ADB: កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់វិស័យសំខាន់ៗ

ដោយ: លក្ខិណា

ភ្នំពេញ: បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូ។

ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជា ព្រោះ វិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។ ADB រកឃើញថាបច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរនិងទេសចរណ៍ ប៉ុន្តែការបាត់បង់ នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាច បង្កើតកំណើនការងារ ៣៩%សម្រាប់ឧស្សាហកម្មកាត់ដេរ និង ២%សម្រាប់វិស័យទេសចរណ៍ ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស ធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា បានមានប្រសាសន៍ថា ខណៈដែល 4IR អាចនាំដល់បំរែបំរួលការងារ និងជំនាញ នៅប្រទេសកម្ពុជា យើង ត្រូវតែដោះស្រាយផលប៉ះពាល់ដែលនឹងមានលើស្ត្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានថ្លែងថា “យើងត្រូវតែបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យា 4IR និងអត្ថប្រយោជន៍របស់វា ជួយសហគ្រាស រួមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចទទួលយក បច្ចេកវិជ្ជាជឿនលឿននេះ និងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងជំនាញ និងបង្កើតជំនាញ រួមទាំងតាមរយៈការលើកទឹកចិត្ត ដោយការអនុគ្រោះពន្ធ ដើម្បីធានាថាគ្មាននរណាម្នាក់ មិនត្រូវបាន គិតគូរដល់”។

ខណៈរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR ការស្ទង់មតិលើនិយោជក នៅក្នុងឧស្សាហកម្មទាំងពីរបង្ហាញពីការយល់ដឹងមានកម្រិតលើបច្ចេកវិទ្យា 4IR ។ ឧទាហរណ៍មានតែ ២៨% នៃនិយោជករោងចក្រកាត់ដេរនិង ៣៥%នៃនិយោជកក្នុងទេសចរណ៍ ដែលត្រូវបានស្ទង់មតិ បាន ឯកភាពឬឯកភាពទាំងស្រុង នៅពេលសួរថាតើពួកគេមានការយល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការ ពាក់ព័ន្ធ នៃបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនរបស់ពួកគេដែរឬទេ។ និយោជកនៅក្នុងប្រទេសកម្ពុជាបង្ហាញ ការយល់ដឹងទាបជាងអំពី 4IR បើប្រៀបធៀបនឹងនយោជក ដែលបានធ្វើការស្ទង់មតិ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។

អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB លោកស្រី Shanti Jagannathan មានប្រសាសន៍ថា “នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថលនឹងជួយបង្កើនឱកាសរបស់យុវជននិងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់និងបន្ថយហានិភ័យនៃការបាត់បង់ការងារ”។

លោកស្រីបានបន្តថា “ឥឡូវនេះ គឺជាពេលវេលា ដើម្បីគិតឡើងវិញ នូវការផ្តល់ជំនាញដោយប្រើ វេទិកានិម្មិតនិងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សានិងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here