ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន Juwai IQI បានឱ្យដឹងថា ជនបរទេសកំពុងជំរុញទំហំទឹកប្រាក់ប្រហែល១៩,៩៥ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ ខណៈប្រទេសនេះបន្តបើកចំហទីផ្សារអចលនទ្រព្យរបស់ខ្លួនចំពោះជនបរទេស។
ការសាកសួរព័ត៌មានអំពីទីផ្សារអចលនទ្រព្យនៅម៉ាឡេសុីដោយជនបរទេសបានហក់ឡើង៥២,៥ភាគរយនៅឆ្នាំនេះ ដោយសារកំណើននៃការមកដល់របស់ជនបរទេស ហើយចំនួននិស្សិតអន្តរជាតិបានកើនឡើងជិត២ដងក្នុងរយៈពេល៣ឆ្នាំកន្លងមក។
ចំនួនអ្នកកាន់លិខិតឆ្លងដែន Malaysia My Second Home (MM2H) កំពុងហក់ឡើងដល់កម្រិតខ្ពស់ថ្មី។ លោក Kashif Ansari Juwai IQI សហស្ថាបនិកក្រុមហ៊ុន Juwai IQI បានអះអាងថា ភាពបើកចំហរបស់ម៉ាឡេស៊ីកំពុងទទួលបានផលចំណេញត្រឡប់មកវិញ ដែលខុសផ្ទុយស្រឡះនឹងការរឹតបន្តឹងនៅប្រទេសនានា ដូចជាកូរ៉េខាងត្បូង កាណាដា អូស្ត្រាលី និងសិង្ហបុរី។
ប្រទេសកូរ៉េខាងត្បូងបានដាក់បម្រាមលើការទិញផ្ទះដោយជនបរទេសកាលពីប៉ុន្មានសប្តាហ៍មុន ខណៈប្រទេសកាណាដាបានប្រកាសហាមឃាត់ការទិញផ្ទះដោយជនបរទេសរហូតដល់ឆ្នាំ២០២៧។
ទន្ទឹមនឹងនោះ អូស្ត្រាលីបានហាមឃាត់ជនបរទេសមិនឱ្យទិញផ្ទះ ហើយរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា រដ្ឋ Florida និងរដ្ឋតិចសាស់ បានអនុម័តបម្រាមថ្មីដើម្បីរឹតបន្តឹងការទិញផ្ទះ និងដីដោយជនបរទេសមកពីប្រទេសមួយចំនួន។
ចំណែក ប្រទេសសិង្ហបុរីបានដាក់ពន្ធប្រថាប់ត្រាក្នុងអត្រា៦០ភាគរយនៃតម្លៃផ្ទះ ដែលទិញដោយជនបរទេស។ លោក Kashif Ansari បានបន្ថែមថា ម៉ាឡេស៊ីកំពុងមានប្រៀបលើទីផ្សារពិភពលោក ខណៈបណ្តាប្រទេសនានាបានហាមឃាត់ និងរឹតបន្តឹងលើការទិញផ្ទះដោយអតិថិជនបរទេស៕ប្រភព: New Straits Times ៕









