ហានិភ័យ! ចំនួនអាផាតម៉ិនដែលត្រូវបានរឹបអូសដោយធនាគារនៅចិនអាចកើនឡើងដល់ជាង២,៤លានយូនីតនៅឆ្នាំ២០២៧

ដោយ: សហសេវិក

អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្សUBS របស់ស្វីសបានព្យា​ករណ៍ថា ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ និងសេដ្ឋកិច្ចនៅប្រទេសចិន អាចជំរុញឱ្យមានការកើនឡើង នៃការខកខានទូទាត់សងប្រាក់កម្ចី និងចំនួនផ្ទះដែលត្រូវបានរឹបអូស។

លោក John Lam ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យចិននៅធនាគារUBS បានអះអាងថា ចំនួនអាផាតម៉ិន ដែលត្រូវបានរឹបអូសដោយធនាគារ អាចកើនឡើងដល់ជាង២,៤លានយូនីត នៅត្រឹមឆ្នាំ២០២៧ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកLam បានលើកឡើងថា ការប្រកាសដាក់លក់ផ្ទះដែលត្រូវបានរឹបអូសទាំងនេះ អាចជះផលប៉ះពាល់ដល់ការលក់ផ្ទះថ្មី នៅ  ប្រ​ទេសចិន ប្រហែលមួយភាគបួនជារៀងរាល់ឆ្នាំ និងធ្វើឱ្យតម្លៃផ្ទះប្រភេទទី២ ធ្លាក់ចុះបន្ថែមទៀត ហើយនេះជាហានិភ័យចម្បងដែលយើងព្រួយបារម្ភ។

លោក Lam បានគូសបញ្ជាក់ថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥ ទំហំប្រាក់កម្ចី ដែលមិនទាន់ទូទាត់សង (outstanding loan) បានកើនឡើងដល់ចំនួន៣៦,១ទ្រីលានយ័ន (ប្រមាណ៥,១ទ្រីលានដុល្លា​រអាមេរិក)។ តួលេខនេះមានកម្រិតខ្ពស់ជាងកម្រិតមុន ពេលផ្ទុះជំងឺរាតត្បាតប្រមាណ៣ដង។

ចំនួន​ផ្ទះ ​ដែល​ត្រូវ​បាន​រឹបអូស​នឹង​កើន​ឡើង​ដល់ចំនួន៦៤០.០០០យូនីតនៅ​ចុង​ឆ្នាំ​នេះ និងបន្ត​កើនឡើង​ដល់ចំនួន១,៤៧លាន​យូនីតនៅ​ឆ្នាំ​២០២៦ ហើយនឹងកើនឡើងដល់២,៤៣លាន​យូនីតនៅ​ឆ្នាំ២០២៧។ នេះបើយោងតាមធនាគារវិនិយោគខ្នាតយក្ស ​​UBS របស់ស្វីស។

ប្រាក់កម្ចីមិនដំណើរការ(Non-performing loan) នៅក្នុងវិស័យធនាគាររបស់ប្រទេសចិន ស្ថិតក្នុងរង្វង់១,៥២ភាគរយ គិតត្រឹមចុងត្រីមាសទី៣។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាល បទប្បញ្ញត្តិហិរញ្ញវត្ថុជាតិ ដែលជាស្ថាប័នមានតួនាទីត្រួតពិនិត្យ វិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here