ក្រុមហ៊ុន​ខ្មែរ និង​កូរ៉េ​គ្រោង​បោះទុន ៣០លាន​ដុល្លារ បង្កើត​តំបន់​ក​សិ​ទេសចរណ៍នៅ​ខេត្តកំពង់ធំ

ដោយៈ​វ​ឌ្ឈ​នា

កំពង់ធំៈ ក្រុមហ៊ុន​កូរ៉េ I LAON D&C Co., LTD. ដ៏​ធំ​មួយ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ KASING CO.,LTD.គ្រោង​បោះទុន​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក សម្រាប់ បង្កើត​ក​សិ​ទេសចរណ៍​លើ​ផ្ទៃដី​ជាង៥០០ហិច​តា នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​បែប​ទេសចរណ៍ និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ហង្ស សុធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​KASING CO,.LTD. ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​បង្កើត​តំបន់​ក​សិ​ទេសចរណ៍​ថ្មី​នេះ ត្រូវបានធ្វើ​ឡើងជា​លក្ខ​ណៈ​ទេសចរណ៍​បែប​កសិកម្ម ដែល​អាច​នឹង​មានការ​រៀបចំ ជា​ដំណើរ​កម្សាន្ត​នៅ​ដើមឆ្នាំ២០២១ ក្នុង​ការនាំ​ទេសចរ​ក្នុងស្រុក​ទៅ​កម្សាន្ត និង​ចូលទៅ​មើល​ដល់​ក្នុង​ចម្ការផ្សេងៗ របស់​ពលរដ្ឋ​ក៏ដូចជា​សហគមន៍​ផងដែរ។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា  ក៏​អាច​មកលេង​កម្សាន្ត​នៅក្នុង​តំបន់​ក​សិ​ទេសចរណ៍ ហើយ​ភ្ជាប់​ជាមួយ​ការចូលទៅ​ទស្សនា​ចម្ការ របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ថែមទៀត  ហើយ​អ្នកទេសចរ​អាច​ទិញ​ផ្ទាល់ នូវ​ផលិតផល​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​បាន​ផងដែរ” ។

លោក​សុធី​បន្ថែមថា ក្រុមហ៊ុន I LAON D&C Co., LTD. គឺជា​ក្រុមហ៊ុន​វិនិយោគិន​ដ៏​ធំរ​ប់ស​ប្រទេស​កូរ៉េ គ្រោង​ចំណាយ​ថវិកា៣០លាន​ដុល្លារ ក្នុងការ​សាងសង់​រោង​ចក្រ​ផលិត​ជី និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ ដែល​ការសាងសង់​នឹង​ចាប់ផ្តើម នៅ​ចុងឆ្នាំ២០២១ ។

លោក​សុធី បញ្ជាក់ទៀតថា គោលបំណង​សំខាន់ ក្នុងការ​កែច្នៃ​បង្កើត​ឲ្យ​មាន​តំបន់​ក​សិ​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប ទៅ​ប្រជាពលរដ្ឋ​ជា​អ្នកទេសចរ​ក្នុងស្រុក ដែល​ទៅលេង​កម្សាន្ត​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក តំបន់ភ្នំ​សន្ទុក ទឹកធ្លាក់​ធ្នួ​ស​តា​ព្រហ្ម និង​តំបន់ផ្សេងៗទៀត​ក្នុង​ខេត្តកំពង់ធំ ឆ្លងកាត់​តំបន់​ក​សិ​ទេសចរណ៍ អាច​ចូល​ទិញ​ផ្លែឈើ ឬ​បន្លែផ្សេងៗ ត្រឡប់ទៅផ្ទះ​វិញ។

គម្រោង​ដែល​ផ្តោតលើ​វិស័យ​កសិកម្ម និង​ក​សិ​ទេសចរ​ណ៏​នេះ​មាន​ដាំ​ដំណាំ​មួយចំនួន​ដូចជា  ស្វាយ ដូង ពោត សណ្តែក និង​បង្កើត​រោងចក្រ​ផលិត​ជី និង​រោងចក្រ​កែឆ្នៃ​ផ្លែស្វាយ បង្កើត​តំបន់​ទេសចរណ៍ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម និង​ជំរុញ​ឲ្យ​មានការ​កែឆ្នៃ​ទិន្នផល​កសិកម្ម​ឱ្យទៅជា ផលិតផល​សម្រេច ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ឈានទៅរក​ការនាំ​ចេញទៅ​ក្រៅប្រទេស ព្រមទាំង​ជួយ​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បញ្ចៀស​ការធ្វើ​ចំណាកស្រុក​ផងដែរ។

លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ ធ្លាប់បាន​មានប្រសាសន៍​បាន​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​ទាំងអស់ មិន​ថា​វិស័យ​ទេសចរណ៍ កសិកម្ម  និង​គម្រោងផ្សេងៗទៀត​នោះទេ ឱ្យតែ​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ។

លោក​បន្តថា  “ខេត្ត​កំពង់​កាលពីមុន ភ្ញៀវ​ទេសចរណ៍​ហួស​មក​ហួស ប៉ុន្តែ​បច្ចុប្បន្ននេះ​មិន​ដូច្នោះ​ឡើយ ខេត្ត​មាន​តំបន់​ទេសចរណ៍​ច្រើន និង​មាន​សក្តានុពល​ខ្ពស់​លើ​ការវិនិយោគ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here