ដោយៈ ម៉ាណេត
ភ្នំពេញៈ កម្ពុជាបាននាំចេញស្វាយស្រស់ បានចំនួន ៩៤៥.២៧៤,៤៤តោន គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខណៈការនាំចេញស្វាយរបស់កម្ពុជា មានតម្លៃសរុបជាង៤៧០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បឋមស្តីពី វឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន៦មុខ ក្នុងឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្មីៗនេះ។
ដោយផ្អែកលើស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ បានពិនិត្យឃើញពីវឌ្ឍនភាព នៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន៦មុខ រួមមានដំណាំស្វាយ បានបង្ហាញថា ផ្ទៃដីដាំដុះស្វាយមានចំនួន ១២៦.៦៦៨ហិកតា ខណៈផ្ទៃដីប្រមូលផលចំនួន ៩១.១០៤ហិកតា។
ទិន្នផលស្វាយជាមធ្យម ទទូលបាន ១៥.៣៧៧តោន/ហិកតា/រដូវ ហើយបរិមាណផលប្រមាណ ១.៤០០.៩១៤តោន ក្នុងមួយរដូវ។
របាយការណ៍បានឱ្យដឹងទៀតថា “បរិមាណនាំចេញស្វាយស្រស់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៤៥.២៧៤,៤៤តោន ដោយតម្លៃប៉ាន់ស្មានសរុបមានចំនួនប្រមាណជា៤៧៣.២០៧.៧០០ដុល្លារ” ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រសួងកសិកម្មមិនបង្ហាញទិសដៅ នាំចេញស្វាយរបស់កម្ពុជានោះទេ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់មានប្រសាសន៍ថា ការនាំស្វាយស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាប់មានរួចមកហើយ តាមរយៈក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនក្នុងស្រុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ហើយរហូតនាំយកទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកានើទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជានៅពេលនេះ វាគឺជាលើកដំបូង ហើយក៏ជាបទពិសោធន៍ថ្មីផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា “ប្រសិនបើការនាំចេញលើកដំបូងនេះ ទទួលបានលទ្ធផលល្អ វានឹងក្លាយជាចលករថ្មីជួយជំរុញ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បន្ថែមទៀត ហើយកាន់តែល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបង្កើនផលលើដំណាំស្វាយ និងកំពុងមានឧបសគ្គទីផ្សារនាពេលបច្ចុប្បន្ន” ។
ក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននាំចេញមានចំនួន៤៧ ក្រុមហ៊ុន និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ មានចំនួន៤៨ (ក្រុមហ៊ុន៣៣ សហគមន៍ចំនួន៣ និងម្ចាស់ចម្ការ១២) ។
ការប៉ាន់ស្មានផ្ទៃផលិតកម្មឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៣៥.៥០០ហិកតា កើនប្រមាណ៧% ៕