រដ្ឋាភិបាលចាប់ផ្តើមបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីរៀបចំទិញវ៉ាក់សាំងកូវីដ១៩

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំពិភាក្សាលើកទី១លើ ក្រុមការងារទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការពិគ្រោះ​យោបល់​អំពីយុទ្ធសាស្រ្ត និងផែនការធ្វើលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនប្រជាជនកម្ពុជា​ឱ្យ​បានលឿននិងឆាប់រហ័សសមល្មមនឹងតម្រូវការកម្ពុជា ដោយធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជា​ប្រធានក្រុមការងារទទួលបន្ទុកការចរចា និងការពិគ្រោះយោប​ល់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដឹកនាំ​កិច្ច​ប្រជុំលើកទី១នេះ បានថ្លែងអោយដឹងថា យោងតាមសេចក្តីសម្រេចលេខ ១០៩ សសរ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួងមានភារកិច្ចចរចា និងពិគ្រោះយោបល់ជាមួយនឹង​ដៃគូអភិវឌ្ឍ ទាំងទ្វេភាគីនិងពហុភាគី ក្នុងការទិញវ៉ាក់សាំងក្នុងទំហំសមល្មម ទៅនឹងតម្រូវការជាក់ស្តែង​របស់​កម្ពុជាក្រោមទម្រង់ជំនួយឥតសំណង ឬក្រោមឥណទានសម្បទាន ឬក្រោមថវិកាសប្បុរសជន ឬថវិកាជាតិក្នុង​តម្លៃ​សមរម្យ ព្រមទាំងកំណត់មុខសញ្ញាក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមានភាពសមស្របបំផុតទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងត្រូវបានទទួលស្គាល់លើសុវត្ថិភាព, ប្រសិទ្ធភាព និងគុណភាពជាផ្លូវការ​ពីអង្គការសុខភាពពិភពលោក (WHO)។

ទន្ទឹមនឹងនេះ ក្រុមការងារក៏ត្រូវគិតគូរ ទៅលើទិដ្ឋភាពភូមិសាស្រ្តនយោបាយអន្តរជាតិ និងឈរលើផល​ប្រយោជន៍​ជាតិជាធំ ក្នុងភាពជាម្ចាស់ប្រទេសនិងធានាឱ្យបាននូវការដឹកជញ្ជូនវ៉ាក់សាំងនេះ មកកាន់ប្រទេស​កម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ថា “ទោះបីការអភិវឌ្ឍន៍វ៉ាក់សាំង មកទល់នឹងពេលនេះកាន់​តែរីកចម្រើនទៅមុខ ហើយមានប្រទេសខ្លះបានចាប់ផ្តើម ការចាក់វ៉ាក់សាំងជាបណ្តើរៗក្តីតែចំណោទអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទេ នៅតែមិនទាន់​មានភាពច្បាស់លាស់ទាំងស្រុងនៅឡើយ”។ លោកបន្តថា “ពិភពលោកនៅមិនទាន់អាច​ផ្តើមការ​ចាក់វ៉ាក់សាំងជាទូទៅនៅឡើយទេ ហើយអង្គការសុខភាពពិភពលោក (WHO) ទើបតែផ្តល់ការអនុ​ញ្ញាតឱ្យប្រើ​ប្រាស់វ៉ាក់សាំង Pfizer / BioNTech សម្រាប់តែករណីបន្ទាន់ (emergency use) ប៉ុណ្ណោះ”។

លោកមានប្រសាសន៍ថា ពិតណាស់ថា ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់សម្រាប់លុបបំបាត់ជំងឺកូវីដ-១៩ក្តី តែវត្តមាននៃវ៉ាក់សាំងក៏មានភាពចាំបាច់ណាស់ សម្រាប់ការយកឈ្នះលើជំងឺកូវីដ-១៩ទាំងស្រុងដែរ។

មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអោយដឹងបន្ថែមថា សម្រាប់ខ្លឹមសារសំនាន់នៃកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃនេះ គឺបានពិភាក្សានិងពិគ្រោះយោបល់អំពីយុទ្ធសាស្រ្ត និងផែនការធ្វើលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនប្រជាជនកម្ពុជាឱ្យបានលឿន និងឆាប់រហ័សសមល្មមនឹងតម្រូវការកម្ពុជា ដោយធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពព្រមទាំងឱ្យមានភាពឆ្លើយឆ្លងគ្នា ទៅនឹងផែនការចាក់វ៉ាក់សាំងផងដែរ ព្រោះវ៉ាក់សាំងដែលទិញមកហើយ មិនអាចទុកយូរពេកបាននោះទេ។

អង្គប្រជុំក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការកំណត់គោលការណ៍ទិញ និងបែងចែក ព្រមទាំងបរិមាណវ៉ាក់សាំង ទាំងសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ (emergency use) និងទាំងសម្រាប់ការប្រើប្រាស់ជាទូទៅ (general vaccine roll out)។

កិច្ចប្រជុំក៏បានពិនិត្យលក្ខណៈសម្បត្តិ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុនមួយចំនួន ដែលមានសក្តានុពល ក្នុងការទទួលបាននូវការទទួលស្គាល់ពីអង្គការ WHO ក្នុងពេលឆាប់ៗខាងមុខនេះ និងវាយតម្លៃអំពីជម្រើសវ៉ាក់សាំង ដែលមានភាពសមស្របសម្រាប់លក្ខណៈសម្បត្តិ និងការប្រើប្រាស់នៅកម្ពុជាផងដែរ។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីផែនការសកម្មភាពរបស់ក្រុមការងារ និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដើម្បីឈានទៅអនុវត្តផែនការយុទ្ធសាស្ត្រនៃការទិញ និងការចាក់វ៉ាក់សាំងបានលឿនទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បន្ថែមលើនេះបានពិភាក្សាផងដែរ អំពីហិរញ្ញប្បទាន និងជម្រើសនានា ក្នុងការប្រើប្រាស់ពីគ្រប់ប្រភពហិរញ្ញប្បទានទាំងអស់ ដែលមានសម្រាប់គាំទ្រ ដល់ការធ្វើលទ្ធកម្មទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ និងការសម្រេចរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here