សម្តេចតេជោ៖ កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ៤ភាគរយនៅឆ្នាំ២០២១នេះ

ដោយ៖ សាវុធ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមាន​កំណើន​ឡើងវិញ ក្នុងអត្រា៤ភាគរយនៅឆ្នាំ២០២១នេះ ប៉ុន្តែទាមទារឱ្យការចូលរួមទប់ស្កាត់ ការរីករាលដាលនៃ​ជំងឺ​កូវីដ១៩។

សម្តេចតេជោ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាត-បាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា តាមការវាយតម្លៃសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០ រំពឹងថា​ធ្លាក់​ចុះត្រឹមតែ-១.៩ភាគរយប៉ុណ្ណោះ ប៉ុន្តែការវាយតម្លៃចុងក្រោយរបស់រាជរដ្ឋាភិបាល គឺធ្លាក់ចុះដល់ -៣.១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “យើងរំពឹងថា សេដ្ឋកិច្ចរបស់យើងនៅឆ្នាំ២០២១នេះ នឹងមាន​កំណើន៤ភាគរយត្រឡប់មកវិញ ប៉ុន្តែយើងត្រូវប្រឹងរួមគ្នា ដើម្បីទប់ស្កាត់កូវីដ១៩ ឱ្យបាន”។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងអំពីចំណូលគយ និងពន្ធដារ នៅខែមករា ឆ្នាំ២០២១ថា សម្រេចបានក្នុងទឹកប្រាក់ជាង៤០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ស្ថាប័នអន្តរជាតិល្បីៗ ក៏បានព្យករពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុង​ឆ្នាំ២០២១​នេះផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០% ប៉ុន្តែធនាគារនេះអះអាងថា កំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅ​ក្នុង​ឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។

សម្រាប់ធនាគារពិភពលោក (World Bank) វិញបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងរួញ-២ភាគរយ​ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់ បានប្រហែលជិត៤ភាគរយក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here