួនទេ គួរតែគិតឡើងវិញពីទម្លាប់ចាយវាយរបស់យើង។

៦. បាត់បង់ការងារដែលខ្លួនពេញចិត្ត ដោយចំណូលមិនគ្រប់គ្រាន់
យើងម្នាក់ៗតែងចង់ធ្វើការតាមក្ដីស្រមៃរបស់យើង មានក្រុមការងារល្អ យើងខិតខំបំពេញការងារ និងមិនចង់ចាកចេញពីកន្លែងនោះឡើយ។ ប៉ុន្តែនៅពេលអ្នកចំណាយច្រើនជាងចំណូល រហូតដល់កើនដល់មានបំណុល អ្នកត្រូវបង្ខំដើរកន្លែងការងារផ្សេងដែលផ្ដល់ចំណូលខ្ពស់ តាមដែលអាចធ្វើបានយូរៗទៅ អ្នកធ្វើការដើម្បីតែដោះបំណុលដែលកំពុងមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here