NBC បានចេញផ្សាយមូលបត្រអាចជួញដូរបានមានតម្លៃជាង៣០ពាន់លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញផ្សាយមូលបត្រអាចជួញដូរបាន (NCD) ជាប្រាក់ដុល្លារមានតម្លៃជាង៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២០ កើនឡើង៤៥,៣ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការចេញផ្សាយ NCD ជាប្រាក់រៀលមានតម្លៃ១០,៩ទ្រីលានរៀល កើនឡើងត្រឹម៥ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ NBC កាលពីម្សិលម៉ិញ។

របាយការណ៍បានឱ្យដឹងថា NCD បានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការចេញផ្សាយ NCD ចារឹកជាដុល្លារអាមេរិកមាន៣០,៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ កើនឡើង ៤៥,៣% ធៀបនឹងឆ្នាំមុន ដោយសារគ្រឹះស្ថានធនាគារមានសន្ទនីយភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ការចេញផ្សាយ NCD ចារឹកជារៀលមាន១០,៩ ទ្រីលានរៀល ដោយបានកើនឡើងត្រឹម៥%ប៉ុណ្ណោះ។ ទន្ទឹមនេះ អត្រាការប្រាក់ NCD ត្រូវបានកាត់បន្ថយ ក្នុងគោលបំណងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្វែរសន្ទនីយភាពពីការទិញ NCD ទៅផ្តល់ឥណទានសម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលបាននិងកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសុខភាពពិភពលោក។

ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ ពីឥទ្ធិពលនៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជាបានអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម និងបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយបានបង្កើនកម្រិតសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ និងបានពង្រឹងជំនឿទុកចិត្តមកលើវិស័យធនាគារនិងប្រាក់រៀល។

ជាក់ស្តែង អត្រាប្រាក់បម្រុងកាតព្វកិច្ចទាំងប្រាក់រៀល និងរូបិយប័ណ្ណ ត្រូវបានទម្លាក់មកត្រឹម៧% ស្របពេលដែលអត្រាការប្រាក់លើមូលបត្រអាចជួញដូរបាន (NCD) និងប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) ត្រូវបានបន្ទាប ដើម្បីកាត់បន្ថយថ្លៃដើមលើប្រាក់កម្ចីជារៀល។

NCD បានបម្រើដល់ការរក្សាសន្ទនីយភាពលើស របស់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ ដែលក្នុងនោះការចេញផ្សាយ NCD ចារឹកជាដុល្លារអាមេរិកមាន៣០,៨ពាន់លានដុល្លារ អាមេរិក ដែលបានកើនឡើង៤៥,៣ភាគរយ និងជារៀលមាន១០,៥ទ្រីលានរៀល ដោយមានកំណើន៥ភាគរយ។

 

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានផ្គត់ផ្គង់សន្ទនីយភាពជារៀលទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានតម្រូវការសន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការ LPCO ចំនួន២៣លើក សរុប៥,៥ទ្រីលានរៀល ដែលបានកើនឡើង២៤,៥ភាគរយ។

ក្នុងបរិការណ៍នៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ច បរិមាណរូបិយវត្ថុទូទៅ (M2) ក៏បានថយចុះផងដែរ ក្នុងអត្រា ១៨.៧ភាគរយ (ទាបជាងគ្រាដូចគ្នាឆ្នាំមុន ដែលមានកម្រិត១៨,២ភាគរយ) ប៉ុន្តែស្ថិតក្នុងកម្រិតសមស្រប សម្រាប់គាំទ្រតម្រូវការរូបិយវត្ថុក្នុងសេដ្ឋកិច្ច។ ឥណទានជាប្រាក់រៀលធៀបនឹងសំពៀតឥណទានសរុបរក្សាបានក្នុងកម្រិត១២,៨ភាគរយ ហើយកម្រិតដុល្លារូបនីយកម្ម (ប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ) នៅបន្តស្ថិតក្នុងកម្រិតខ្ពស់៨៣,៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here