ដោយ: ម៉ាលីនណា
ភ្នំពេញ: ទោះបីជាការផ្គត់ផ្គង់ មានភាពមិនទាន់ច្បាស់លាស់ក្តី ប៉ុន្តែអំបិលតម្លៃឯណោះវិញក៏មានការខុសគ្នាដែរ ដែលឆ្នាំនេះតម្លៃអំបិលមានការធ្លាក់ចុះប្រមាណ២,០០០រៀលក្នុងមួយបាវ។
ប្រធានសមាគមផលិតអំបិលខេត្តកែប កំពតលោក ប៊ុន បារាំងបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៦ មិនានេះថា តម្រូវការអំបិលទូទាំងកម្ពុជាក្នុងមួយឆ្នាំៗ មានចំនួនប្រមាណ១០ម៉ឺនតោន។ រីឯតម្លៃឆ្នាំនេះវិញក្នុងមួយបាវ មានតម្លៃតែ១៣,០០០រៀល គ្រាដែលឆ្នាំ២០២០ លក់បានក្នុងតម្លៃ១៥,០០០រៀល។
លោកបានបន្តថា “ហាងឆេងអំបិលឡើងចុះៗអញ្ចឹង ខណៈបច្ចុប្បន្នអ្នកធ្វើអំបិលទាំងអស់មានប្រមាណ២០០ក្រុមផលិត លើផ្ទៃដី៤,៥០០ហិចតា”។ លោកបន្តថា ខ្ញុំអត់ទាន់ហ៊ានសន្និដ្ឋានពីតម្លៃកើនឡើង ឬធ្លាក់បន្តទៀតឬយ៉ាងណាឡើយ ដោយរង់ចាំមើល ក្រែងលដល់ខែ៣ (មីនា) ខែ៤(មេសា) វារាំងទៅ (ភ្លៀងធ្លាក់) យើងអាចផលិតបានច្រើន បើសិនងាកភ្លៀងៗ វានឹងអាចខ្វះខាត”។
ជាមួយគ្នានេះ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានមានប្រសាសន៍ថា ទីផ្សារអំបិលឆ្នាំនេះមានតម្លៃចន្លោះ ១០,០០០ទៅ១១,០០០រៀលក្នុងមួយបាវ (៥០គីឡូ)។ ចំណែកឯការប្រមូលផលវិញ គិតត្រឹមដើមខែមីនា ឆ្នាំនេះ បរិមាណសរុបប្រមាណជាង៣២,០០០តោន។ អ្វីដែលជាការព្រួយបារម្ភ បើសិនជាពេលខាងមុខ នៅតែបន្តមានភ្លៀងកក់ខែ នោះការផលិតអំបិលនឹងកាន់តែទាប ព្រោះជិតផុតរដូវផលិតផងដែរ។
លោកបន្ថែមថា “ការផលិតអំបិលអាស្រ័យទៅលើអាកាសធាតុ អញ្ចឹងអាស្រ័យទៅលើនៅក្នុងខែមីនានេះ ហើយនៅក្នុងខែមេសា ខែឧសភា យើងអាចបន្តបានដែរអត់”។លោកបន្តថា “បើសិនជាខែមេសា អាកាសធាតុអំណោយផល ហើយខែឧសភា អាចផលិតបន្តបានអំបិលថា អាចហូបគ្រប់គ្រាន់ ហើយបើក្នុងករណីដែលខែមេសា មានភ្លៀងកក់មេច្រើនដង អញ្ចឹងអាចធ្វើឱ្យការផលិតអំបិល មិនអាចផ្គត់ផ្គង់ឱ្យទូទាំងប្រទេសគ្រប់គ្រាន់ទេ”។
យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២០ បានឱ្យដឹងថា ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែបមានទំហំសរុប៤,៧៤៨ ហិកតា។ ក្នុងករណីអាកាសធាតុអំណោយផល ដីស្រែមួយហិកតា អាចផលិតអំបិលបានជាមធ្យម២០តោនក្នុងមួយឆ្នាំ៕