ការវិនិយោគចំនួន៥ប្រភេទដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា

ដោយៈលក្ខិណា
ភ្នំពេញៈ ប្រភេទនៃការវិនិយោគដើម្បីរកប្រាក់ចំនេញ នៅក្នុងប្រទេសកម្ពុជាមានច្រើនណាស់ ហើយក៏មានប្រភេទនៃការវិនិយោគខ្លះ ធ្វើឱ្យអ្នកវិនិយោគទទួលបានជោគជ័យនិងខ្លះទៀតបរាជ័យ។

ដូច្នេះហើយមុននឹងសម្រេចចិត្តដាក់ទុនវិនិយោគ ត្រូវសិក្សាស្វែងយល់ជាមុនសិន ដែលគេហទំព័រCambodiafinancialtimes.com សូមលើកយកប្រភេទនៃការវិនិយោគមួយចំនួនដែលគួរសិក្សាស្វែងយល់។

១) ភាគហ៊ុន (Stock)
បើអ្នកជាវិនិយោគិនថ្មីថ្មោង និងមានទស្សនវិស័យលើការវិនិយោគ នោះភាគហ៊ុន ជាប្រភេទនៃការវិនិយោគ ដែលអ្នកគួរចាប់ផ្ដើមដំបូង។ សម្រាប់ការវិនិយោគលើភាគហ៊ុនមិនតម្រូវឱ្យអ្នកចាំបាច់ទាល់តែមានដើមទុនច្រើន បានវិនិយោគបាននោះឡើយ។ រីឯផលចំណេញ (ភាគលាភ) មានប្រតិបត្តិការក្រោមរូបភាពពីរគឺ ការជួញដូរ (trade) ដែលផលចំណេញឬកំហាតនឹងអាចដឹងភ្លាមៗ។
ចំណែកឯការវិនិយោគលើភាគហ៊ុនរយៈពេលវែង នោះវិនិយោគិនអាចរំពឹងថាទទួលបានផលចំណេញដំកំភួនក្នុងរយៈពេលយូរ។ ការវិនិយោគលើភាគហ៊ុន មានដំណើរការងាយស្រួល តែវាក៏ទាមទារឲ្យយើងយល់ដឹងច្រើនពីទីផ្សារភាគហ៊ុន និងដើម្បីជ្រើសរើសវិនិយោគលើភាគហ៊ុនដែលមានសក្ដានុពលខ្ពស់។

២) សញ្ញាបណ្ណ(Bond)
ជាប្រភេទមូលបត្របំណុល ដែលវិនិយោគិនផ្ដល់កម្ចីទៅឱ្យក្រុមហ៊ុនសាជីវកម្ម ឬសហគ្រាសសាធារណៈ តាមរយៈការទិញសញ្ញាបណ្ណក្នុងតម្លៃណាមួយ ។ វិនិយោគិននឹងទទួលបានបណ្ណបញ្ជាក់បំណុល (Debt Security)មួយ ដែលបញ្ជាក់ពីទឹកប្រាក់ដែលបានវិនិយោគអត្រាការប្រាក់(ប្រចាំខែឬឆ្នាំ)។ ចំនួនទឹកប្រាក់នឹងត្រូវសងត្រឡប់មកវិញ ហើយនិងកាលកំណត់នៃសញ្ញាបណ្ណ (maturity date)។ ផលចំណេញពីសញ្ញាបណ្ណអាស្រ័យលើអត្រាការប្រាក់ដែលសាជីវកម្ម ឬសហគ្រាសនោះសន្យាសងត្រឡប់វិញនៅកាលកំណត់ ដូចដែលបញ្ជាក់ក្នុងប័ណ្ណបញ្ជាក់បំណុល។
ហេតុនេះហើយ ទើបហានិភ័យពីការវិនិយោគលើសញ្ញប័ណ្ណ ត្រូវបានសន្មត់ថាមានកម្រិតទាបជាងគេ បើប្រៀបធៀបទៅនឹងប្រភេទការវិនិយោគដទៃទៀត។ បច្ចុប្បន្នក្នុងផ្សារមូលបត្រកម្ពុជា មិនទាន់មានសញ្ញាបណ្ណសម្រាប់ សហគ្រាសសាធារណៈនៅឡើយទេ តែមានសញ្ញាបណ្ណរបស់ក្រុមហ៊ុនសាជីវកម្ម៧ក្រុមហ៊ុន ដែលបានបោះផ្សាយលក់ឱ្យសាធារណជន។


៣) ការជួញដូររូបិយបណ្ណអន្តរជាតិ (Foreign Exchange ឬ Forex)
ការជួញដូររូបិយបណ្ណអន្តរជាតិនេះ ជាប្រភេទការវិនិយោគរយៈពេលខ្លី ដ្បិតថាអ្នកវិនិយោគលើវិស័យនេះ ត្រូវការទិញលក់ភ្លាមៗ ដោយការជួញដូររូបិយប័ណ្ណអន្តរជាតិទៅវិញទៅមក នៅក្នុងតម្លៃហាងឆេងជាក់ស្តែង ឬក្នុងតម្លៃដែលបានកំណត់ណាមួយ។ ការវិនិយោគប្រភេទនេះ ត្រូវបានប្រព្រឹត្តឡើងដោយការទិញលក់ រវាងរូបិយប័ណ្ណពីរផ្សេងគ្នា ដូចជា ការទិញលក់លុយដុល្លារអាមេរិកធៀបជាមួយលុយអឺរ៉ូជាដើម។
រីឯវិនិយោគិន នឹងទទួលបានផលចំណេញ ឬកំហាតទៅតាមគម្លាតតម្លៃនៃរូបិយប័ណ្ណ (forex deviation) ឡើងចុះក្នុងរយៈពេលណាមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤) អចលនទ្រព្យ (Real Estate)
ជាការវិនិយោគដែលពេញនិយម និងកំពុងកាក់កបនៅក្នុងប្រទេសកម្ពុជា។ ការវិនិយោគលើអចលនទ្រព្យ ជាការវិនិយោគរយៈពេលវែង ដោយវាមិនងាយបម្លែងជាសាច់ប្រាក់បានលឿននោះទេ។ អ្នកវិនិយោគតម្រូវឱ្យមានដើមទុនច្រើន តែយ៉ាងណាមិញការវិនិយោគប្រភេទនេះ មានសក្ដានុពលអាចផ្ដល់ផលចំណេញវិញបានខ្ពស់ ប្រសិនបើយើងវិនិយោគដោយមានយុទ្ធសាស្ត្រ ការវិភាគ កំណើនតម្លៃនៃអចលនទ្រព្យបានច្បាស់លាស់។
ការវិនិយោគលើអចលនទ្រព្យមាន ដូចជា ការទិញដី ផ្ទះ វីឡា អាផាតមិន (Apartment) ខុនដូជាដើម ហើយលក់ចេញវិញយកផលចំណេញ នៅពេលតម្លៃកើនឡើង។
៥) អាជីវកម្ម (Business)
ការបណ្ដាក់ទុនទៅលើគម្រោង ក្រុមហ៊ុន ឬអាជីវកម្មណាមួយ ដែលយើងគិតថាអាចរីកចម្រើននៅពេលខាងមុខ ហើយយើងនឹងទទួលបាននូវផលត្រឡប់មកវិញ នៅពេលដែលអាជីវកម្មនោះទទួលបានប្រាក់ចំណេញ ដែលយើងហៅថាprofit share។ ម្យ៉ាងវិញទៀត បើវិនិយោគិនជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន អាចលក់ជាសេវាកម្ម ឬផលិតផលដើម្បីយកផលចំណេញក៏ចាត់ទុកជាការវិនិយោគដែរ។
មានវិធីរកប្រាក់ចំណេញតាមមធ្យោបាយជាច្រើនទៀត ដែលពលរដ្ឋនិងវិនិយោគអាចធ្វើទៅបាន ដូចជាការយកប្រាក់ទាំងដុលទៅផ្ញើនៅធនាគារ ដើម្បីយកការប្រាក់ប្រចាំឆ្នាំ និងមធ្យោបាយជាច្រើនទៀត ទៅតាមការគិតរបស់វិនិយោគិនផ្ទាល់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here