លោកស៊ូ សុជាតិៈបន្ទាប់ពីកូវីដទីផ្សារ​មូលបត្រ ជា​ជម្រើស​ដ៏ល្អប្រសើរ​មួយ​សម្រាប់​ម្ចាស់​សហគ្រាស​នៅ​កម្ពុជា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អគ្គនាយកគណកម្មការមូលបត្រកម្ពុជា លោកស៊ូ សុជាតិបានថ្លែងថា បន្ទាប់ពី​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ទីផ្សារ​មូលបត្រ គឺជា​ជម្រើស​ដ៏ល្អប្រសើរ​មួយ​សម្រាប់​ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា ​ក្នុង​ការប្រមូល​ដើមទុន​រយៈពេល​វែង សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន។

លោកបន្តថា ​ការប្រមូល​ដើមទុន​តាមរយៈ​ទីផ្សារ​មូលបត្រ ​បាន​ផ្តល់​នូវ​អត្ថប្រយោ​ជន៍​ដ៏ច្រើន​លើសលប់​ផ្សេងទៀត​ក្រៅពី​ដើមទុន ដូចជា ​ការបង្ហាញ​ពី​តម្លាភាព និង​ទំនុកចិត្ត​សម្រាប់​ក្រុមហ៊ុន ដែល​ជា​តម្លៃ​គោល​មួយ​ក្នុង​ការជំរុញ​នូវ​និរន្តរភាព ​អាជីវកម្ម​របស់​សហគ្រាស​។

ការធានាបាន​នូវ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សណ្តាប់ធ្នាប់ គឺជា​បេសកកម្ម​របស់ គ.ម.ក.។ អាស្រ័យ​ហេតុនេះ ដើម្បី​ដើរ​ឱ្យ​ស្របតាម​បេសកកម្ម និងចក្ខុវិស័យ​របស់ខ្លួន ការជំរុញ​ឱ្យមាន​ក្រុមហ៊ុន​ចុះបញ្ជី និង​ការជំរុញ​នូវ​សន្ទនីយ​ភាព​ទីផ្សារ គឺ​តែងតែ​ជា​ការងារ​គោល​របស់ គ.ម.ក. ដែល​ជា​អាជ្ញាធរ​ក្នុង​វិស័យ​មូលបត្រ​។ ទន្ទឹមនឹងនេះ ការធ្វើ​ពិពិធកម្ម​ផលិតផល​ហិរញ្ញវត្ថុ​នៅក្នុង​ទីផ្សារ​ក៏​ជា​គោលដៅ​យុទ្ធសាស្ត្រ​ឈានមុខ​ផងដែរ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​ឆ្នាំ​ ២០២១ យើង​រំពឹងថា​នឹង​មាន​ក្រុមហ៊ុន​ចុះបញ្ជី ​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ​យ៉ាង​ហោចណាស់​២បន្ថែមទៀត ហើយ​ការជួញដូរ មូលបត្រ​ក៏​នឹង​មាន​ភាពមមាញឹក និង​កើនឡើង​ផងដែរ​។

ចំពោះ​ការជួញដូរ​មូលបត្រ​វិញទៀត​សោត វិនិយោគិន ក៏ដូចជា​សាធារណជន​អាច​នឹង​ពិចារណា​ក្នុង​ការរក្សា​សាច់ប្រាក់​មួយចំនួន ​សម្រាប់​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ​។ នាពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ក៏បាន​ធ្វើការ​ជូនដំណឹង​អំពី​ការជួញដូរ​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត (Mobile Trading System-MTS) ដោយ​មិន​គិតថ្លៃ​សេវា​រហូតដល់​ចុងឆ្នាំ​២០២១ផងដែរ ដែល​ការណ៍​នេះ​ជា​កត្តា​វិជ្ជមាន​មួយ ​ដែល​ផ្តល់នូវ​ភាពងាយស្រួល​សម្រាប់​វិនិយោគិន ​ក្នុងការ​ដាក់​បញ្ជា​ជួញដូរ​មូលបត្រ ​ជាមួយ​នឹង​ថ្លៃ​ចំណាយ​ទាប​ជាង​មុន​។

លោកស៊ូ សុជាតិបានបន្តថា ទន្ទឹមនឹងនេះ​ផងដែរ ក្នុង​ឆ្នាំ​ ២០២១ យើង​ក៏​នឹងដាក់​ឱ្យ​ដំណើរការ​ផលិតផល​ហិរញ្ញវត្ថុ​ហៅថា គម្រោង​វិនិយោគ​រួម​ ដែល​តាមរយៈ​វត្តមាន​នៃ​ផលិតផល​នេះ នឹង​ជំរុញ​ឱ្យ​សកម្មភាព​ជួញដូរ​ នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ក៏ដូចជា​ជំរុញ​នូវ​ប្រសិទ្ធភាព ​នៃ​ការប្រមូល​សាច់ប្រាក់​ ដែល​នៅ​សេសសល់​នៅក្នុង​សេដ្ឋកិច្ចឱ្យ​មាន​ដំណើរការ​រស់​រវើក​ផងដែរ​។ ការលើកកម្ពស់​ការយល់​ដឹង​ តាមរយៈ​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ និង​ការពង្រឹង​ទំនុកចិត្ត​នៅក្នុង​ទីផ្សារ​ តាមរយៈ​ការពង្រឹង​នូវ​ការអនុវត្ត​ច្បាប់ និង​លើកកម្ពស់​ស្តង់ដា​វិជ្ជាជីវៈ​ជំនាញ​ នៅក្នុង​ទីផ្សារ​មូលបត្រ​ក៏​ជា​ការងារ​អាទិភាព​ជា​យុទ្ធសាស្ត្រ​សម្រាប់ គ.ម.ក. ក្នុង​ឆ្នាំ​ ២០២១ ផងដែរ​។

ក្នុង​ឆ្នាំ​ ២០២១ យើង​រំពឹង​ដាក់ឱ្យ​ដំណើរការ​នូវ​យន្តការ​នៃ​ការខ្ចី និង​ឱ្យ​ខ្ចី​មូលបត្រ ដោយ​ខណៈ​ពេលនេះ យើង​បាននិង​កំពុង​សិក្សា​ពី​យន្តការ​នេះ​។ ចំពោះ​ទីផ្សារ​មូលបត្រ​អនាគត គ.ម.ក. អាច​រំពឹងថា នឹង​រៀបចំ​បទប្បញ្ញតិ្ត​ពាក់ព័ន្ធ​ចប់សព្វគ្រប់ ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុងការ​អនុម័ត​នា​ឆ្នាំ​ ២០២១ ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here