ក្រុមហ៊ុនដ៏ធំមួយរបស់ចិនបង្កើបពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីបម្រើឱ្យវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុន Khmer Holding Group ដឹកដោយលោកឆាវ អ៊ីនទ័រ បានប្រកាសថា ក្រុមហ៊ុនជ្រើសរើសរកទីតាំងនៅខេត្តកំពង់ស្ពឺ និងទីតាំងអាទិភាពមួយចំនួន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បម្រើឱ្យវិស័យកសិ-ឧស្សាហកម្ម។

ការលើកឡើងពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុននេះធ្វើឡើង ក្នុងជំនួបប្រជុំរវាងលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោកឆាវ អ៊ីនទ័របានថ្លែងថា “ខេត្តកំពង់ស្ពឺជ្រើសរើសរកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បម្រើឱ្យវិស័យកសិ-ឧស្សាហកម្ម ហើយបច្ចុប្បន្ន ទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងទៀតថា អ្វីដែលសំខាន់ចង់ជម្រាបជូនលោករដ្ឋមន្ត្រីនាពេលនេះផងដែរ គឺគម្រោងនេះទទួលបានកិច្ច សហការពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់មួយដោយមានតំណាងអញ្ជើញមកចូលរួម ផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Khmer Holding Group ក៏បានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹង ត្រែង និងខេត្តកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។

លោករដ្ឋមន្ត្រីបានថ្លែងថា “តំបន់សេដ្ឋកិច្ចពិសេស គួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ”។

លោកបាថ្លែងបន្តថា គម្រោងវិនិយោគ ដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។

លោកបានបន្តថា កសិកម្មកម្ពុជាមានសក្តានុពល តែយើងនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពលដែលយើងមានឲ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here