រដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពច្បាប់ដើម្បីកសាងទីផ្សារអាកាសចរអាស៊ានតែមួយ

        ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីសុឆន្ទៈ ក្នុងការបង្កើនការពង្រឹងប្រសិទ្ធភាពច្បាប់ ដើម្បីកសាងទីផ្សារអាកាសចរអាស៊ានតែមួយ ដើម្បីសម្រេចគោលបំណងចក្ខុ វិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ តាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ លើគ្រប់វិស័យដែលមានលក្ខណៈប្រកួតប្រជែង និងមានភាពរឹងមាំនៅក្នុងតំបន់អាស៊ាន ។

ច្បាប់នេះនឹងជួយសម្រួល និងលើកកម្ពស់សេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកាត់បន្ថយរបាំងបច្ចេកទេស នៃវិស័យអាកាសចរណ៍ដែលត្រួតគ្នា និងគ្មានប្រសិទ្ធភាព និងធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខអាកាសចរ ក្នុងកម្រិតខ្ពស់បំផុត ដែលផ្តល់ទំនុកចិត្ត ដល់សាធារណជន ក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់អាស៊ាននោះ កម្ពុជាបាននិងកំពុងកសាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពី ការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណដល់ក្រុមអាកាសយានិកនៅក្នុងតំបន់។

ច្បាប់នេះដែរ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភាកម្ពុជា លើកយកកមពិនិត្យនិងពិភាក្សា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាជិកព្រឹទ្ឋសភាបានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក នៅក្នុងអង្គប្រជុំព្រឹទ្ធសភាក៏បានឱ្យដឹងថា ក្រោយពេលដែលសេចក្តីព្រាងច្បាប់នេះ ចូលជាធរមា​ន អាកាសចរស៊ីវិលកម្ពុជាកាន់តែមានលទ្ធភាព កាន់តែទូលំទូលាយថែមទៀត ដើម្បីអនុវត្តការងារជាក់ស្តែង ជាមួយភាគីអាស៊ាន និងនាំមកនូវផលប្រយោជន៍ជាច្រើន ដូចជា ការទទួលស្គាល់ដោយស្ថានភាពពេញលេញ នៅក្នុងអាស៊ានទាំងមូល ចំពោះក្រុមអាកាសយាននិក ក៏ដូចជា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងជម្រុញកំណើនភ្ញៀវទេសចរនៅក្រោយវិបត្តិកូវីដ-១៩។

លោកបន្តថា បន្ថែមពីនេះ ច្បាប់់នេះក៏នឹងជំរុញឲ្យវិនិយោគិន មានលទ្ធភាពរាល់ការបណ្តាក់ទុនវិនិយោគ កាន់តែប្រសើរបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា លើវិស័យអាកាសចរស៊ីវិល របស់អ្នកវិនិយោគមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសចូលរួមចំណែក កាត់បន្ថយរបាំងបច្ចេកទេសជាមួយភាគីអាស៊ាន និងធានាបានកាន់តែប្រសើរ ទៅលើសន្តិសុខ និងសុវត្ថិភាពអាកាសចរបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here