និន្នាការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរមាន សន្ទុះកើនឡើងក្នុងវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងពេលដែលកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ ហើយមនុស្សត្រូវរក្សាគម្លាត និងកាត់បន្ថយការប៉ះពាល់របស់រួមគ្នា ជំរើសទូទាត់តាមបច្ចេកវិទ្យាឌីជីថល ដូចជាតាមម Mobile App  របស់ធនាគារនិងមីក្រូហិរញ្ញវត្ថុ ហាក់ទទួលបានកំណើនខ្ពស់ និងមានការប្រើប្រាស់កាន់តែច្រើនពីពលរដ្ឋ ជាពិសេសយុវវ័យសម័យថ្មី។

ទន្ទឹមនឹងកំណើននៃការប្រើប្រាស់កម្មវិធីទូទាត់ ការចំណាយតាមរយៈបច្ចេកវិទ្យាឌីជីថលនេះដែរ ស្ថាប័នហិរញ្ញវត្ថុនានា ក៏បានធ្វើបច្ចុប្បន្នភាព App របស់ខ្លួន ដើម្បីជំរុញដល់ការប្រើប្រាស់បន្ថែមទៀត។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងពេលដែលយើងជួបប្រទះនឹងបញ្ហា យើងត្រូវចេះកែច្នៃបញ្ហាទៅជាឱកាសដោ​យមិនត្រូវខ្វាយខ្វល់ពេកនោះទេ ជាក់ស្ដែងនៅពេលដែលមានជំងឺកូវីដ១៩ ហើយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកហាមប្រាម និងឱ្យកាត់បន្ថយនូវការប្រើប្រាស់របស់រួមគ្នា ក៏ដូចជា ជំរុញឱ្យពលរដ្ឋទាំងអស់កុំចេញក្រៅបើពុំចាំបាច់នោះ ការប្រើប្រាស់ការទូទាត់តាមឌីជីថល ជាពិសេសតាមទូរសព្ទបានកើនឡើង និងអាចទូទាត់នៅផ្ទះ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនគារឬកន្លែងទូទាត់ ដូចជាទូទាត់វិក្ក័យបត្រភ្លើង ទឹក និងទូទាត់ផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “តាមរយៈម៉ូបាលអេប អតិថិជនអត់ចាំបាច់ធ្វើដំណើរ ដែលជាការសន្សំសំចៃមួយជូនអតិថិជន ហើយបើអតិថិជនមានអាជីវកម្ម ក៏អាចគ្រប់គ្រងអាជីវកម្មនៅនឹងកន្លែងបានទៀត ដោយអាចធ្វើការផ្ទេរប្រាក់ បង់ថ្លៃសេវាផ្សេងៗ ដូចមានធនាគារមួយនៅផ្ទះផងដែរ”។

លោកបណ្ឌិតបន្តថា  នៅពេលអតិថិជនប្រើប្រាស់ឌីជីថលនេះ កាន់តែច្រើនក៏អាចជួយសន្សំសំចៃដល់ស្ថាប័នធនាគារផងដែរ ជាក់ស្ដែងនៅពេលមានអ្នកប្រើប្រាស់ច្រើន នឹងធ្វើឱ្យប្រតិបត្តិការនៅតាមការិយាល័យថយចុះ ដែលធ្វើឱ្យយើងប្រើប្រាស់ធនធានមនុស្សកាន់តែតិច ហើយចាយប្រាក់តិចជាងមុន។

លោកគា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ និងជាប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងផងដែរថា ការទូទាត់ដោយមិនប្រើក្រដាសប្រាក់ គឺកំពុងមានកំណើនបន្តិចម្ដងៗ ដោយសារតែមានប្រតិបត្តិការងាយស្រួល ជាពិសេសការទូទាត់ដោយប្រើQR Code ដោយអតិថិជន និងម្ចាស់អាជីវកម្មមិនភ័យព្រួយពីការអាប់ប្រាក់និងក្រដាសក្លែងក្លាយជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here