ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅសម្រាប់បណ្តាអ្នកវិនិយោគសកល ដែលកំពុងស្វែងរកឱកាសធ្វើពិពិធកម្មទុនវិនិយោគ ក្រៅពីគោលដៅទាក់ទាញធំៗដូចជាប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលី។
លោក Keith Ooi នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Malaysia បានអះអាងថា អ្នកវិនិយោគបរទេសបានបង្ហាញចំណាប់អារម្មណ៍ជាថ្មីចំពោះការទិញអចលនទ្រព្យនៅម៉ាឡេសុី ជាពិសេសអ្នកវិនិយោគ ដែលកំពុងធ្វើការវាយតម្លៃឡើងវិញនូវសក្តានុពលរយៈពេលវែងក្នុងតំបន់អាស៊ាន។
យោងតាមរបាយការណ៍វិភាគទីផ្សារមូលធននៅតំបន់អាស៊ីប៉ាស៊ីហ្វិកចុងក្រោយបង្អស់របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ការវិនិយោគឆ្លងដែនក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់នេះបានកើនឡើងជាង២ដង ដល់ទំហំទឹកប្រាក់៩,៥ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាម៉ាឡេស៊ីមិនស្ថិតក្នុងចំណោមគោលដៅនៃការវិនិយោគអចលនទ្រព្យលើកំពូលតារាងក្នុងត្រីមាសទី១ យ៉ាងណាក្តី ប៉ុន្តែលោក Ooi បានកត់សម្គាល់ឃើញពីការកើនឡើងជាលំដាប់នៃការសាកសួរពីសំណាក់អ្នកវិនិយោគ។ ជាពិសេស អ្នកវិនិយោគចាប់អារម្មណ៍ខ្លាំងលើទីក្រុងគូឡាឡាំពួរ ច្រករបៀងឧស្សាហកម្មរបស់រដ្ឋ Penang និងទីផ្សារលំនៅដ្ឋានរបស់រដ្ឋ Johor។
លោកបានបន្តថា ចំណុចខ្លាំងរបស់ប្រទេសម៉ាឡេស៊ី រួមមាន ភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការដឹកជញ្ជូន និងផលិតកម្ម បូករួមទាំងតម្លៃសមរម្យ និងទីតាំងយុទ្ធសាស្ត្រក្នុងតំបន់។ ទោះជាយ៉ាងណា បញ្ហាប្រឈមនានានៅតែកើតមាន ដូចជាការប្រែប្រួលនៃតម្លៃរូបិយបណ្ណក្នុងស្រុក បទប្បញ្ញត្តិ និងការផ្គត់ផ្គង់លើសតម្រូវការ ជាពិសេសក្នុងផ្នែកលក់រាយ និងលំនៅដ្ឋាន។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យKnight Frank បានព្យាករណ៍ថា សន្ទុះនៃការវិនិយោគអចលនទ្រព្យនៅប្រទេសម៉ាឡេសុីនឹងកើនឡើងនៅឆមាសទីពីរ ឆ្នាំ២០២៥ ដោយអាស្រ័យលើស្ថិរភាពសេដ្ឋកិច្ច និងទិសដៅគោលនយោបាយរបស់រដ្ឋាភិបាល៕ប្រភព: New Straits Times៕