ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរីបានកំណត់យកក្បាលដីនៅក្នុងតំបន់ចំនួន១១ សម្រាប់ប្រែក្លាយជាតំបន់អភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋាន ក្នុងគោលបំណងជំរុញបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន។នេះបើយោងតាមការចុះផ្សាយដោយកាសែត The Business Times។
ក្បាលដីទាំងនេះរាប់បញ្ចូលទាំងដីឡូតិ៍ស្ថិតនៅក្នុងតំបន់ចំនួន២ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដូចជាតំបន់ Toa Payoh និងតំបន់ Tampines និងជាតំបន់ប្រមូលផ្តុំដោយគម្រោងលំនៅដ្ឋានថ្មីៗ ដែលត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃខ្ពស់កប់ពពក។
ទីតាំងដីឡូដិ៍នៅក្នុងតំបន់ផ្សេងទៀត ដែលមានតម្រូវការលំនៅដ្ឋានខ្ពស់ដូចជា តំបន់ Bedok និងតំបន់ Pasir Ris ក៏ដូចជាតំបន់កំពុងអភិវឌ្ឍន៍ Tengah និងអតីតតំបន់ទីលានវាយកូនហ្គោល Keppel ក៏នឹងត្រូវបានកំណត់ឱ្យក្លាយទៅជាតំបន់គម្រោងលំនៅដ្ឋានផងដែរ។
ផែនការនេះជាផ្នែកមួយនៃផែនការមេរបស់រដ្ឋាភិបាលសិង្ហបុរី ដែលអាចផ្គត់ផ្គង់លំនៅដ្ឋានថ្មីទាំងឯកជន និងសាធារណៈសរុបប្រមាណ១២.០០០យូនីតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ក្បាលដីមួយផ្នែកនៅតំបន់អតីតទីលានវាយកូនហ្គោល Keppel នៅតាមបណ្តោយផ្លូវ Telok Blangah ត្រូវបានគេប៉ាន់ស្មានថា នឹងអាចសាងសង់ផ្ទះល្វែងសាធារណៈថ្មីចំនួន១.០០០យូនីតបន្ថែមទៀត។
ជាមួយគ្នានេះ តំបន់ជាយទីក្រុង ដូចជាតំបន់ Toa Payoh និងតំបន់ Bishan អាចនឹងទទួលបានការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានថ្មីៗឆាប់ៗនេះ។តំបន់ទាំង២ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទិញផ្ទះ ព្រោះតំបន់ទាំងនេះស្ថិតនៅជិតបណ្តាសាលារៀនល្បីៗ និងងាយស្រួលធ្វើដំណើរឆ្ពោះទៅកាន់តំបន់កណ្តាលក្រុង។
ជាក់ស្តែង គម្រោងអគារខុនដូ “The Orie” ស្ថិតក្នុងតំបន់ Toa Payoh សម្រេចបានអត្រានៃការលក់ដាច់ខុនដូចំនួន៨៦ភាគរយនៃចំនួនខុនដូសរុបទាំង៧៧៧យូនីតក្នុងរយៈពេលដ៏ខ្លី ដោយលក់ក្នុងតម្លៃជាមធ្យមចំនួន២.៧០៤ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ៕ប្រភព: The Business Times៕