ដោយ៖ សាវុធ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនេះ ត្រូវបានឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។
ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
លោករដ្ឋមន្ត្រីប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។
ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។
លោកបានគូសបញ្ជាក់ថា “ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ”។
ក្រុមហ៊ុន Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕