អាជីវកម្មបីប្រភេទដែលអ្នកគួរជៀសវាង!

ដោយៈ លក្ខិណា
ភ្នំពេញៈ អាជីវកម្មមិនស្របច្បាប់ គឺជាប្រភេទអាជីវកម្មទាំងឡាយណា ដែលមានការប្រាសចាកពីផ្នែកសីលធម៌ និងបទបញ្ញត្តិរបស់ប្រទេសមួយ។ តួយ៉ាង ដូចជាថ្មីៗនេះ ដែលប្រទេសកម្ពុជាទើបតែចេញច្បាប់ហាមឃាត់នូវអាជីវកម្មជួញដូរសត្វឆ្កែ ដែលជាប្រភេទអាជីវកម្មខុសច្បាប់។

ប្រភេទអាជីវកម្មខុសច្បាប់មានច្រើនប្រភេទដូចជា ការកាប់ព្រៃឈើនិងសម្លាប់សត្វព្រៃខុសច្បាប់ ការជួញដូរផ្លូវភេទ ជួញដូរមនុស្ស គ្រឿងញៀន និងអាវុធខុសច្បាប់ និងការរត់ពន្ធវត្ថុបុរាណខុសច្បាប់ជាដើម។ តែថ្ងៃនេះ Cambodiafinancialtimes សូមលើកយកប្រភេទអាជីវកម្ម ដែលចំណេញលឿន តែមិនគួរវិនិយោគ។

ទី១. អាជីវកម្មក្លែងបន្លំម៉ាកសញ្ញា៖ ការក្លែងបន្លំស្លាកសញ្ញា ឬម៉ាកយីហោ គឺជាការបង្កើតនូវផលិតផល ឬទំនិញដែលមានស្លាកឬម៉ាកសញ្ញាដែលមានលក្ខណៈស្រដៀង ឬពិបាកសម្គាល់ទៅនឹងម្ចាស់ដើម។ ប្រភេទអាជីវកម្មនេះបានធ្វើឲ្យប្រជាជនមួយចំនួនចំណាយប្រាក់របស់ខ្លួនខុសពីអ្វីដែលរំពឹង និងអាចទទួលរងការប៉ះពាល់ដល់សុខភាពទៀតផង (ចំពោះទំនិញបរិភោគ ថ្នាំសង្កូវ ឬផលិតផលថែសម្រស់)។

ទី២. អាជីវកម្មលាងលុយ៖ ការលាងលុយជាដំណើរការដែលឧក្រិដ្ឋជនក្លែងបន្លំ ឬលាក់បាំងនូវភាពមិនស្អាតស្អំក៏ដូចជាប្រភពលុយខុសច្បាប់របស់ពួកគេ។ ជាទូទៅ វាមានប្រតិបត្ដិការច្រើននៅលើទីផ្សារងងឹត ដោយសារតែទិន្នន័យទិញលក់ទាំងអស់មិនមានការកត់ត្រាប្រភពដើមនៃលុយនោះឡើយ។

ទី៣. អាជីវកម្មមិនមានការចុះបញ្ជី ឬបង់ពន្ធ ៖ ដូចបានលើកឡើងថា អាជីវកម្មទាំងឡាយណាដែលមិនបានចុះបញ្ជីអាជីវកម្ម ឬបង់ពន្ធត្រឹមត្រូវ នោះត្រូវបានចាត់ទុកថាជាអាជីវកម្មមិនស្របច្បាប់។ ប៉ុន្ដែក៏មានសំណួរទាក់ទងជាច្រើនផងដែរថា “អាជីវកម្មនេះបានបង់ពន្ធនិងចុះបញ្ជីពាណិជ្ជកម្មរួចហើយ ចុះហេតុអ្វីបានជានៅតែខុសច្បាប់ទៀត?”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧទាហរណ៍ ងាយៗមួយសម្រាប់មិត្តអ្នកអានគឺ៖ ប្រសិនបើអ្នកបើកអាជីវកម្មនាំចូលស្រា រួមមានស្រាបៀ និងស្រាទំពាំងបាយជូរ ប៉ុន្ដែអ្នកបង់ពន្ធបានចុះបញ្ជីពាណិជ្ជកម្មតែចំពោះស្រាបៀតែប៉ុណ្ណោះ។ នោះអាជីវកម្មរបស់អ្នកស្ថិតនៅជាអាជីវកម្មខុសច្បាប់នៅឡើយ ដោយសារតែអ្នកពុំបានចុះបញ្ជីពាណិជ្ជកម្មទៅលើមុខទំនិញស្រាទំពាំងបាយជូរ ហើយនេះក៏ជាបញ្ហាដែលអាជីវករទាំងឡាយមិនគួរមើលរំលង ព្រោះថាការធ្វើបែបនេះអាចត្រូវបានគេចាត់ទុកថា ជាការរកស៊ីគេចពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here