ធនាគារហត្ថា ត្រៀមយុទ្ធសាស្ត្រថ្មីដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១

ដោយៈម៉ាណេត

ភ្នំពេញៈ ធនាគារហត្ថា នឹងដាក់ចេញយុទ្ធសាស្ត្រថ្មីៗ សម្រាប់ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសតាមការបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្តល់ឥណទានដល់វិស័យនានានៅកម្ពុជា។

ដោយមើលឃើញសក្តានុពល នៃវិស័យកសិកម្មនៅកម្ពុជា ធនាគារហត្ថា ដែលបានប្រកាសកម្លាយខ្លួន ដោយជោគជ័យទៅជាធនាគារពាណិជ្ជកាលពីថ្មីៗនេះ បានត្រៀ​មខ្លួនរួចជាស្រេច ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈរូបភាពសហការ និងការផ្តល់ឥណទាននានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានប្រាប់គេទំព័រ Cambodiafinancialtime.comកាលពីសប្តាហ៍មុនថា ថ្នាក់ដឹកនាំរបស់ធនាគារហត្ថា បា​នរួមគ្នារៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការបញ្ចេញផលិតផលហិរញ្ញវត្ថុថ្មី នៅលើទីផ្សារកម្ពុជា ខណៈសេដ្ឋកិច្ចកម្ពុជារំពឹងទុកថា នឹងមានកំណើនឡើងវិញនៅឆ្នាំក្រោយនេះ។

លោកឧកញ៉ាបានថ្លែងថា “យើងបានជជែកគ្នាជាមួយថ្នាក់ដឹកនាំ របស់ធនាគារ ហត្ថាសម្រាប់គម្រោងរបស់យើងនៅឆ្នាំក្រោយ ហើយយើងគិតថា សេដ្ឋកិច្ចយើងនឹងមានកំណើនឡើងវិញនៅឆ្នាំក្រោយ”។លោកឧកញ៉ាបានបន្តថា “យើងនឹងធ្វើការផ្តោតអារម្ម​ណ៍ច្រើន ទៅលើការវិនិយោគលើវិស័យកសិកម្ម។ វាមានន័យថាយើងគាំទ្រ ហើយនឹងបញ្ចេញឥណទាន លើវិស័យកសិកម្មឱ្យបានកាន់តែច្រើន ដើម្បីចូលរួមជំរុញនិងលើកកម្ពស់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាយើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្ថែមទៀតថា ឥណទានរបស់យើងបានផ្តល់​ដល់វិស័យកសិកម្មចំនួន២៦ភាគរយកាលពីឆ្នាំមុន និងអាចដំឡើងដល់៤០ភាគរយ ព្រោះយើងនឹងអាចចាប់ដៃគូជាមួយក្រុមហ៊ុន ឬស្ថាប័ន ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យក​សិកម្ម”។

បច្ចុប្បន្ននេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ បាននិងកំពុងចាត់យកប្រទេសកម្ពុជា ជាទិសដៅវិនិយោគរបស់ខ្លួន ដែលនឹងអាចបង្កើតការប្រកួតប្រជែងខ្លាំង ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជានាពេលខាងមុខ។

លោកឧកញ៉ា ហួត អៀងតុងបានលើកឡើងថា ការឈានជើងចូលក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជារបស់ស្ថាប័នអន្តរជាតិធំៗ នឹងផ្តល់ប្រយោជន៍ដលអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។

លោកឧកញ៉ាបានថ្លែងថា “កម្ពុជា ជាប្រទេសមួយកំពុងមានការអភិវឌ្ឍ ហើយយើងស្ថិតនៅក្នុងប្រទេសមួយកំពុងអភិវឌ្ឍលឿន ដូច្នេះប្រជាពលរដ្ឋចាប់ផ្តើមផ្លាស់ប្តូរពីការប្រើប្រាស់ឥណទានមិនផ្លូវការ ទៅប្រើប្រាស់ឥណទានផ្លូវការ”។លោកបន្ថែមថា “ការមានធនាគារកាន់តែច្រើនកាន់តែល្អ សម្រាប់ប្រជាពលរដ្ឋយើង ដើម្បីឱ្យគាត់អាចមានលទ្ធភាពក្នុងការជ្រើសរើស និងប្រៀបធៀបថា តើគ្រឹះស្ថានណាដែលអាចល្អសម្រាប់មុខជំនួញ និងសេចក្តីត្រូវការរបស់គាត់”។

បច្ចុប្បន្នធនាគារហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ចំនួន១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ទូទាំងប្រទេស បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗ បន្ថែមទៀតនាពេលអនាគតដ៏ខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here