ក្រុមហ៊ុនធំមួយបានបោះទុនវិនិយោគជាង១៧លានដុល្លារផលិតចំណីសត្វនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនអេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី បានដាក់ទុនវិនិយោគសរុបចំនួនជាង១៧លានដុល្លារ ដើម្បីដំណើរការអាជីវកម្មផលិតចំណីសត្វនៅកម្ពុជា ដោយមានការលើកទឹកចិត្តពីក្រសួងកសិកម្ម ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងកាលពីម្សិលមិញថា ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល មិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឲ្យប្រាកដថាវិបត្តិនេះ នឹងបញ្ចប់នៅពេលណានោះដែរ។

លោកបានថ្លែងទថា “ស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកៀគរ សហការ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីពង្រីកសក្តានុពលផលិត លើគ្រប់អនុវិស័យឲ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ប្រយោជន៍ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ”។

ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ដែលមាន អាសយដ្ឋាននៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលកំពុងដំណើរការអាជីវកម្មផលិតចំណីសត្វមានជាអាទិ៍៖ ចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន១៧,៣លានដុល្លារ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ឲ្យដឹងថា យោងលើតម្រូវការចាំបាច់នៅលើទីផ្សារ នៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន១១៨,៥០០តោន ក្នុងនោះមាន៖ ចំណីមាន់សាច់៩.០០០តោន ចំណីមាន់ស្រុក២៨, ០០០តោនចំណីមាន់យកពង១០.០០០តោន ចំណីជ្រូក២៣.០០០តោន។ ចំណីគោ៧.៥០០តោន ចំណីត្រី៧.០០០តោន និងចំណីទា៣៤.០០០តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែច្នៃផលិតផលកសិកម្ម ក្នុងស្រុក សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន៥៧.៨០០តោន ក្នុងនោះមាន៖ ពោត២០.០០០តោន សណ្តែកសៀង១២.០០០តោន ដំឡូងមីស្ងួត៦.០០០តោន ចុងអង្ករ១.៨០០តោន កន្ទក់១៤.៤០០តោន ថ្មកំបោរ៣.០០០តោន និងម្សៅត្រី៦០០តោន។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍នាំចូលវត្ថុធាតុដើមផ្សំចំណីសត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបរិមាណសរុបចំនួន៦៦.៩៩៦តោន។

បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គិលិក និងកម្មករ សរុបចំនួន២៥០នាក់ (ស្រ្តី ៥០) មានជំនាញគណនេយ្យ ពេទ្យសត្វ គ្រប់គ្រង ទីផ្សារ អគ្គីសនី មេកានិច កម្មករ អ្នកវេច្ចខ្ចប់ និងអ្នកបញ្ចេញទំនិញ។ ដោយសារកំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ធ្វើឲ្យកំលាំងផលិតក្នុងឆ្នាំ២០២០ កើនឡើង៣០% បើធៀបទៅឆ្នាំ២០១៩ ហើយប្រាកដណាស់ កំណើននេះនឹងនៅតែ បន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់។ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here