ការសិក្សាថ្មី: តើសុខភាពនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញមានការប្រែប្រួលសំខាន់ៗអ្វីខ្លះនៅត្រីមាសទី៣?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនCBRE Cambodia បានចេញផ្សាយរបាយការណ៍វាយតម្លៃសុខភាព នៃទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយរួមមាន ការិយាល័យ ការលក់រាយ លំនៅដ្ឋាន និងសណ្ឋាគារ។

ទី១: ការិយាល័យ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្គត់ផ្គង់អគារការិយាល័យកម្រិតA ថ្មីក្នុងត្រីមាសទី៣ រួមមាន អគារ FTB Tower ក្នុងខណ្ឌ៧មករា  អគារ Royal Group Central ក្នុងខណ្ឌដូនពេញ និងអគារ GDT Tower ក្នុងខណ្ឌជ្រោយចង្វារ។

 

នៅត្រីមាសទី៣ អត្រាគ្របដណ្តប់ការប្រើប្រាស់ ការជួលការិយា​ល័យ នៅរាជធានីភ្នំពេញបានកើនឡើង០,៩ភាគរយ ធៀបនឹងត្រីមាសទី២ ដល់៦៤,៩ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិត A បានស្ថិតនៅទ្រឹងត្រឹមប្រមាណ២៩,៣៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី២: ការលក់រាយ

ចំនួនម៉ាកយីហោ ដែលបានពង្រីកទីតាំងអាជីវកម្ម ក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់ចំនួន១២ម៉ាកយីហោ នៅក្នុងត្រីមាសទី៣ បើធៀបនឹង៦ម៉ាកយីហោក្នុងត្រីមាសទី២។

ចំនួនម៉ាកយីហោថ្មី ដែលបានឈានជើងចូលបើកទីតាំងអាជីវកម្មក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់ចំនួន៣៥ម៉ាកយីហោ នៅក្នុងត្រីមាសទី៣ បើធៀបនឹង១២ម៉ាកយីហោក្នុងត្រីមាសទី២។

អត្រាគ្របដណ្តប់ការប្រើប្រាស់ ទីតាំងលក់រាយនៅរាជធានីភ្នំពេញ បានកើនឡើង០,៦ភាគរយ ធៀបនឹងត្រីមាសទី២ ដល់ចំនួន៥៩,២ភាគរយក្នុងត្រីមាសទី៣។ យ៉ាងណាមិញ តម្លៃជួលទីតាំងលក់រាយនៅតាមផ្សារទំនើប(Shopping mall) បានធ្លាក់ចុះ១,៤ភាគរយធៀបនឹងត្រីមាសទី២ មកនៅត្រឹមប្រមាណ៣២ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣។

ទី៣: លំនៅដ្ឋាន

គម្រោងខុនដូ ដែលបានបើកដំណើរការក្នុងត្រីមាសទី៣ រួមមាន គម្រោងខុនដូ Arakawa Residence Il និងគម្រោងខុនដូពិភពថ្មីចំការដូង ស្ថិតក្នុងខណ្ឌដង្កោដូចគ្នា។

គម្រោងទាំង២នេះ ជាខុនដូតម្លៃសមរម្យ ដែលមានខុនដូសរុបជាង១.២០០យូនីត។ គម្រោងខុនដូ ដែលបានបញ្ចប់ការសាងសង់ក្នុងត្រីមាសទី៣ រួមមានគម្រោងខុនដូ  Urban Village ដំណាក់កាលទី២ និងគម្រោងខុនដូCrown Towers។

តម្លៃខុនដូប្រណីត(High-end) ជាមធ្យមបានកើនឡើង០,៨ភាគរយធៀបនឹងត្រីមាសទី២ ដល់ប្រមាណ៣.១២៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃខុនដូលំដាប់ Mid-range បានកើនឡើង០,៩ភាគរយ ដល់ជាង២.២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែកគម្រោងបុរី ដែលបានបើកដំណើរការក្នុងត្រីមាសទី៣ រួមមាន បុរី HN Urban Villa បុរី Borey Reach បុរី The Project AEK បុរីប៉េងហួត The Star Mera និងបុរី Norea Square ដំណាក់កាលទី៣។

តម្លៃវីឡាទោល ជាមធ្យមបានកើនឡើង១,២ភាគរយ ដល់ប្រមាណ១.៧៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ខណៈតម្លៃវីឡាភ្លោះជាមធ្យម បានស្ថិតនៅទ្រឹងត្រឹមប្រមាណ១.២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ផ្ទុយទៅវិញ តម្លៃផ្ទះអាជីវកម្មជាមធ្យម(Shophouse) បានធ្លាក់ចុះ០,៤ភាគរយ មកនៅត្រឹមប្រមាណ១.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ទី៤: សណ្ឋាគារ

គម្រោងសណ្ឋាគារ ដែលបានបញ្ចប់ការសាងសង់ និងបើកដំណើ​រការក្នុងត្រីមាសទី៣ រួមមានសណ្ឋាគារ Soma Hotel Riverside ក្នុងខណ្ឌដូនពេញ សណ្ឋាគារ Bassac Signature និងសណ្ឋាគារ Hotel 101 ក្នុងខណ្ឌចំការមន។

តម្លៃបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាមធ្យមបានកើនឡើងតិចតួចបំផុតដល់៤០០ដុល្លារអាមេរិក ក្នុងមួយយប់នៅត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ខណៈតម្លៃបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ ជាមធ្យមបានស្ថិតនៅទ្រឹងត្រឹម១០០ដុល្លារអាមេរិកក្នុងមួយយប់៕ប្រភព: CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here