ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ទីផ្សារការិយាល័យនៅចំកណ្តាលទីក្រុងតូក្យូនៃប្រទេសជប៉ុនបានជួបប្រទះបញ្ហាប្រឈម ខណៈអត្រាការិយាល័យទំនេរគ្មានអ្នកជួលបានហក់ឡើងយ៉ាងគំហុកក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
សារព័ត៌មានជប៉ុន Nikkei Asia បានលើកឡើងថា ទោះបីជាបុគ្គលិករបស់បណ្តាក្រុមហ៊ុននានាបានវិលត្រឡប់ទៅធ្វើការក្នុងការិយាល័យឡើងវិញ
ក្រោយការរឹតបន្តឹងជំងឺរាតត្បាតបានកន្លងផុតទៅយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍អគារការិយាល័យជាបន្តបន្ទាប់បាននាំឱ្យអត្រាការិយាល័យទំនេរកើនឡើង។
សម្រាប់អគារការិយាល័យធំៗនៅចំកណ្តាលទីក្រុងតូក្យូ ដែលមានទំហំផ្ទៃក្រឡាចាប់ពី១៦.៥០០ម៉ែត្រការ៉េក្នុងមួយអគារ ការិយាល័យទំនេរសរុបមានទំហំជាមធ្យមប្រហែល១៨៥.០០០ម៉ែត្រការ៉េក្នុងឆ្នាំ២០២៤ ហក់ឡើង១២ដងធៀបនឹងឆ្នាំ២០២១ និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៣។
កំណើននៃអត្រាការិយាល័យទំនេរនៅតាមអគារធំៗបានបណ្តាលមកពីកំណើននៃការផ្គត់ផ្គង់ចេញពីគម្រោងអភិវឌ្ឍន៍ជួសជុលធ្វើឱ្យអគារការិយាល័យមានស្ថានភាពប្រសើរឡើងវិញ។
យោងតាមវិទ្យាស្ថាន Xymax បានឱ្យដឹងថា “ទំហំផ្ទៃក្រឡាការិយាល័យសម្រាប់ជួលនៅតាមអគារធំៗចំកណ្តាលទីក្រុងតូក្យូត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណ២៤លានម៉ែត្រការ៉េនៅចុងឆ្នាំ២០២៥នេះ ហក់ឡើងជិត២០ភាគរយ ធៀបនឹងចុងឆ្នាំមុន។
យោងតាមក្រុមហ៊ុន Mori Trust បានឱ្យដឹងថា ការផ្គត់ផ្គង់អគារ ដែលមានទំហំការិយាល័យយ៉ាងតិច១០.០០០ម៉ែត្រការ៉េក្នុងមួយអគារ ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើង៩០ភាគរយ នៅឆ្នាំ២០២៥នេះដល់ចំនួន១,១៩លានម៉ែត្រការ៉េ៕ប្រភព: Nikkei Asia៕