សិង្ហបុរីជំរុញឱ្យអាស៊ានផ្តោតលើផលប្រយោជន៍រួមបើភាពតានតឹងអាមេរិក-ចិន នៅតែបន្តកើតមាន

ដោយៈ ម៉ាណេត

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីសិង្ហបុរី Heng Swee Keat បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចពិភាក្សាទល់មុខគ្នាលើកដំបូង រវាងសហរដ្ឋអាមេរិក និងចិន ចាប់តាំងពីលោកបៃដិនឡើងកាន់តំណែង គឺជា“ជំហានក្នុងទិសដៅត្រឹមត្រូវ” ខណៈលោកក៏បានលើកឡើងដែរថា អាស៊ានត្រូវតែមានសាមគ្គីភាព អំឡុងពេលស្ថានភាពនយោបាយពិភពលោកមិនមានភាពច្បាស់លាស់។

លោកHeng បានថ្លែងថា “ទោះបីជំនួបនេះ តឹងតែងយ៉ាងណាក៏ដោយ ក៏វាគឺជាជំហានមួយនៅក្នុងទិសដៅត្រឹមត្រូវ។ កិច្ចប្រជុំនេះ បានបង្ហាញពីការទទួលស្គាល់ពីភាគីទាំងសងខាងលើការទាមទារឱ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការ”។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន South China Morning Post ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

លោកបានថ្លែងថា “វាសំខាន់ណាស់ដែលភាគីទាំងពីរតស៊ូមតិ និងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ស្វែងរកមធ្យោបាយឆ្ពោះទៅមុខ ដើម្បីដោះស្រាយភាពខុសគ្នារបស់ពួកគេ និងគ្រប់គ្រងភាពតានតឹង និងការទាស់ទែងគ្នា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សុន្ទរកថារបស់លោក Heng ធ្វើឡើង បន្ទាប់ពីជំនួបរយៈពេលពីរថ្ងៃ កាលពីសប្តាហ៍មុន រវាងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងប៉េកាំង និងវ៉ាស៊ីនតោននៅអាឡាស្កា ដែលបានជជែកគ្នាយ៉ាងតានតឹងអំពីបញ្ហានានា ដូចជាស្ថានភាពនៅស៊ីនជាំង ហុងកុង និងតៃវ៉ាន់។

ជំនួបកំពូលនេះ គឺជាកិច្ចពិភាក្សាទល់មុខគ្នា ជាលើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិកចូ បៃដិនបានចូលកាន់តំណែង កាលពីខែមករា។ គណៈប្រតិភូអាមេរិក ដឹកនាំដោយរដ្ឋលេខាធិការ Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ខណៈដែលប្រទេសចិនដឹកនាំដោយ ប្រធានគោលនយោបាយការបរទេស Yang Jiechi និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi។

លោក Heng ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់សិង្ហបូរីផងដែរ បានកត់សម្គាល់ថា ការប្រកួតប្រជែងជាយុទ្ធសាស្រ្ត រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោក មិនមែនជាបាតុភូតថ្មីទេទោះបីជាវិបត្តិកូវីដ១៩ក៏ដោយ។ លោកបាននិយាយថា វាមិនមានការសម្របសម្រួលជាសកលឱ្យបានត្រឹមត្រូវ នៅដំណាក់កាលដំបូងនៃវិបត្តិនោះទេ ដែលបានបង្កផលប៉ះពាល់ និងការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាលទាំងពីរ។

ជាមួយគ្នានេះ លោក Heng ក៏បានមានប្រសាសន៍ថា សមាជិកទាំង១០នៃសមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញផលប្រយោជន៍រួមរបស់ប្លុកខ្លួន។

លោកបានថ្លែងថា “វាមិនមែនជាសំណួរ នៃការជ្រើសរើសភាគីណាមួយទេ ប៉ុន្តែការរក្សាសមត្ថភាពរបស់យើង ក្នុងការធ្វើការជ្រើសរើសសម្រាប់ខ្លួនយើង”។ “នេះជាអ្វីដែលអាស៊ានផ្តោតលើ “ខ្លួនឯង”។ លោកបន្តថា “ប្រសិនបើភាពតានតឹងរវាងអាមេរិក និងចិននៅតែកើនឡើង តំបន់របស់យើងត្រូវតែបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីផលប្រយោជន៍របស់អាស៊ាន និងដើម្បីរក្សាខ្លួនឱ្យបើកចំហ និងពាក់ព័ន្ធតាមរយៈវិធានការជាក់ស្តែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here