រដ្ឋាភិបាលដាក់ចេញកម្មវិធីលើកកម្ពស់វិស័យSMEs ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ដោយ៖ សាវុធ

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមចំនួន១២៥ នឹងទទួលបានថវិកាជំនួយ និងការបណ្តុះបណ្តាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិយោគក្នុងទឹកប្រាក់ចំនួន៥០០.០០០ដុល្លារអាមេរិក ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ នេះបើយោតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២០។

មូលនិធិនេះនឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលបណ្តុះគំនិតអាជីវកម្ម និងគំនិតផ្តួចផ្តើមបែបវានុវត្តន៍ និង កម្មវិធីផ្តល់ថវិកាគាំទ្រខ្នាតតូចរយៈពេល៦ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការផ្លាស់ប្តូទៅ ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល និងសេវាកម្មគាប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួន ដែលលក់ផលិតផល និងសេវាកម្ម ទៅឱ្យអតិថិជននៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ ( B2D2C Marketplace) ដែលកំពុងបង្កើតឡើង ដោយក្រសួងពាណិជ្ជកម្ម។

ចំនួនកូតាត្រូវបានកំណត់ និងបម្រុងទុកសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់កម្មសិទ្ធិជាស្ត្រី និងយុវជន និងសហគ្រាស ដែលមានទីតាំងស្ថិតនៅខាងក្រៅទីក្រុងភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើត និងអនុវត្តរួម ដោយក្រសួងពាណិជ្ជកម្ម (MOC) និង UNDP ដែលជាសមាស ភាគមួយដ៏សំខាន់ នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ហៅថា Go4eCAM ដែលមានគោលបំណង ក្នុងការបង្កើនឱកាសទាំងក្នុងស្រុក និងអន្តរជាតិជល់សហគ្រាសធុនតូច និងមធ្យម តាមរយៈគំនិតផ្តួចផ្តើមឌីជីថលភាវូបឌីយកម្ម ដើម្បីបង្កើតការងារថ្មីឱ្យបានច្រើជាង ១០.០០០ ត្រឹមឆ្នាំ២០២២ ដែលជាគោលដៅគម្រោង Go4eCAM។

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងទសវត្សចុងក្រោយនេះ ហើយការគាំទ្របន្តែមទាំងនេះត្រូវបានផ្តល់ក្នុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានជំរុញឱ្យអាជីវកម្មកាន់តែច្រើន ងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម ត្រូវបានចាត់ទុកថាមានតួនាទីសំខាន់ ដើម្បីជួយឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានពេញលេញឆាប់រហ័ស និងប្រកបដោយចីរភាពសម្រាប់កម្ពុជា។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានពន្លឿនកិច្ចខិតខំប្រឹងប្រែងសំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើធ្វើពាណិជ្ជកម្ម ប្រព័ន្ធអេឡិចត្រូនិក និងក្របខ័ណ្ឌគតិយុត្ត ដែលគ្រប់គ្រងលើការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដូចជាការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក កាលពីឆ្នាំ២០១៩ អនុក្រឹត្យសម្រួលដល់ការចុះបញ្ជីអាជីវកម្ម ដែលផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ក្នុងន័យការពារសិទ្ធិអ្នកទិញទំនិញតាមប្រព័ន្ធអនឡាញ និងអាជីវកម្មនានា ក៏ដូចជាយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលទើបតែបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here