ដោយ: គង់ លាងហួរ
អន្តរជាតិ: យូនីតខុនដូនៅក្នុងអគារ Park Central Towers របស់ក្រុមហ៊ុនអចលនទ្រព្យ Ayala Land ស្ថិតនៅចំកណ្តាលសង្កាត់ Makati ដែលជាតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅរដ្ឋធានីម៉ានីលក្នុងប្រទេសហ្វីលីពីនបានហក់ឡើងកប់ពពក។
យោងតាមសារព័ត៌មានហ្វីលីពីន Bilyonaryo បានចុះផ្សាយថា គិតមកទល់ពេលនេះ តម្លៃខុនដូនៅក្នុងអគារ Park Central Towers បានហក់ឡើងថ្លៃចំនួន២៥០ភាគរយ ចាប់តាំងពីបានបើកដំណើរការកាលពីឆ្នាំ២០១៦។
ដំបូងឡើយ ខុនដូនៅអគារខាងលើមានតម្លៃជាមធ្យមត្រឹមតែ២៩០.០០០ប៉េសូ(ប្រមាណ៥.២០០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែ បច្ចុប្បន្ន ខុនដូនៅអគារនេះមានតម្លៃចន្លោះពី៦៥០.០០០ប៉េសូ ទៅ៧០០.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ។
លោក David Leechiu ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants បានអះអាងថា “នេះជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទីផ្សារអចលនទ្រព្យ ទោះបីជាសេដ្ឋកិច្ចពិភពលោកជួបប្រទះបញ្ហាប្រឈមក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីផ្ទុះជំងឺរាតត្បាតក្នុងឆ្នាំ២០២០”។
បច្ចុប្បន្ន ខុនដូនៅអគារ Park Central Towers ជាប់ចំណាត់ថ្នាក់ជាខុនដូថ្លៃបំផុតទី២ នៅក្នុងប្រទេសហ្វីលីពីន។ រីឯ អគារ Horizon Homes ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានតម្លៃខុនដូចាប់ពី៧៥០.០០០ប៉េសូទៅ៨០០.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Bilyonaryo៕