ប្រេងនៅតែធ្លាក់ថ្លៃ ទោះបីជាស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកដាំក្បាលចុះខ្លាំង

ដោយៈសុខុម
មែលប៊ន: ប្រេងបានធ្លាក់ថ្លៃរយៈពេល៤ថ្ងៃជាប់គ្នា នៅថ្ងៃពុធ ទី១៧ មីនា នេះដោយសារការព្រួយបារម្ភអំពីតម្រូវការនៅអឺរ៉ុប ទោះបីជាទិន្នន័យបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានដាំក្បាលចុះកាលពីសប្តាហ៍មុន ហួសពីការរំពឹងទុកយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ប្រេងឆៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានធ្លាក់ថ្លៃ៥សេនមកនៅត្រឹមតម្លៃ៦៤,៧៥ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធនេះ បន្ទាប់ពីឡើងថ្លៃ២៨សេននៅក្នុងការជួញដូរ។ ទន្ទឹមនេះ ប្រេងឆៅក្នុងទីផ្សារប្រទេសអង់គ្លេស ក៏បានធ្លាក់ថ្លៃ១០សេន ឬ០,២%ផងដែរ ដោយតម្លៃធ្លាក់មកនៅត្រឹម ៦៨,២៩ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ២៣សេន។

ទីផ្សារប្រេងពិភពលោក បានដាំក្បាលចុះនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈការព្រួយបារម្ភ អំពីការពន្យារពេលការចែកចាយវ៉ាក់សាំង ធ្វើឱ្យការរើបឡើងតម្រូវការប្រេងឥន្ធនៈបង្អង់ល្បឿន។
ការស្រាវជ្រាវរបស់ធនាគារ ANZ បានរកឃើញថា “ក្ដីបារម្ភដែលថា តម្រូវការអាចនឹងធ្លាក់ចុះកំពុងមានកាន់តែខ្លាំងឡើង ស្របពេលបណ្ដារដ្ឋមន្ត្រីសុខាភិបាលអឺរ៉ុប ផ្អាកការចាក់វ៉ាក់សាំងAstraZeneca ដោយសារមានការបារម្ភថាវ៉ាក់សាំងនេះ បង្កផលប៉ះពាល់ដល់សុខភាព”។
ធនាគារANZ និយាយថា ខណៈដែលតម្រូវការកំពុងកើនឡើង នៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ប៉ុន្តតែផ្ទុយទៅវិញតម្រូវការនៅអឺរ៉ុបបានធ្លាក់ចុះ ដោយគូសបញ្ជាក់ថា តម្រូវការប្រេងឥន្ធនៈក្នុងប្រទេសបារាំង ក៏បានធ្លាក់ចុះ១០,៨% ដែរក្នុងខែកុ ម្ភៈ កន្លងទៅ។
យោងតាមប្រភពជួញដូរប្រេង ដែលដកស្រង់ទិន្នន័យពីវិទ្យាស្ថានប្រេង សហរដ្ឋអាមេរិក (American Petroleum Institute) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានដាំក្បាលចុះចំនួន១លានបារ៉ែល នៅក្នុងសប្តាហ៍ គិតត្រឹមថ្ងៃទី១២ ខែមីនា។ ក្រុមអ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters រំពឹងថា ស្តុកប្រេងឆៅអាចធ្លាក់ចុះ៣លានបារ៉ែល។
ក្នុងពេលជាមួយគ្នានេះដែរ ស្តុកប្រេងសាំងបានធ្លាក់ចុះតិចជាងការរំពឹងទុក ដោយបានធ្លាក់ចុះចំនួន៩២៦,០០០បារ៉ែល បើប្រៀបធៀបទៅនឹងការរំពឹងទុកថា នឹងធ្លាក់ចុះ ៣លានបារ៉ែល។
ព្យុះព្រិលទឹកកកដ៏អាក្រក់ មិនធ្លាប់មានជាប្រវត្តិសាស្ត្រ នៅក្នុងបណ្ដារដ្ឋភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យសមត្ថភាពចម្រាញ់ប្រេងរបស់ប្រទេសនេះ ធ្លាក់ចុះរហូតដល់ទៅជិត១ភាគ៣កាលពីខែមុន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here