មន្ត្រី​ជំនាញ និង​សេដ្ឋវិទូ​ថា​កិច្ចព្រមព្រៀង​បង្កើត​ប្លុក​ដ៏​ធំថ្មី​មួយ (RCEP) នឹង​បង្កើតជា​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​របស់​ពិភពលោក

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មន្ត្រី​ជំនាញ និង​អ្នកជំនាញ​បាន​លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នឹង​បង្កើតជា​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង​ដើរតួ​ជា​កម្លាំង​ជំរុញ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ក្នុង​តំបន់។

កិច្ចព្រមព្រៀង RCEP ដែល​បាន​ផ្តួចផ្តើមឡើង ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុង​ឆ្នាំ ២០១២ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​បានស្នើ​ឡើង​រវាង​រដ្ឋ​ជា​សមាជិក​ទាំង១០របស់​អាស៊ាន ដែល​រួមមាន​ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម និង​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន៦របស់​ពួកគេ រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូ​វ​ហ្សេ​ឡែ​ន និង​ឥណ្ឌា ដែលជា​ប្រទេសមួយ​ស្ទាក់ស្ទើរ ក្នុងការ​ចូលរួម​ជាមួយ​កិច្ច​ព្រម​ព្រៀ​មួយ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ ដែល​ធ្វើឡើង​តាមរយៈ​វីដេអូ Conference កាលពី​ខែ​មុន មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ការរីកចម្រើន សម្រាប់​ការបញ្ចប់​កិច្ចចរចារ RCEP ពេញលេញ ហើយ​ទន្ទឹង​រងចាំ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ចុងឆ្នាំ២០២០ ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក ស៊ា​ង ថៃ មានប្រសាសន៍ថា នៅពេល​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​នោះ ទំនុកចិត្ត​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ក៏ដូចជា​កិច្ចការ​ផ្សេង ។

លោក​បាន​និយាយថា “សម្រាប់​ប្រទេស​កម្ពុជា យើង​ចង់ឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP ត្រូវបាន​ចុះហត្ថលេខា​លឿន​បំផុត។ លោក​បន្តថា “វា​នឹង​ក្លាយជា​កម្លាំង​ជំរុញ ក្នុងការ​ព​ន្លឿ​ន​ទំហំ​ពាណិជ្ជកម្ម​ក្នុងចំណោម​បណ្តា​ប្រទេស ដែល​បាន​ចូលរួម ហើយនឹង​ជួយ​កសាង​សេដ្ឋកិច្ច​ឡើងវិញ នៅក្នុង​តំបន់​ក្នុងកំឡុងពេល​ក្រោយ​ជំងឺ​កូ​វីដ១៩” ។

លោក​បាន​បន្តថា កិច្ចព្រមព្រៀង RCEP នេះ​នឹង​ផ្តល់នូវ​បណ្តា​ប្រទេស​ដែល​ចូលរួម​ជាមួយនឹង​ឲ្យ​ទីផ្សារ​ធំ​ជាង​មុន ហើយ​លោក​ជឿជាក់ថា តាមរយៈ​ការ​វា​កិច្ចព្រមព្រៀង​នេះ ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ដៃគូ​តំបន់​ពាណិជ្ជកម្ម​សេរី​ចំនួន​ប្រាំមួយ​នឹង​ត្រូវបាន​ពង្រីក​របស់​ខ្លួន​បន្ថែមទៀត។

លោក​បាន​មានប្រសាសន៍ថា “នៅពេលដែល​បាន​ចុះ​កិច្ចព្រមព្រៀង RCEP វា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក និង​ចំនួន​ប្រជាជន​ច្រើន​បំផុត​ផងដែរ។ បណ្តា​ប្រទេស​ទាំងអស់​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​វា” ។ លោក​បាន​បន្ថែមទៀតថា “កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​នៅក្នុង​តំបន់” ។

កិច្ចព្រមព្រៀង RCEP គ្របដណ្តប់៤៥ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក មាន៤០ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង​ប្រហែល​មួយ​ភាគបី​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ខណៈ​ប្រព័ន្ធ​ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម និង​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​មួយចំនួន នៅតែ​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​តំបន់ RCEP លោក ស៊ា​ង ថៃ និយាយថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ និង​ផ្លូវ១ ដែល​ស្នើឡើង​ដោយ​ចិន អាច​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ជួយ​ប្រទេស​ទាំងនោះ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ។

លោក​ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន Asian Vision Institute បាន​និយាយថា កិច្ចព្រមព្រៀង RCEP នឹង​ផ្តល់​កម្លាំង​ជំរុញ​សេដ្ឋកិច្ច សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​អាច​ងើប​ឡើងវិញ​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ១៩ ។

លោក​បាន​ថ្លែងថា “វា​នឹង​បង្ហាញ​សញ្ញា​ច្បាស់​មួយ​ថា សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅ​អាស៊ី​នៅតែ​រឹងមាំ និង​រស់​រវើក ទោះបីជា​ការការពារ​និយម និង​ឯកតោភាគី​និយម កំពុង​កើនឡើង​នៅក្នុង​សហរដ្ឋអាមេរិក និង​តំបន់​ផ្សេងទៀត​ក៏ដោយ” ។

លោក​បាន​និយាយថា បញ្ហា​ប្រឈម​នៅខាងមុខ រួមមាន វិធី​បញ្ចុះបញ្ចូល​ប្រជាជន​ពី​អត្ថប្រយោជន៍ ដែល​ទទួលបាន​ពី RCEP និង​វិធី​ផ្តល់​សិទ្ធិអំណាច និង​អនុញ្ញាតឱ្យ​ប្រជាជន និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​ទទួលបាន​អត្ថប្រយោជន៍​ស្មើគ្នា ពី​ការរៀបចំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ។

លោក​បាន​សង្កត់ធ្ងន់ថា “ក្រុមហ៊ុន​សាជីវកម្ម​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​ត្រូវតែ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី RCEP” ។

លោក​វណ្ណា​រិ​ទ្ធិ បាន​មានប្រសាសន៍ថា វា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការកសាង​ភាពស៊ីចង្វាក់​គ្នា​រវាង RCEP និង​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់​ផ្សេងទៀត ដូចជា គម្រោង​ក្រវ៉ាត់១ និង​ផ្លូវ១ (BRI) ។ គម្រោង BRI បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ការអភិវឌ្ឍន៍ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់ ក្នុង​ការគាំទ្រ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការវិនិយោគ។

លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​មានប្រសាសន៍ថា កិច្ច RCEP ពិតជា​នឹងមាន​សារៈសំខាន់​យ៉ាងខ្លាំង នៅពេលដែល​សេដ្ឋកិច្ចពិភពលោក​បាត់បង់​តុល្យភាព​របស់ខ្លួន ដោយសារ​ជំងឺ​រាតត្បាត ការ​គាំពារ​និយម និង​ឯកតោភាគី​និយម។

លោក​បាន​ថ្លែងថា “នៅក្នុង​បរិបទ​បច្ចុប្បន្ន​កិច្ចព្រមព្រៀង RCEP គឺមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី។ បណ្តា​ប្រទេស​នៅ​អាស៊ី​ត្រូវតែ​នៅ​ជាមួយគ្នា ដើម្បី​រស់​និង​រីកចម្រើន​ទាំងអស់។លោក​បន្តថា “វា​ជា​គោលនយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​ថែរក្សា​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ RCEP សម្រាប់​ផលប្រយោជន៍​រយៈពេល​វែង​ដល់​ប្រទេស​ទាំងអស់​ដែល​ចូលរួម” ។

លោក​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP នឹង​ផ្តល់ឱកាស​ជាច្រើន​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​របស់ខ្លួន ជាមួយ​ប្រទេស​សមាជិក​ដទៃទៀត។ ទន្ទឹមនឹងនេះ​លោក​បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា​ត្រូវតែ​ខិតខំ​ដើម្បី​ចាប់យក​ឱកាស​ទាំងនេះ។

លោក​កល្យាណ​បាន​មានប្រសាសន៍ថា គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) នឹង​ជួយ​ប្រទេស​កម្ពុជា​អភិវឌ្ឍ ប្រព័ន្ធ​ភស្តុភារ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ព​ន្លឿ​ន​ឧស្សាហូបនីយកម្ម ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រកួតប្រជែង​របស់​កម្ពុជា នាពេល​អនាគត។

លោក​បាន​មានប្រសាសន៍ថា “គម្រោង BRI គឺជា​ឧបករណ៍​សម្រាប់​ភ្ជាប់​បណ្តា​ប្រទេស​ដែល​ចូលរួម​ជាមួយ​ប្រទេស​ចិន ហើយ​នៅក្នុង​ប្រទេសនីមួយៗ ប្រព័ន្ធ​ដឹកជញ្ជូន​ភស្តុភារ ត្រូវតែមាន​ភាពប្រសើរ​ឡើង។ សម្រាប់​ប្រទេស​កម្ពុជា ត្រូវការ​ការកែលំអ​ផ្នែក​ភស្តុភារ​ផ្ទៃក្នុង​របស់ខ្លួន​ឱ្យបាន​ច្រើន” ។

លោក Joseph Matthews សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា គ្មាន​អ្វីដែល​គួរឱ្យ​ងឿងឆ្ងល់​ទេ​ថា RCEP នឹង​ក្លាយជា​ផ្នែក​មួយ នៃ​ការរៀបចំ​ពាណិជ្ជកម្ម​សេរី ក្នុង​តំបន់​ដ៏​សំខាន់បំផុត​នៅលើ​ពិភពលោក។

លោក​បាន​ថ្លែងថា “តាម​ទស្សនៈ​របស់ខ្ញុំ កិច្ចព្រមព្រៀង RCEP នឹង​ត្រូវបាន​ពង្រីក​យ៉ាងខ្លាំង ព្រោះ​វា​មាន​សក្តានុពល​ហើយនឹង​ដើរតួ​ជា​កម្លាំង​ជំរុញ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅក្នុង​ប្លុក​អាស៊ាន និង​តំបន់​ដ៏ទៃទៀត” ។

លោក​បាន​មានប្រសាសន៍ថា បណ្តា​ប្រទេស​ជា​ដៃគូ RCEP ចាំបាច់​ត្រូវតែ​ប្រកាន់​តំបន់​និយម​ដែល​បើកចំហ និង​តស៊ូ​មតិ​នៃ​ពហុភាគី​និយម ចំពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ភាពមិនប្រាកដប្រជា។

លោក Matthews បាន​មានប្រសាសន៍ថា “មេដឹកនាំ​អាស៊ាន​បាន​ប្រកាន់​ជំហរ​ច្បាស់លាស់ និង​រួបរួម​ប្រឆាំងនឹង​គោលនយោបាយ​គាំពារ​និយម ដោយ​ជំរុញ​ទៅមុខ​ជាមួយនឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ក្នុង​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ។ លោក​បន្ថែមថា “ការដកថយ​របស់​ស​ហ​រដ្ឋ​អាមេរិក​ពី​ប្រព័ន្ធ​ពហុភាគី បាន​ជះឥទ្ធិពល​ដល់​តួនាទី ឥទ្ធិពល និង​រូបភាព​របស់ខ្លួន​នៅក្នុង​តំបន់” ។

លោក​បាន​មានប្រសាសន៍ថា ការលើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភា គី​បើកចំហ ជាពិសេស​ការបញ្ចប់ RCEP គឺមាន​សារៈសំខាន់​ក្នុងការ​រក្សា​នូវ​សក្ដានុពល នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់។

សាស្ត្រាចារ្យ​រូបនេះ​បាន​បន្ថែមទៀតថា RCEP នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​លំហូរ​ទំនិញ និង​សេវាកម្ម​នៅក្នុង​តំបន់ ប៉ុន្តែ​បញ្ហា​ប្រឈម​ធំ​បំផុត​គឺ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​ដូចជា​កម្ពុជា ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា។

លោក​បាន​មានប្រសាសន៍ថា “នៅទីនេះ គម្រោង BRI អាច​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ប្លុក​នេះ។ ប្រសិនបើ​គ្មាន​ការទំនាក់ទំនង និង​ការតភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព​ទេ កិច្ចព្រមព្រៀង​RCEP មិនអាច​រីកចម្រើន​បានទេ ហើយ​សក្តានុពល​សេដ្ឋកិច្ច​ក៏​មិនអាច​ត្រូវបាន​ប្រើប្រាស់​ដោយ​បណ្តា​ប្រទេស​ជា​ដៃគូ” ។

លោក​បន្ថែមថា “ការចូលរួម​របស់​គ​ម្រោ​ង BRI ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើន​សមត្ថភាព​ដឹក​ជ​ញ្ចូ​ន​ក្នុង​តំបន់​គឺជា​តម្រូវការ សម្រាប់​វឌ្ឍនភាព​បន្ថែមទៀត​នៅក្នុង​ប្លុក​នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here