ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Vanke បានប្រកាសពីការខាតបង់ក្នុងទំហំទឹកប្រាក់កាន់តែធំនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ បើទោះបីជារដ្ឋបាលទីក្រុងសុិនជិនបានឈានជើងចូលគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុននេះរួចហើយយ៉ាងណាក្តី។
ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន៦,២៥ពាន់លានយ័ន (ប្រហែល៨៦០លានដុល្លារអាមេរិក) នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៥។ ការខាតបង់នេះបានកើនឡើងយ៉ាងគំហុកបើធៀបនឹងការខាតបង់ចំនួន៣៦២លានយ័នកាលពីឆ្នាំមុន។
ក្រុមហ៊ុន Vanke បានអះអាងថា ការខាតបង់បណ្តាលមកពីការធ្លាក់ចុះនៃការលក់ផ្ទះ និងការធ្លាក់ចុះនៃប្រាក់ចំណេញដុល(Profit Margin)។នេះបើយោងតាមឯកសារពីផ្សារមូលបត្រហុងកុង ដែលដកស្រង់ដោយសារព័ត៌មាន Bloomberg។
កាលពីខែមករា នាយកប្រតិបត្តិកំពូលចំនួន២រូប របស់ក្រុមហ៊ុន China Vanke បានលាលែងចេញពីមុខតំណែង ហើយមន្ត្រីមួយរូបមកពីក្រុមហ៊ុនរដ្ឋចិន Shenzhen Metro Group Co ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Vanke បានចូលកាន់តំណែងជាប្រធានក្រុមហ៊ុននេះ។
ស្ថាប័ន Bloomberg Intelligence បានព្យាករណ៍ថា ការលក់ផ្ទះរបស់ក្រុមហ៊ុន Vanke អាចនឹងដាំក្បាលចុះ៣០ភាគរយនៅឆ្នាំ២០២៥នេះ ដោយសារការថយចុះនូវទំនុកចិត្តរបស់អ្នកទិញផ្ទះ ហើយការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗមានចំនួនតិច។
លោកស្រី Kristy Hung អ្នកវិភាគនៅស្ថាប័ន Bloomberg Intelligence បានព្យាករណ៍ថា ទំហំប្រាក់ចំណូលពីការលក់លំនៅដ្ឋានរបស់ក្រុមហ៊ុន China Vanke នៅឆ្នាំ២០២៥នេះ នឹងដាំក្បាលចុះចំនួន៧៤ពាន់់លានយ័នបើធៀបនឹងឆ្នាំមុន ដែលការណ៍នេះនឹងធ្វើឱ្យវិបត្តិសាច់ប្រាក់កាន់តែមានសភាពធ្ងន់ធ្ងរ”៕ប្រភព: Bloomberg ៕