
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអគារការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)នៅប្រទេសសិង្ហបុរីបានកើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ខណៈការផ្គត់ផ្គង់ថ្មីនៅមានកម្រិត និងភាពរឹងមាំនៃតម្រូវការជួលអគារដែលមានគុណភាពខ្ពស់។
ចាប់ពីខែកក្កដាដល់ខែកញ្ញា តម្លៃជួលការិយាល័យកម្រិត A បានកើនឡើង១,៣ភាគរយដល់១១,៨៣ដុល្លារសិង្ហបុរី(ប្រមាណ៩,១៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។
តួលេខខាងលើ ជាអត្រាកំណើនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦ត្រីមាសកន្លងមក។នេះបើយោងតាមទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យJLL។
តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាលរបស់សិង្ហបុរីបានកើនឡើង០,៦ភាគរយនៅត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៥ បន្ទាប់ពីបានកើនឡើង០,៤ភាគរយនៅក្នុងត្រីមាសទី៤ និងបានស្ថិតនៅទ្រឹងនៅត្រីមាសទី៣ ឆ្នាំមុន។
លោក Chua Yang Liang ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សារបស់ក្រុមហ៊ុន JLL ទទួលបន្ទុកតំបន់អាស៊ាន បានអះអាងថា ទីផ្សារការិយាល័យសិង្ហបុរីបាននិងកំពុងមានដំណើរការយ៉ាងល្អប្រសើរ ដោយសារមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ និងបរិយាកាសអត្រាការប្រាក់អំណោយផល។
លោកបានបញ្ជាក់បន្ថែមថា កំណើននេះត្រូវបានជំរុញដោយការថយចុះនៃភាពតានតឹងពាណិជ្ជកម្មសកល និងភាពរឹងមាំនៃតម្រូវការជួលការិយាល័យដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុឌីជីថល៕ប្រភព: The Business Times៕








