ដោយ ម៉ា ណេត
ភ្នំពេញៈទីផ្សារមូលបត្រកម្ពុជាត្រូវបានបង្កើតឡើង ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុស៊ីជម្រៅ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
បច្ចុប្បន្នឧបករណ៍ហិរញ្ញវត្ថុ ដែលវិនិយោគិនអាចវិនិយោគបាន នៅក្នុងទីផ្សារមូលបត្រកម្ពុជា រួមមាន៖ ភាគហ៊ុន (Stock) សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) និងឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវ (Derivative product) និងលើឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដែលទទួលបានការអនុញ្ញាតពី គ.ម.ក.។
ដើម្បីឱ្យការវិនិយោគ ក្នុងទីផ្សារមូលបត្រទទួលបាននូវផលចំណេញ និងផលត្រឡប់មកវិញជាទីគាប់ចិត្ត វិនិយោគិនត្រូវយល់ដឹងឱ្យបានស៊ីជម្រៅ ពីផលិតផលហិរញ្ញវត្ថុដែលខ្លួនចង់វិនិយោគ ដូច្នេះយើងសូមពន្យល់ដោយសង្ខេប ពីផលិតផលហិរញ្ញវត្ថុនីមួយៗដូចខាងក្រោម។
អ្វីជាភាគហ៊ុន?
ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលអ្នកវិនិយោគភាគហ៊ុនមានភាពជាម្ចាស់កម្មសិទ្ធិ ១ ផ្នែកនៅក្នុងក្រុមហ៊ុននោះ។ អ្នកកាន់កាប់ភាគហ៊ុនហៅថាភាគហ៊ុនិកនឹងទទួលបានភាគលាភ ទៅតាមសមាមាត្រនៃចំនួនភាគហ៊ុនដែលកាន់កាប់ និងទៅតាមប្រាក់ចំណេញ ដែលក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ (Issuer) ទទួលបានដោយបែងចែកប្រចាំឆមាស ឬប្រចាំឆ្នាំ។
ម្យ៉ាងវិញទៀត ភាគហ៊ុនិកអាចទទួលបានប្រាក់ចំណេញមូលធន (Capital gain) តាមរយៈការលក់ភាគហ៊ុនទៅវិញ បើភាគហ៊ុននោះឡើងថ្លៃ។ លើសពីនេះទៀត ភាគហ៊ុនិកអាចបំប្លែងភាគហ៊ុនរបស់ខ្លួន ទៅជាសាច់ប្រាក់បានដោយងាយស្រួល និងគ្រប់ពេលដែលគេត្រូវការ តាមរយៈការលក់ភាគហ៊ុននៅលើទីផ្សារ។ ភាគហ៊ុនគឺជាឧបករណ៍ហិរញ្ញវត្ថុដែលមានប្រជាប្រិយភាពជាងគេបំផុត នៅក្នុងពិភពលោក ក៏ដូចជានៅទីផ្សារមូលបត្រកម្ពុជាផងដែរ។
អ្វីជាសញ្ញាបណ្ណសាជីវកម្ម?
សញ្ញាបណ្ណសាជីវកម្ម ជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រួមមានសាជីវកម្ម សហគ្រាសរដ្ឋ) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល) ហើយដែលមានន័យថា អ្នកកាន់កាប់សញ្ញាបណ្ណនេះ ជាអ្នកឱ្យលុយទៅគេខ្ចី ដោយទទួលបានមកវិញនូវការប្រាក់ ដែលបានកំណត់ទុកជាមុន (អត្រាគូប៉ុង) ហើយថ្លៃរបស់វាប្រែប្រួលនៅក្នុងដែន ដែលកំណត់ដោយអត្រាការប្រាក់។
អ្នកកាន់កាប់សញ្ញាបណ្ណសាជីវកម្ម នឹងត្រូវបានទូទាត់ប្រាក់សងវិញពេញលេញ (ទាំងប្រាក់ដើម និងការប្រាក់) នៅពេលដល់ឥណប្រតិទាន (Maturity date) ដែលជាទូទៅមានរយៈពេលពី ១ ឆ្នាំ ទៅ ១០ ឆ្នាំ ឬ ២០ ឆ្នាំ។ លើសពីនេះអ្នកកាន់កាប់សញ្ញាបណ្ណសាជីវកម្ម ក៏អាចបំលែងសញ្ញាបណ្ណទៅជាសាច់ប្រាក់ តាមរយៈការលក់នៅលើទីផ្សារផងដែរ ប៉ុន្តែការបំប្លែងទៅជាសាច់ប្រាក់មានភាពយឺតយ៉ាវ ដោយសារសន្ទនីយភាពទីផ្សារ (Market liquidity) នៅមានកម្រិតទាបនៅឡើយបើធៀបនឹងភាគហ៊ុន។ ដោយឡែកក្នុងករណីក្រុមហ៊ុនក្ស័យធន ម្ចាស់បំណុលត្រូវបានទូទាត់សងមុនម្ចាស់ភាគហ៊ុន។
អ្វីជាឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវ?
ឧបករណ៍និស្សន្ទ គឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយ នៃមូលបត្រដែលសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ទីផ្សារ លោហៈធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ ផលិតផលកសិកម្ម រួមទាំងរូបិយប័ណ្ណជាដើម ហើយត្រូវបានជួញដូរក្នុងទីផ្សារឧបករណ៍និស្សន្ទ។
វិនិយោគិនដែលធ្វើការជួញដូរ លើឧបករណ៍និស្សន្ទ អាចទទួលបាននូវប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស ក៏ប៉ុន្តែហានិភ័យក៏ខ្ពស់ដូចគ្នាដែរ ដែលគេតែងនិយាយថា High Risk High Return ហើយវិនិយោគិនអាចជួញដូរបាន ទៅលើគូរូបិយប័ណ្ណជាច្រើនប្រភេទដូចជា៖ EUR/USD, USD/JPY, GBP/USD, USD/CHF, AUD/USD, NZD/USD, USD/CAD, EUR/GBP, ហាងឆេងប្រេង និងហាងឆេង ផលិតផលកសិកម្មនានា (ពោត សណ្តែក ស្រូវសាលី ធ្យូងថ្ម) ជាដើម។
វិនិយោគិនអាចធ្វើការជួញដូរ ២៤ ម៉ោងក្នុង១ថ្ងៃ/៥ ថ្ងៃក្នុង ១ សប្តាហ៍ និងអាចដកប្រាក់ចំណេញ ឬជាសាច់ប្រាក់បានគ្រប់ពេល ប្រសិនជាមិនចង់វិនិយោគបន្តទៀត ឬនៅពេលចង់ចាកចេញពីទីផ្សារ។
អ្វីជាអាជីវកម្មគម្រោងវិនិយោគរួម (Collective Investment Scheme-CIS)?
CIS គឺជាប្រភេទអាជីវកម្មមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមូលនិធិណាមួយ ធ្វើការប្រមូលមូលនិធិ ឬ សាច់ប្រាក់ពីវិនិយោគិន និង/ឬសាធារណជន ដើម្បីវិនិយោគទៅលើគម្រោងដែលបានកំណត់ជាក់លាក់ណាមួយ។ ក្រុមហ៊ុនមូលនិធិអាចវិនិយោគបាន ទៅលើ៖ វិស័យអចលនទ្រព្យ ភាគហ៊ុន បណ្ណបំណុល វិស័យកសិកម្ម វិស័យបច្ចេកវិទ្យាជាដើម ដោយគម្រោងវិនិយោគទាំងនេះ ត្រូវបានគ្រប់គ្រងដោយបុគ្គល ដែលមានវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធក្នុងការវិនិយោគយូរឆ្នាំ ព្រមទាំងមានហានិភ័យទាបផងដែរ។ ចំពោះប្រាក់ចំណេញក្រុមហ៊ុន នឹងត្រូវធ្វើការបែងចែកទៅតាមសមាមាត្រ នៃចំនួនដែលវិនិយោគិនបានចូលរួម៕
បញ្ជីក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុន និងសញ្ញាបណ្ណសាជីវកម្មនៅផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនសមភាគីកណ្តាលក្រុមហ៊ុនបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន)៕
រៀបរៀងដោយ៖ គណៈកម្មការមូលបត្រកម្ពុជា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារ មូលបត្រ និងទំនាក់ទំនងអន្តរជាតិ៕