ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Bloomberg បានចុះផ្សាយថា តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើងក្នុងរយៈពេល៧ខែជាប់គ្នា ដោយសារការកាត់បន្ថយអត្រាការប្រាក់ និងកង្វះនូវការផ្គត់ផ្គង់លំនៅដ្ឋាននៅក្នុងទីក្រុងធំៗ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality បានរាយការណ៍ថា តម្លៃផ្ទះទូទាំងប្រទេសអូស្ត្រាលីបានកើនឡើង០,៧ភាគរយកាលពីខែសីហា។ តម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង១,២ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Sydney បានកើនឡើង០,៨ភាគរយ។
ក្រុមហ៊ុន Cotality បានគូសបញ្ជាក់ថា “សន្ទុះនៃកំណើនតម្លៃផ្ទះបានកើនឡើងសន្សឹមៗ គិតចាប់តាំងពីធនាគារកណ្តាលអូស្ត្រាលី (RBA) បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនកាលពីខែកុម្ភៈ”។
ជាមួយគ្នានេះ ការដំឡើងប្រាក់ឈ្នួលពិតប្រាកដ និងភាពប្រសើរឡើងនូវទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ ក៏ជាកត្តាសំខាន់ផងដែរ។
តម្លៃលំនៅដ្ឋាននៅប្រទេសអូស្ត្រាលីជាតម្លៃថ្លៃជាងគេបំផុតមួយលើពិភពលោក។ ទន្ទឹមគ្នានឹងបញ្ហាប្រឈមនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសដាក់ចេញគោលដៅប្រកបដោយមហិច្ឆិតាក្នុងការសាងសង់ផ្ទះថ្មីឱ្យបានចំនួន១,២លានយូនីតនៅត្រឹមឆ្នាំ២០២៩។
តម្លៃផ្ទះទូទាំងប្រទេសនេះបានកើនឡើង១,៨ភាគរយក្នុងរយៈពេល៣ខែចុងក្រោយ ដោយធ្វើឱ្យតម្លៃផ្ទះជាមធ្យមកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៨៤៨.៨៥៨ដុល្លារអូស្ត្រាលី (ប្រហែល៥៥៥.៥៥២ដុល្លារអាមេរិក)នៅក្នុងមួយយូនីត៕ប្រភព: Bloomberg៕










