ដោយ សុខុម
វ៉ាស៊ីនតោន: ប្រភពបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១២ មករាថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងខែនេះបានព្រមានបណ្ដាក្រុមហ៊ុនអឺរ៉ុប ដែលខ្លួនសង្ស័យថាកំពុងលួចជួយតបណ្ដាញបំពង់ឧស្ម័នក្នុងគម្រោង Nord Stream 2 របស់ប្រទេសរុស្ស៊ី ថា ពួកគេប្រឈមហានិភ័យដាក់ទណ្ឌកម្ម ស្របពេលរដ្ឋការដែលជិតចប់អាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងត្រៀមវិធានការជុំចុងក្រោយដើម្បីដាក់ទណ្ឌកម្មលើគម្រោងនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៣ មករា។
ប្រភពចេញពីរដ្ឋាភិបាលអាមេរិក បាននិយាយដោយសុំមិនបញ្ចេញអត្តសញ្ញាណថា “យើងកំពុងព្យាយាមជូនដំណឹងទៅដល់ក្រុមហ៊ុននានាអំពីហានិភ័យនេះ ហើយបានជំរុញឱ្យពួកគេដកខ្លួនចេញជាបន្ទាន់ មុននឹងអ្វីៗហួសពេល” ។
ប្រភពដដេលបានបន្តថា តាមការរំពឹងទុក ក្រសួងការបរទេសសហរដ្ឋអាមេរិក អាចនឹងចេញរបាយការណ៍មួយត្រឹមថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ សប្ដាហ៍នេះស្ដីពីបណ្ដាក្រុមហ៊ុនដែលខ្លួនជឿថាកំពុងលួចជួយក្នុងគម្រោងតបណ្ដាញបំពង់ឧស្ម័ននពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ខាងលើនេះ។ ក្រុមហ៊ុនដែលអាចជាប់ឈ្មោះក្នុងរបាយការណ៍នោះរួមមានទាំងក្រុមហ៊នផ្ដល់ការធានារ៉ាប់រង ក្រុមហ៊ុនជួយតបំពង់ទុយោក្រោមបាតសមុទ្រ ឬក្រុមហ៊ុនពិនិត្យផ្ទៀងផ្ទាត់គ្រឿងចក្រសាងសង់សម្រាប់គម្រោងនេះផងដែរ។
ក្រុមហ៊ុនទាំងនោះអាចប្រឈមហានិភ័យទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រោមច្បាប់ជាធរមាន ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនទេនោះ។
ប្រភពដដែលគូសបញ្ជាក់ថា ក្រុមហ៊ុន Zurich Insurance Group អាចនឹងជាប់ឈ្មោះក្នុងរបាយការណ៍នោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ។
គម្រោងយក្សដែលមានទំហំទឹកប្រាក់រហូតដល់ទៅ ១១ ពាន់លានដុល្លារអាមេរិក ដែលជាគម្រោងធំបំផុតមួយរបស់រុស្ស៊ី នៅអឺរ៉ុប នេះបានបង្កភាពតានតឹងយ៉ាងខ្លាំងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូ។
រដ្ឋការរបស់លោក ដូណាល់ ត្រាំ បាននិយាយថា គម្រោងយក្សនេះនឹងជួយបង្កើនឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់រុស្ស៊ី លើអឺរ៉ុប។
ជាការឆ្លើយតប រដ្ឋាភិបាលក្រុងមូស្គូ បានអះអាងថា គម្រោង Nord Stream 2 ដែលដឹកនាំដោយក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី នេះគ្រាន់តែជាគម្រោងពាណិជ្ជកម្មប៉ុណ្ណោះ ហើយប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ក៏បានអះអាងយ៉ាងដូច្នេះដែរ។
ប្រធានាធិបតីទើបជាប់ឆ្នោត ចូ បៃឌិន ក៏បានជំទាស់នឹងគម្រោងនេះដែរ តាំងពីលោកកាន់តំណែងជាអនុប្រធានាធិបតីក្រោមរដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា។ ទោះជាយ៉ាងណា គេមិនច្បាស់ទេថាតើលោក ចូ បៃឌិន នឹងមានឆន្ទៈសម្រុះសម្រួលគម្រោងនេះឬយ៉ាងណាឡើយ ក្រោយលោកចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីនៅថ្ងៃទី២០ មករា ដ៏ខ្លីខាងមុននេះ៕