តើប័ណ្ណឥណពន្ធនិងប័ណ្ណឥណទានមានភាពខុសគ្នាយ៉ាងម្តេចក្នុងការប្រើប្រាស់?

ដោយៈ លក្ខិណា

ភ្នំពេញ៖ VISA និង MasterCard គឺជាបណ្ដាញសម្របសម្រួលការទូទាត់ប្រាក់ (Payment Processing Networks) បែបអេឡិចត្រូនិច ហើយក៏មានការប្រើប្រាស់ច្រើននៅក្នុងប្រទេសកម្ពុជា។ តាមពិតទៅ VISA និង MasterCard មានតួនាទីដូចគ្នា គ្រាន់តែបណ្ដាញសេវាផ្គត់ផ្គង់ដោយក្រុមហ៊ុនផ្សេងគ្នាប៉ុណ្ណោះ។

ចំណែកឯកាតទាំងពីរប្រភេទនេះក៏ចែកចេញជាប្រភេទប័ណ្ណឥណពន្ធ (Debit Card) និង ប័ណ្ណឥណទាន (Credit Card) ផងដែរ។

ប័ណ្ណឥណពន្ធ (Debit Card) មានន័យថាកាតនោះភ្ជាប់ជាមួយគណនីរបស់អ្នកដែលមានតម្កល់ប្រាក់រួចជាស្រេចហើយ។ នោះពេលមានប្រតិបត្តិការទូទាត់ប្រាក់ ខាងធនាគារនឹងកាត់លុយចេញពីគណនីរបស់អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯប័ណ្ណឥណទាន (Credit Card) អាចឱ្យអ្នកធ្វើប្រតិបត្តិការទូទាត់បានដូចប័ណ្ណឥណពន្ធដែរ តែថ្លៃប្រតិបត្តិការទាំងនោះនឹងត្រូវបានកត់ត្រាទុក។ រហូតដល់កាលកំណត់ ទើបអ្នកត្រូវទូទាត់ថ្លៃចំណាយសរុបជាមួយខាងធនាគារជាក្រោយ។ អាចនិយាយបានថា លុយដែលអ្នកទូទាត់ជាមួយនឹងប័ណ្ណឥណទាននោះ គឺជាលុយដែលអ្នកខ្ចីពីធនាគារមកចាយសិន ហើយចាំសងធនាគារវិញសរុបតាមកាលកំណត់ដែលបានព្រមព្រៀង ដែលជាទូទៅគឺជារៀងរាល់ខែ។

ជាធម្មតា កាត VISA និង MasterCard ត្រូវបានបោះចេញ ដោយធនាគារដែលយើងកំពុងប្រើប្រាស់ មិនមែនខាងក្រុមហ៊ុន VISA ឬ MasterCard ផ្ទាល់នោះទេ។ ឧទាហរណ៍ បើអ្នកបើកគណនីធនាគារ មួយ ហើយអ្នកចង់បានកាត VISA ឬ MasterCard នោះខាងធនាគារមួយនោះ និងចេញកាតនោះអោយអ្នក ដែលមានម៉ាកសញ្ញា ធនាគារដែលបើកគណនី នៅលើកាត។ រីឯអតិថិជនអាចជ្រើសរើសកាត VISA ឬ MasterCard ក្នុងប្រភេទ Debit ឬ Credit Card ទៅតាមតម្រូវការ។

ចំណុចដែលសំខាន់នោះគឺ ប្រសិនបើអ្នកចង់ប្រើ VISA Card ឬ MasterCard ជាប្រភេទ Credit Card អ្នកគួរស្វែងយល់ពីអត្រាការប្រាក់ និងថ្លៃដែលអ្នកត្រូវបង់សងបើអ្នកមិនបានសងត្រឡប់លុយដែលអ្នកខ្ចីមកចាយតាមកាត credit នោះទាន់កាលកំណត់ ។

យ៉ាងណាមិញ ក្នុងវិស័យទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចនៅទូទាំងពិភពលោកមានបណ្ដាញទូទាត់ប្រាក់ចំនួនបួនធំៗដែលគេនិយមប្រើប្រាស់គឺ VISA MasterCard American Express និង Discover ប៉ុន្តែគួរកត់សម្គាល់ឃើញថា សម្រាប់ក្នុងប្រទេសកម្ពុជាយើងវិញ Visa Card និង Master Card គឺមានចរាចរច្រើនជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here