តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមវិនិយោគិនរំពឹងថា ធនាគារកណ្តាលអាមេរិកអាចបញ្ចុះអត្រាការប្រាក់នៅសប្តាហ៍នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការថាមពល។

ជាមួយគ្នានេះ បណ្តាអ្នកវិនិយោគក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃហានិភ័យភូមិសាស្ត្រនយោបាយ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី និងវេណេស៊ុយអេឡា។

ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប កំពុងពិភាក្សាគ្នា ដើម្បីហាមឃាត់សេវាដឹកជញ្ជូនតាមផ្លូវសមុទ្រទាំងស្រុងចំពោះការលក់ប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហាខាងលើ បានទម្លាយប្រាប់កាសែត Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សហរដ្ឋអាមេរិកក៏បានបង្កើនសម្ពាធលើប្រទេសវេណេស៊ុយអេឡា ដែលជាសមាជិកមួយនៃអង្គការប្រទេសនាំចេញប្រេង(OPEC) ដោយបានវាយប្រហារលើទូក ដែលអាមេរិកអះអាងថា កំពុងព្យាយាមរត់ពន្ធគ្រឿងញៀនខុសច្បាប់ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់សកម្មភាពយោធាដើម្បីផ្តួលរំលំលោកប្រធានាធិបតី Nicolas Maduro។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩សេនដល់៦៣,៨៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0321 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៨សេនដល់៦០,១៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here