ដោយលក្ខិណា
ភ្នំពេញៈ ការជួញដូរឧបករណ៍និស្សន្ទ ជាផ្នែកមួយនៃវិស័យមូលបត្រកម្ពុជា ដែលជាវិស័យថ្មីមួយក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ។ ក្នុងពេលបច្ចុប្បន្ននេះ ការជួញដូរឧបករណ៍និស្សន្ទ ត្រូវបានមើលឃើញថាចាប់ផ្ដើមកក្រើកបន្តិចម្ដងៗ បន្ទាប់ពីរាជរដ្ឋាភិបាលបាន
ផ្ដល់អាជ្ញាប័ណ្ណបន្តបន្ទាប់ទៅក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យថ្មីមួយនេះ ។
លោក George Black ប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុនGold Well Capital ជាក្រុមហ៊ុនជួញដូរឧបករណ៍និស្សន្ទមួយនៅកម្ពុជា បានអោយដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារមួយនេះ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហាក់មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានក្រុមហ៊ុនផ្ដល់នូវឧបករណ៍ និងសេវាកម្មប្រកបដោយវិជ្ជាជីវៈសម្រាប់វិនិយោគិនកម្ពុជា និងបាននាំអ្នកវិនិយោគ ចូលរួមជាមួយទីផ្សារអន្តរជាតិ ដើម្បីទាញយការវិនិយោគពីបរទេសផងដែរ។
លោកបន្តថា “តាមពិតទៅវិស័យនេះ វាបើកទូលាយសម្រាប់សាធារណជនក្នុងការវិនិយោគ មិនប្រកាន់មុខរបរការងារឡើយ មិនថាគ្រូពេទ្យ គ្រូបង្រៀន និស្សិត អាជីវករឬអ្នកជំនួញ”។ លោកបន្តថា “ការធ្វើអាជីវកម្មបែបនេះ ត្រូវមានការសហការគ្នាដើម្បីអោយមានការរីកចម្រើនកាន់តែខ្លាំង ជាក់ស្ដែងក្រុមហ៊ុនដែលលោកកំពុងបម្រើការ គឺបានធ្វើការសហការជាមួយក្រុមហ៊ុនឈ្មួញជើងសារដែលមានអាជ្ញាប័ណ្ណ ដោយប្រើយុទ្ធសាស្ត្រ ទីផ្សារផ្សេងគ្នា តែផ្ដោតទៅលើការអប់រំបណ្ដុះបណ្ដាលអតិថិជន ដើម្បីអោយវិនិយោគិនមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការវិនិយោគឈានទៅរកភាពជោគជ័យ”។
លោក George Blackបានបន្ថែមថា ទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា មានការបើកទូលាយ ដែលផ្ដល់ឱកាសដល់វិនិយោគដើម្បីធ្វើការវិនិយោគ ។ បច្ចុប្បន្នកម្ពុជា វិស័យមានច្បាប់ មានបទបញ្ញតិ្តដើម្បីការពារនូវផលប្រយោជន៍ របស់វិនិយោគិន ។ អ្វីដែលគួរអោយកត់សម្គាល់នោះ គឺមានប្រព័ន្ធធនាគារ ការពារដើមទុនរបស់វិនិយោគិនដែលបានបណ្ដាក់ទុន ជាមួយក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មនេះ ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានអ្នកជំនាញ ក្នុងការប្រឹក្សាយោបល់ដូចជាក្រុមហ៊ុន Goldwell Capital ដែលលោកកំពុងធ្វើការនេះជាដើម ។
លោកGeorge Black បានបន្ថែមទៀតថា កត្តាសំខាន់ដែលនឹងជំរុញអោយវិនិយោគិនអាចទទួលបានជោគជ័យ ក្នុងអាជីវកម្មជួញដូរឧបករណ៍និស្សន្ទ គឺបទពិសោធន៍ និងចំណេះដឹង ដែលបានមកពីបទពិសោធន៍ផងដែរ ។ អ្នកជំនាញក៏អាចជួយប្រឹក្សាយោបល់ដល់វិនិយោគិនថ្មីៗ ក្នុងវិស័យបានផងដែរ តែសំខាន់គឺអ្នកវិនិយោគត្រូវជ្រើសរើសយកអ្នកជំនាញណា ដែលមានបទពិសោធន៍ល្អៗក្នុងវិស័យនេះជាច្រើនឆ្នាំ ដើម្បីសហការជាមួយ ។
លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងកន្លងមកថា វិស័យមូលបត្រក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានសកម្មភាពកាន់តែខ្លាំង ជាពិសេសចាប់តាំងពីឆ្នាំ២០១៩កន្លងទៅនេះ ដែលអាចនិយាយបានថា ជាឆ្នាំសករាជ្យនៃវិស័យមូលបត្រ។ លោកបន្តថា គណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យនេះ ជាបន្តបន្ទាប់ ហើយក៏កំពុងពិនិត្យដែលអាចផ្ដល់ជូនបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់។
បើតាមលោកស៊ូ សុជាតិបានបញ្ជាក់ថា ទោះបីជាកំណើននៃអាជីវកម្មនេះ ក្នុងប្រទេសកម្ពុជាទទួលបានក្នុងកម្រិតនេះក្ដី តែបើប្រៀបធៀបនឹងប្រទេសជិតខាង កម្ពុជានៅមានកម្រិតនៅឡើយ ដោយសារតែវិស័យនេះជាវិស័យថ្មីនៅក្នុងប្រទេសកម្ពុជា ដែលត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ទីផ្សារនេះ តែយើងបានប៉ុណ្ណេះ ក៏ចាត់ទុកថា វាជាការល្អប្រសើរមួយដែរ៕