អគ្គរដ្ឋទូតអឺរ៉ុប៖ អឺរ៉ុបនឹងជួយកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ឡើងវិញ សហភាពអឺរ៉ុបដែលជាដៃគូអភិវឌ្ឍន៍សំខាន់របស់​កម្ពុជា បានពិភាក្សាពីរបៀបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា ក្នុងគោលបំណងពន្លឿន​វឌ្ឍនភាព អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរដ្ឋឡើងវិញក្រោយវិបត្តិកូវីដ១៩។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​នៅថ្ងៃទី៣ ខែកុម្ភៈថា ដើម្បីសម្រេចគោលដៅនៃការអភិវឌ្ឍ អឺរ៉ុបចាំបាច់ត្រូវធ្វើការកែលម្អរបៀបរបបធ្វើ​ការ​ងារ​របស់ខ្លួន ហើយនេះគឺជាគោលបំណងនៃកិច្ចពិគ្រោះយោបល់រវាងសហភាពអឺរ៉ុប និងអង្គការសហប្រជា​ជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា “គ្រប់ប្រទេសទាំងអស់ត្រូវយកធនធានមកប្រើប្រាស់សម្រាប់ការស្ដារឡើងវិញក្រោយជំងឺ​កូវីដ-១៩ ។ ប៉ុន្តែយើងមិនអាចត្រឡប់ទៅរករបៀបធ្វើការងារបែបគំរូចាស់នោះឡើយ ។ ប្រទេសនានាចាំបាច់​ត្រូវចាប់ផ្ដើមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យអភិវឌ្ឍន៍មានវិសាលភាពធំជាងនេះឆ្ងាយ”។

លោកស្រីបានបន្តទៀតថា ការអភិវឌ្ឍ សំដៅលើការបង្កើតឱកាសសម្រាប់មនុស្ស ធ្វើឱ្យជីវិតរបស់ពួកគេកាន់​តែមានភាពសម្បូរបែប ព្រមទាំងពង្រីកការអនុវត្តសិទ្ធិរបស់ពួកគេ។ ដូច្នេះ យើងចាំបាច់ត្រូវរិះរកវិធី ដើម្បីឱ្យ​ការអនុវត្តការងារទាំងនេះកាន់តែមានប្រសិទ្ធភាព និងស្វែងរកវិធីដើម្បីឱ្យយើងអាចសម្រេចលទ្ធផលបាន​កាន់តែប្រសើរ។

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា ភាពជា​ដៃគូស៊ីជម្រៅ មានសារៈសំខាន់ ជាពិសេស នៅក្នុងកាលៈទេសៈនាពេលនេះ ដែលវិសមភាពកំពុងមានការ​កើន​ឡើង និងនៅក្នុងកាលៈទេសៈនៃការស្ដារឡើងវិញពីជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវមានការពង្រឹងសាមគ្គីភាព និងការប្រកាន់យកស្មារតីពហុនិយម។

លោកស្រីបានថ្លែងថា សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិមានគុណតម្លៃរួមដូចគ្នា ហើយយើងប្ដេជ្ញាចិត្ត​លើកកម្ពស់ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍដោយចីរភាព និងការធានាឱ្យមានការផ្ដល់ភាពអង់អាច និង​ការ​ការពារមនុស្សជាតិ ព្រមទាំងភពផែនដីទាំងមូល។

សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប រួមគ្នា គឺជាដៃគូធំជាងគេទី ២ របស់កម្ពុជា បើគិតជា​ចំនួនថវិកាជំនួយសម្រាប់ការអភិវឌ្ឍ ដោយមានអង្គការសហប្រជាជាតិ ដើរតួនាទីជាទីភ្នាក់ងារអនុវត្តន៍ជា​ដរាបមក។

គម្រោងដែលសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រជាជាតិជាដៃគូកំពុងអនុវត្តនៅកម្ពុជា មានទឹកប្រាក់ជាង​១០០លានដុល្លារ ហើយជាគម្រោងដែលមានការចូលរួមពីពលរដ្ឋកម្ពុជានៅគ្រប់ស្រទាប់វណ្ណៈក្នុងវិស័យ ជាច្រើន ដូចជា អប់រំ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ច សិទ្ធិមនុស្ស សេវាគាំពារសង្គម ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍវិស័យឯកជន និងការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here