គុណវិបត្តិ៣យ៉ាងដែលលោកអ្នក មិនគួរជ្រើសរើសតុងទីនជាមធ្យោបាយសន្សំ

ដោយៈលក្ខិណា
ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានយកការលេងតុងទីន ជាមធ្យោបាយសន្សំប្រាក់មួយរបស់ខ្លួន ហើយបានធ្វើឱ្យតុងទីន ក្លាយសេវាកម្មទទូទាត់សាច់ប្រាក់ដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ព្រោះវាអត់ចាំបាច់ត្រូវការចំណេះដឹងខ្ពស់ឬស្មុគ្រស្មាញច្រើន។

អ្វីដែលពិសេសនោះ គឺការលេងទុងទីនជាការឈរលើមូលដ្ឋាននៃការទុកចិត្តគ្នាក្នុងចំណោមសមាជិកអ្នកចូលរួមទាំងអស់។

មធ្យោបាយសន្សំប្រាក់មួយនេះ វាបានផ្ដល់ប្រយោជន៍ដល់អ្នកចូលរួម ដូចជា អ្នកខ្វះខាតហិរញ្ញវត្ថុ អាចដេញយកប្រាក់មកប្រើប្រាស់មុន និងបង់រំលស់ជាប្រចាំខែត្រលប់ទៅវិញ រហូតដល់គ្រប់ចំនួន តែមធ្យោបាយនេះក៏មានគុណវិបត្តិ សម្រាប់អ្នកចូលរួមលេងដែរ ។តើគុណវិបត្តិនោះជាអ្វី ?
១ បាត់បង់ប្រាក់សន្សំ ពេលមានការគេចវេសកាតព្វកិច្ចបង់ប្រាក់កើតឡើង
កូនតុងទីនដែលនៅរស់ មិនសូវមានបញ្ហាកើតឡើងនោះទេ ប៉ុន្តែច្រើនកើតមាន បញ្ហាជាមួយកូនតុងទីនងាប់ (ដែលដេញបានរួចហើយ ប៉ុន្តែនៅត្រូវបន្តបង់ការប្រាក់រហូតដល់ដេញបានគ្រប់គ្នា) ។ ពេលមានកូនតុងទីនរត់គេច មេត្រូវមានកាតព្វកិច្ចបង់ការប្រាក់ជំនួសរហូតដល់កូនដេញបានគ្រប់គ្នា។
បើមានកូនរត់គេចច្រើនពេក មេមិនអាចទទួលរ៉ាប់រងបង់ជំនួសរួច ក៏រត់គេចខ្លួនដែរ ។ មេ តុងទីនក៏អាចរត់គេចដែរ ពេលដែលប្រមូលបានលុយច្រើន។ អ្នកដែលរងគ្រោះ គឺកូនតុងទីននៅរស់ ដែលមិនទាន់ដេញបាននឹងគេ។
២ មិនមានវិធីអាចទទួលបានប្រាក់មកវិញ៖ ក្នុងករណីមានឯកសារព្រមព្រៀ
ច្បាស់លាស់ ដែលបញ្ជាក់ពីតួនាទីរបស់ភាគីពាក់ព័ន្ធ (កូនតុងទីនមាន តួនាទីបង់ប្រាក់តាមកាលកំណត់ និងតាមចំនួនកំណត់ មេតុងទីនមានតួនាទីប្រមូលប្រាក់ រៀបចំការដេញ និងប្រមូលប្រាក់ឱ្យអ្នកដេញបាន។ល។) ច្បាប់ពាក់ព័ន្ធនឹងកិច្ចសន្យាអាចជាជំនួយក្នុងការទាមទារសំណង។ ផ្ទុយទៅវិញការលេងតុងទីនភាគច្រើន ផ្អែកលើការទុកចិត្តគ្នា ដោយមិនមានឯកសារព្រមព្រៀង ឬកិច្ចសន្យាផ្លូវការអ្វីនោះទេ។ ក្នុងស្ថានភាពនេះ អ្នកបានត្រឹមតែសោកស្ដាយប្រាក់កាស ដែលខាតបង់តែប៉ុណ្ណោះ។
៣ មិនប្រាកដថាជាវិធីល្អបំផុតដើម្បីសន្សំ ឬខ្ចីប្រាក់នោះទេ
ដោយសារកូន ឬសមាជិកតុងទីនត្រូវបង់ប្រាក់ជាប្រចាំ ម្នាក់ៗត្រូវដកចំណែកនៃប្រាក់ចំណូលរបស់ខ្លួន ទៅប្រើលើការបង់តុងទីន។ ក្នុងករណីដែលយើងត្រូវការលុយបន្ទាន់ យើងត្រូវការរង់ចាំដល់វដ្ដនៃការដេញតុងទីន ថែមទាំងត្រូវហ៊ានដេញក្នុងអត្រាការប្រាក់ខ្ពស់ទៀតផង ដែលជួនកាល សំណាងមិនដល់ដេញមិនបានទៀត។ បែបនេះ លុយដែលយើងសង្ឃឹមថា នឹងអាចប្រើប្រាស់បានក្នុងគ្រាមានអាសន្ន បែរជាមិនអាចជួយយើងបានទាន់ពេលវេលាទៅវិញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here