រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ចំនួន៣  ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយវិបត្តិ​ជំងឺ​កូ​វីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជា​បានរៀបចំ​ផែនការ ដែល​នឹង​ផ្តោតលើ​អភិក្រម​ចំនួន៣  ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ១៩ សម្រាប់​ឆ្នាំ២០២១-២០២៣   ខណៈ​ពិភពលោក​នៅមាន​ភាពភ័យខ្លាច ចំពោះ​ការដួលរលំ​សេដ្ឋកិច្ចពិភពលោក ដោយសារ​ជំងឺ​កូ​វីដ-១៩ ។

លោក​វ​ង្សី វិស្សុត​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ពិគ្រោះ​យោបល់ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អំពី​ទស្សនវិស័យ សេដ្ឋកិច្ចកម្ពុជា និង​ផែនការ​ស្តារ សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ន៍​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​មិនទាន់​ចប់​ទេ ទោះបីជា​យើង​បាន​ឃើញថា មាន​ពន្លឺ​នៃ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ចពិភពលោក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ក្តី បន្ទាប់ពី​យើង​បាន​ជួបប្រទះ​នូវ​ភាពភ័យខ្លាច នៃ​ការដួលរលំ​នៃ​សេដ្ឋកិច្ចពិភពលោក ដោយសារ​ជំងឺ​កូ​វីដ-១៩ ពិសេស​នៅ​អំឡុងពេល នៃ​ការ​រាតត្បាត​ខ្លាំង​នៅក្នុង​ខែមីនា-មេសា កាលពី​ឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ រលក​ថ្មី​នៃ​ការ​ងើបឡើង​វិញ នៃ​ជំងឺ​នេះ ពិសេស​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​ប្រភេទ​ថ្មី នៅតាម​បណ្តា​ប្រទេស​មួយចំនួន បាននិងកំពុង​បង្កើត ឱ្យមាន​ក្តីបារម្ភ​ថ្មី ចំពោះ​ពិភពលោក ដែល​ប្រការនេះ នឹង​ធ្វើឱ្យ​ស្ថានភាព សេដ្ឋកិច្ចពិភពលោក បន្ត​ស្ថិតក្នុង​ភាព មិន​ច្បាស់លាស់​តទៅទៀត។ ពិតណាស់ថា វ៉ាក់សាំង​នឹង​ជួយ​ធ្វើឱ្យ​យើង អាច​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​ក្តី តែ​ចំណោទ​អំពី​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ។

លោក​ក៏បាន​បន្តទៀតថា កម្ពុជា​ដែលជា​ផ្នែក​មួយ នៃ​ពិភពលោក មិនអាច​ជៀសផុត​ពី​ជំងឺ​នេះ​ទ តែ​រហូតមកដល់​នឹង​ពេលនេះ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ វ័យឆ្លាត និង​ម៉ឺងម៉ាត់​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន ដែលជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ធ្វើឱ្យ​កម្ពុជា​យើង​មាន​សមត្ថភាព និង​លទ្ធភាព​អាច​គ្រប់គ្រង​សភាព ការណ៍​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ទាំង​លើ​សមរភូមិ​សេដ្ឋកិច្ច និង​សមរភូមិ​សុខមាលភាព ប្រជាជន។

លោក​បន្តថា “ក៏ប៉ុន្តែ​កម្ពុជា​នៅមាន​ហានិភ័យ​ធំ​នៅឡើយ ពិសេស​ការព្រួយបារម្ភ​បន្ទាប់ពី មានការ​រកឃើញ នូវ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចំពោះ​ពលករ​កម្ពុជា ជា​បន្តបន្ទាប់ ដែល​ពួកគាត់ ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដែល​កំពុងមាន​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩” ។

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ក្របខណ្ឌ​នៃ​ផែនការ ស្តារ​សេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ សម្រាប់​ឆ្នាំ២០២១-២០២៣ នឹង​ផ្តោតលើ​អភិក្រម​ចំនួន៣រួមមាន ទី១ យុទ្ធសាស្ត្រ ដើម្បី​រស់ (Survival) ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ផង និង​ដើម្បី​បន្ត​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ-១៩ ផង ព្រមទាំង​ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាជន និង​អាជីវកម្ម និង​ធុរកិច្ច ពិសេស​ក្នុង​វិស័យ ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង និង​ក្នុង​វិស័យថ្មីៗ ដែលមាន​សក្តានុពល ព្រមទាំង​ការបង្កើត​ការងារ​បន្ថែម​ឱ្យបាន​ច្រើន និង​ការជំរុញ​ការប្រើប្រាស់ និង​ការចំណាយ​ក្នុងស្រុក។

នៅក្នុង​ក្របខណ្ឌ​នេះ រាជរដ្ឋាភិបាល នឹង​បន្ត​អនុវត្ត​នូវ​រាល់​កម្មវិធី​ជំនួយ សង្គម​នានា​ដែលមាន​ស្រាប់ ក៏ដូចជា​បន្ត​នូវ​អន្តរាគមន៍ផ្សេងៗ របស់​រាជរដ្ឋាភិបាល ដូចជា​ការបន្ត​អនុវត្ត​នូវ​កម្មវិធី សាច់ប្រាក់​ពលកម្ម​ជាដើម។

ទី២ ការកែទម្រង់ (Reform) សំដៅ​ព​ន្លឿ​ន​ការធ្វើ​ពិពិធ​កម្ម ទាំង​ផ្នែក​ផលិតកម្ម សេវាកម្ម និង​ទីផ្សារ ព្រមទាំង​ការលើកកម្ពស់​ភាព ប្រកួតប្រជែង ដោយ​ផ្ដោតលើ​ការ ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការវិនិយោគ និង​ធុរកិច្ច ព្រមទាំង​ការជំរុញ និង​អភិវឌ្ឍ​ឌី​ជី​ថ​លូ​ប​នីយកម្ម ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ក្នុង​គោលដៅ​ប្រែក្លាយ វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ ឱ្យក្លាយ​ទៅជា​ឱកាស។

ទី៣ ការកសាង​ភាព​ធន់ (Resilience) ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ការកសាង និង​ពង្រឹងសមត្ថភាព​ស្ថាប័ន ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​គន្លឹះ, ការបង្កើន​ការអភិវឌ្ឍ​ធនធានមនុស្ស ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​សុខាភិបាល ការធានា​ធនធាន​ក្នុងស្រុក​គ្រប់គ្រាន់ ដោយ​ការបង្កើន​លំហរ​ថវិកា ការធានា​ភាព​ធន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ តាម​ការអភិវឌ្ឍ​យន្តការ​ឆ្លើយតប​ទៅនឹង​វិបត្តិ និង​ការបង្កើន​ប្រភព​ហិរញ្ញប្បទាន​ក្នុងស្រុក (ដូចជា ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ) ការកាត់បន្ថយ​ភាព​ពឹងផ្អែក​ខ្លាំង​លើ​កត្តា​ខាងក្រៅ ដោយ​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម និង​ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​រឹងមាំ ព្រមទាំង​ការលើកកម្ពស់​ការអភិវឌ្ឍ​បៃតង (Green Growth) ដែល​ធានា​តុល្យភាព​រវាង​តម្រូវការ​អភិវឌ្ឍន៍ និង​ការ​បន្ស៊ាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here