វិបត្តិ៖បំណុល​របស់​រដ្ឋាភិបាល​អង់គ្លេស ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់​មាននៅ​ចុងឆ្នាំ​នេះ

ដោយៈ​សុខុម

អង់គ្លេសៈ បំណុល​របស់​រដ្ឋាភិបាល​អង់គ្លេស បាន​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈ​រដ្ឋាភិបាល​ប្រទេស​នេះ នៅតែ​បន្ត​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច អំឡុងពេល​ឆ្លង​រាតត្បាត​មេរោគ​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី២២ ធ្នូ​កន្លងមកនេះ។

ការិយាល័យ​ជាតិ​ស្ថិតិ (Office for National Statistics) របស់​អង់គ្លេស​បានបង្ហាញ​របា​យ​ការណ៍​របស់ខ្លួន​ថា បំណុល​របស់​រដ្ឋាភិបាល បាន​កើនឡើង​រហូតដល់ ៣១,៦ពាន់​លាន​ផោន (៤២,៣ ពាន់​លាន​ដុល្លារ​អាមេរិក) កាលពី​ខែ​មុន ដែលជា​តួលេខ​ខ្ពស់បំផុត​មិន​ធ្លាប់មាន។ វា​ក៏​ជា​តួលេខ​ប្រចាំខែ​ខ្ពស់បំផុត​ទី៣ ផងដែរ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៣មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខ​ដ៏​ខ្ពស់​នេះ ឆ្លុះបញ្ចាំង​ពី​គម្លាត​ចំណូល-ចំណាយ​របស់​រដ្ឋាភិបាល ដែល​មានន័យថា ចំណាយ​ធំ​ជាង​ចំណូល។

ការិយាល័យ​ជាតិ​ស្ថិតិ​បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំសារពើពន្ធ​នេះ​ចាប់ផ្ដើម​ក្នុង​ខែមេសា​មក បំណុល​របស់​រដ្ឋាភិបាល បាន​កើនឡើង​រហូតដល់ ២៤០,៩ពាន់​លាន​ផោន (៣២២ ពាន់​លាន​ដុល្លារ​អាមេរិក) ដែល​ខ្ពស់ជាង​មួយឆ្នាំ​មុន​ចំនួន១៨៨,៦ ពាន់​លាន​ផោន (២៥២ ពាន់​លាន​ដុល្លា​អាមេរិក)។

តាម​ការ​រំពឹងថា កញ្ចប់​ថវិកាជាតិ នឹងត្រូវ​អនុម័ត​នៅក្នុង​សរទរដូវ (រដូវ​ស្លឹកឈើ​ជ្រុះ) ឆ្នាំនេះ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយនឹង​លើក​ទៅធ្វើ​នៅ​ថ្ងៃទី៣ មីនា ឆ្នាំ២០២១ ខាងមុខ​ជំនួស​វិញ។

ការិយាល័យ​ទទួលខុសត្រូវ​ផ្នែក​ថវិកា (Office for Budget Responsibility) ហៅ​កាត់ OBR ដែលជា​ស្ថាប័ន​ឯករាជ្យ​បាន​ប៉ាន់ប្រមាណ​ថា បំណុល​អាច​កើន​ឡើងដល់ ៣៧២,២ ពាន់​លាន​ផោន (៤៩៧ ពាន់​លាន​ដុល្លារ​អាមេរិក) ត្រឹម​ដំណាច់ឆ្នាំ​សារពើពន្ធ​ក្នុង​ខែមីនា ឆ្នាំ២០២១ ។

ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស លោក Rishi Sunak បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់ កាលពី​ថ្ងៃ​អង្គារ ទី២២ ធ្នូ​នេះ​ថា “លោក​នឹងមិន​ចាត់វិធានការ​ណាមួយ​បែប​តក់ក្រហល់​ឡើយ” ។

លោក​បាន​បន្ថែមថា “នៅពេល​សេដ្ឋកិច្ច​របស់​យើង​ងើប​ឡើងវិញ វា​ជា​រឿង​ត្រឹមត្រូវ ដែល​យើង​គួរ​ចាត់វិធានការ​ចាំបាច់ ដើម្បី​ដាក់​ហិរញ្ញវត្ថុ​សាធារណៈ​ឱ្យ​ស្ថិតក្នុង​ជំហរ​មួយ ដែលមាន​និរន្តរភាព​ជាង​នេះ ដើម្បីឱ្យ​យើង​អាចឆ្លើយតប​បាន ទៅនឹង​វិបត្តិ​ក្នុងពេល​អនាគត​ដូចដែល​យើង​បានធ្វើ​នៅ​ឆ្នាំនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here