ប្រតិបត្តិការជួញដូរអចលនទ្រព្យតាមរយៈបច្ចេកវិទ្យាContactlessកំពុងពេញនិយមខ្លាំងអំឡុងសម័យកូវីដ

ដោយៈសុខុម

គូឡាឡាំពួ:  មានពាក្យមួយឃ្លាលើកឡើងថា “ក្នុងឧបសគ្គ តែងតែមានឱកាស”។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទូទាំងពិភពលោ​កបានធ្វើឱ្យសេដ្ឋកិច្ច ក្នុងប្រទេសនានាដាំក្បាលចុះ ហើយអាជីវកម្មមិនថាតូច ឬធំសុទ្ធតែជួបការលំបាកខ្លាំង។

ទោះជាយ៉ាងណា វិបត្តិសកលនេះ មិនអាចបញ្ឈប់សកម្មភាពសេដ្ឋកិច្ច ទាំងស្រុងបានឡើយ។ មនុស្សបានព្យាយាមរិះរកវិធីថ្មី ​ដើម្បីសម្របខ្លួនទៅនឹងស្ថានការណ៍ដ៏អាស​ន្ននេះ។ ដើម្បីរក្សានិរន្តរភាពរបស់ខ្លួនឱ្យឆ្លងផុតវិបត្តិដ៏កំណាចនេះ អាជីវកម្មនានាបានសម្រុកចាប់ផ្ដើមផ្លាស់ប្ដូរទម្រង់អាជីវកម្មរបស់ខ្លួន ទៅអនឡាញជាបន្តបន្ទាប់។ ពេលនោះហើយដែលការធ្វើឌីជីថលនីយកម្ម (Digitalisation) ឧស្សាហកម្មផ្សេងៗចាប់ផ្ដើមមានសន្ទុះខ្លាំងគួរឱ្យភ្ញាក់ផ្អើល ហើយក្នុងនោះក៏មានវិស័យអចលនទ្រព្យដែរ។

ដោយសាររដ្ឋាភិបាលដាក់ចេញវិធានការណ៍ រឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នជាទូទៅរបស់សាធារណជន វិស័យអចលនទ្រព្យបានប្រឹងប្រែង ចាប់ផ្ដើមប្ដូរទម្រង់អាជីវកម្មរបស់ខ្លួនទៅអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រី Haniza Hadi ដែលជាអ្នកសម្របសម្រួលផ្នែកអចលនទ្រព្យ នៅក្រុមហ៊ុនម៉ាឡេស៊ី Vivahomes បានប្រាប់គេហទំព័រ Property Advisor ថា ការធ្វើប្រតិបត្តិការជួញដូរអចលនទ្រព្យតាមអនឡាញ កំពុងពេញនិយមខ្លាំងនៅពេលនេះ ហើយវាក៏មិនខុសគ្នាខ្លាំងប៉ុន្មានពីសម័យមុនផ្ទុះកូវីដ-១៩ នោះដែរ។

អ្នកស្រីបានបញ្ជាក់ថា “ប្រតិបត្តិការជួញដូរអចលនទ្រព្យគ្រប់ប្រភេទ ត្រូវបានធ្វើឡើងតាមអនឡាញ ដោយមិនចាំបាច់ទៅជួបអតិថិជនដោយផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យឆ្លងវីរុសកូវីដ-១៩ និងចំណេញពេលវេលា”។

អ្នកស្រីបានពន្យល់ថា ដើម្បីធ្វើបែបនេះបាន ក្រុមហ៊ុនអភិវឌ្ឍន៍នានាបានផ្ដល់ជម្រើសឱ្យភ្នាក់ងារអចលនទ្រព្យ ថតវីដេអូផ្ដិតយកទិដ្ឋភាពទាំងស្រុង ទាំងនៅខាងក្រៅ និងក្នុងផ្ទះសម្រាប់បង្ហាញដល់អតិថិជន ហើយក្រុមហ៊ុនក៏ផ្ដល់brochure អេឡិចត្រូនិកផងដែរ។ រាល់ភ្នាក់ងារសុទ្ធតែមានស្ទាយរៀងៗខ្លួន នៅក្នុងការថតវីដេអូផ្ដិតយករូបភាពក្នុងផ្ទះ។ សំខាន់ថតផ្ទះឱ្យបានច្បាស់ និងគ្រប់ជ្រុងល្អដើម្បីទាក់ទាញអ្នកទិញ។

អ្នកជំនាញរូបនេះ បានលើកឡើងបន្ថែមទៀតថា “ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានបង្កើនល្បឿននៃការផ្លាស់ប្ដូរ និងការធ្វើឌីជីថលនីយកម្មទីផ្សារអចលនទ្រព្យ”។អ្នកស្រីបន្តថា “ទោះបីក្រោយវិបត្តិកូវីដ-១៩ បញ្ចប់ក្ដី ក៏ការអនុវត្តបែបនេះទំនងជានៅតែបន្តដែរ។ បច្ចុប្បន្ននេះយើងកំពុងរស់នៅក្នុងបទដ្ឋានថ្មី ដូច្នេះហើយយើងត្រូវតែសម្របខ្លួនទៅតាមនោះ””៕

LEAVE A REPLY

Please enter your comment!
Please enter your name here