កម្ពុជាជំរុញការធ្វើពាណិជ្ជកម្មតាមរយៈការទូតដើម្បីបង្កើនការនាំចេញបន្ថែម

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ដើម្បីជំរុញពាណិជ្ជកម្មក្រៅប្រទេសបន្ថែម កម្ពុជាបានជំរុញឱ្យមានការធ្វើពាណិជ្ជកម្មតាមរយៈការទូត ដោយដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ខណៈយុទ្ធសាស្ត្រនេះនឹងពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅប្រទសផងដែរ។

លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះថា យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើង នៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួប ក្នុងរយៈពេលជាង៣ទសវត្ស ចុងក្រោយនេះ។

លោកបានបន្តថា ការគំរាមគំហែងនេះ បណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន ក្នុងនោះកត្តាធំជាងគេ២គឺ កត្តាធម្មជាតិ និងកត្តាមនុស្ស។ ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មិនត្រឹមតែលាតសន្ធឹង លើ វិស័យសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ហក់ចូលក្នុងសង្វៀននយោបាយ ដោយការធ្វើនយោបាយតូបនីយកម្ម ដើម្បីយកកំហុស នៃអសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ជំងឺនេះ ទៅទំលាក់ឱ្យអ្នកដទៃ។ កត្តាមនុស្សនេះ កំពុងធ្វើឱ្យស្ថិរភាព និងវិបុលភាព រយៈពេលជាង៧០ឆ្នាំ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើពហុប៉ូលនិយម និងច្បាប់អន្តរជាតិនោះ ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង។

លោកបានបន្ថែមថា ការប្រជែងគ្នារវាងមហាអំណាចអាមេរិកនិងចិន នាដើមអាណត្តិរបស់ប្រធានាធិបតី Trump បានចាប់ផ្តើម ពីការបង្កសង្គ្រាមពាណិជ្ជកម្មនោះ បានរីករាលដាល ដល់សមរភូមិផ្សេងទៀតមាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទំលាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។

លោកបានថ្លែងថា “អ្វីដែលធ្ងន់ធ្ងរនោះ គឺការរួមបញ្ចូលគ្នា នៃកត្តាទាំងពីរក្នុងពេលតែមួយ ពោលគឺរដ្ឋាភិបាលត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និងដោះស្រាយបញ្ហាប្រឈមខាង សេដ្ឋកិច្ចនិងសង្គម ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសំរាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មារបស់យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA ២០% បន្ថែមទៀត”។

លោកបន្ថែមទៀតថា ទណ្ឌកម្មដែល EU បានសម្រេចដាក់មកលើកម្ពុជា ក្នុងគ្រាដែលប្រទេសតូចមួយនេះ កំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាង ធនធានគ្រប់ប្រភេទ និងមធ្យោបាយចំរុះ ដើម្បីទប់ទល់ នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋកិច្ចដួលរំលំផង ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហៅយ៉ាងច្បាស់ក្នុងសុន្ទរកថា ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៥ ថា ជាភាពអយុត្តិធម៌។

ជាងនេះទៅទៀត ក្រសួងការបរទេសបានប្តេជ្ញា រៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ដើម្បីជាត្រីវិស័យ ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់និងអន្តរជាតិ ដោយផ្តោតទៅគោលដៅ ៤ធំៗ គឺ ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា តាមរយៈយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ច ក្រសួងការបរទេស នឹងដើរតួជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុន ផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើន នៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនិងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស និងអភិវឌ្ឍធនធានអ្នកការទូត ជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់ សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិ លើគ្រប់ វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here