គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជារកបានចំណូលជាង៤១លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ស្ថានមីក្រូហិរញ្ញវត្ថុ LOLC រកបានចំណូលការប្រាក់សរុបចំនួន១៦៧.៥៧៣លានរៀល (ជាង៤១លានដុល្លារ) ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ គ្រឹះ កើនជាងត្រីមាសទី៤ ឆ្នាំ២០១៩ ចំនួន១៧.៤៥៤លានរៀល ស្មើនឹង១២%។ នេះបើយោងតាមរបាយការរបស់ LOLC ដែលបង្ហាញនៅផ្សារមូលបត្រកម្ពុជានៅក្នុងសប្តាហ៍នេះ។

យោងតាមរបាយការណ៍បានឱ្យទៀតថា ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦៨.២៧០ លានរៀល កើនឡើង ចំនួន ៣៥.៦១១ លានរៀល ស្មើនឹង ១០៩% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ វឿនប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានថ្លែងថា ទោះបីជាបរិយាកាសប្រតិបត្តិការមានបញ្ហាប្រឈមខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក អិលអូអិលស៊ីនៅតែមានអាចរក្សាបាននូវគុណភាពឥណទានល្អ ត្រឹមត្រីមាសទី៤ ឆ្នាំ២០២០ ដោយសារអិលអូស៊ីបានធ្វើប្រតិបត្តិការប្រកបដោយភាពប្រុងប្រយ័ត្ន។

លោក បានថ្លែងទៀតថា “នៅក្នុងឆ្នាំ២០២០ អិលអូអិលស៊ីបានផ្តោតសំខាន់លើការពង្រីកបណ្តាញចែកចាយតាមប្រព័ន្ធបច្ចេកវិជ្ជា ដែលនឹងជួយ លើកកម្ពស់សេវាអតិថិជន និងបង្កើនប្រសិទ្ធភាព។

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២០ អិលអូអិលស៊ីបានដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគងជាមួយនឹងធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរប្រាក់រវាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលជាសមាជិកប្រព័ន្ធបាគង។

បន្ថែមលើនេះ អិលអូអិលស៊ីបានដាក់ឱ្យ ប្រើប្រាស់សេវាធនាគារតាមអីនធើណែតទៅគ្រប់សាខាទាំងអស់ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការបាន ដោយខ្លួនឯងគ្រប់ពេលវេលា ដោយពុំចាំបាច់ធ្វើដំណើរទៅការិយាល័យសាខា។

អិលអូអិលស៊ីកំពុងដាក់ឱ្យប្រើប្រាស់ សាកល្បងនូវប្រព័ន្ធធនាគារ Tablet ដែលអនុញ្ញាតឱ្យបុគ្គលិករបស់យើងធ្វើប្រតិបត្តិការ (ការវាយតម្លៃឥណទាន ការ ប្រមូលឥណទាន និងការបើកគណនីបញ្ញើសំចៃ) ពីឧបករណ៍ tablet devices ដែលនឹងជួយបង្កើនផលិតភាព និង ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។

អិលអូអិលស៊ីបាននឹងកំពុងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីធនាគារចល័តរបស់ ខ្លួនគឺ កម្មវិធី Pay Mobile Application ជាមួយនឹងភាពទាក់ទាញ និងការកែលម្អថ្មី ដែលអនុញ្ញាតឱ្យអតិថិជនអាច ធ្វើប្រតិបត្តិការបានដោយខ្លួនឯងនៅក្នុងទូរស័ព្ទដៃ។

អិលអូអិលស៊ីក៏បាននឹងកំពុងធ្វើសមាហរណកម្មជាមួយភាគីទីបី ដើម្បីផ្តល់នូវបណ្តាញចែកចាយកាន់តែច្រើន និងផ្តល់បទពិសោធន៍ដ៏ល្អប្រសើរដល់អតិថិជនរបស់យើង”។

សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន៦៦៥.៦១៨លានរៀល កើនចំនួន១៤២.៨៦៧លានរៀល ស្មើនឹង២៧% បើធៀបនឹងរយៈពេល១២ ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធ មានចំនួន១៧៩.៤៥១លានរៀល កើន ចំនួន៣៥.៧១៨លានរៀល ស្មើនឹង២៥% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំនួន៤.៣៣៤.៣៣៥លានរៀល កើនចំនួន២២១.២២៧លានរៀល ស្មើនឹង៥% និងមូលធនសរុប មានចំនួន ៧៣២.៨៥៨លានរៀល កើនចំនួន១៧៩.៤៥១លានរៀល ស្មើនឹង៣២% បើធៀបនឹង៣១ ខែធ្នូ ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here